ក្រោម​ការដឹកនាំ​ដ៏ប៉ិនប្រសប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ការ​គ្រប់គ្រង​ក៏ដូចជា​កិច្ចខិតខំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ដល់​ពលរដ្ឋ​តាមរយៈ ​«​យុទ្ធសាស្ត្រ​ផ្កា​រីក​» បាន​ធ្វើឱ្យ​កម្ពុជា​សម្រេច​បាន​ជោគជ័យ​ និង​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា​ឆ្នាំមុន​។

ជាមួយ​នឹង​លទ្ធផល​ជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ​(​គ.វ.ក​ ១៩) បាន​រៀបរៀង​ឡើង​នូវ​សៀវភៅ​ ១​ ក្បាល​ក្រោម​ចំណងជើង​ថា​ «​ធ្វើដំណើរ​ជាង​ ២៥ ០០០ ​គីឡូម៉ែត្រ​» «​បេសកកម្ម​មិន​អាច​ទៅរួច បាន​ក្លាយជា​បេសកកម្ម​សម្រេច​បាន​ដោយ​ជោគជ័យ​ក្នុង​នាម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​» ជា​ភាសា​ខ្មែរ មាន​កម្រាស់​ជាង​ ១៨០​ ទំព័រ និង​ជា​ភាសា​អង់គ្លេស​កម្រាស់​ជាង​ ១៦០ ​ទំព័រ​។

ដើម្បី​ឱ្យ​ដឹងថា​សៀវភៅ ​១​ ក្បាល​នេះ​បាន​ចងក្រង​ទុក​នូវ​បទពិសោធ​ និង​តស៊ូ​បែបណា​នោះ​កាលពី​ពេល​ថ្មីៗ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោកស្រី ឱ វណ្ណឌីន ដែល​មាន​សេចក្ដី​ទាំងស្រុង​ដូច​ខាងក្រោម​៖

តើ​មូលហេតុ​ចម្បង​អ្វីខ្លះ​ដែល​ជំរុញ​លោកស្រី​ឱ្យ​សរសេរ​សៀវភៅ​ «​ដំណើរ​ជាង ២៥ ០០០ ​គីឡូម៉ែត្រ​» ​នេះ​ឡើង​?

នៅពេល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​បទពិសោធ​នេះ​ឡើង ខ្ញុំ​នឹក​ឃើញថា​ខ្ញុំ​មាន​អារម្មណ៍​ស្ញប់ស្ញែង​ពន់ពេក​ និង​បង្កប់​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​លោកតា លោកយាយ​រាប់រយ​នាក់​ដែលមាន​អាយុ​វែង​នៅ​កម្ពុជា​ដែល​ខ្ញុំ​បាន​ជួប​ពួកគាត់​ដោយផ្ទាល់​។

ខ្ញុំ​មាន​សេចក្តី​រីករាយ​ជា​ពន់ពេក​នៅពេល​ដែល​បាន​ជួប​គូ​ស្វាមី-ភរិយា ១ ​គូ​នៅ​ខែសីហា ឆ្នាំ​ ២០២១ គឺ​លោកតា​ម្នាក់​ដែលមាន​អាយុ​ ១០១ ​ឆ្នាំ និង​ភរិយា​របស់​​គាត់​មាន​អាយុ​ ១០៣ ​ឆ្នាំ​ដែល​​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​។ គូស្វាមី​-​ភរិយា ១ ​គូ​នេះ​គឺជា​គំរូ​ដ៏ល្អ​សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​ហើយ​ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​។

តើ​សៀវភៅ​នេះ​បាន​បង្ហាញ​ពី​គោលបំណង​សំខាន់ៗ​អ្វីខ្លះ​?

គោលបំណង​សំខាន់​របស់​ខ្ញុំ​ក្នុង​ការ​សរសេរ​រៀបរៀង​សៀវភៅ​​នេះ​ក្នុងនាម​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​គឺ​ដើម្បី​បង្ហាញ​ពី​កាយវិការ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​មហិមា​ និង​ការគិតគូរ​ពី​សុខទុក្ខ សុខភាព និង​សុខុមាលភាព​ប្រជាជន​កម្ពុជា​ទូទៅ ព្រមទាំង​ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គំរូ​ល្អ​របស់​លោកយាយ លោកតា ដែលមាន​វ័យ​ ១០០ ​ឆ្នាំ​ឡើង និង​ប្រជាជន​កម្ពុជា​ទូទៅ​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ តាម​ «​យុទ្ធសាស្ត្រ​ផ្កា​រីក​»​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

ម្យ៉ាងវិញទៀត សៀវភៅ​នេះ​ក៏​ចង់បង្ហាញ​ពី​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាននៅ​​កម្ពុជា​ក្រោម​គំនិត​ផ្តួចផ្តើម​ចង្អុលបង្ហាញ និង​ប្រគល់​ភារកិច្ច​ដ៏​វិសេសវិសាល​នេះ​ពីស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​បេសកកម្ម​មនុស្សធម៌​ដ៏ថ្លៃថ្លា ដែល​បេសកកម្ម​នេះ​ក៏បាន​បង្ហាញ​ថា​កម្ពុជា​ក៏មាន​លោកយាយ​-​លោកតា​ដែលមាន​អាយុ​វែង​លើសពី​ ១០០ ​ឆ្នាំ​ច្រើន​ផងដែរ​។

ក្រៅពីនេះ​ការ​ចងក្រង​សៀវភៅ​មាន​គោលបំណង​ដ៏ធំ​មួយទៀត​គឺ​រក្សា​ទុកជា​ឯកសារ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នៃ​អ្នក​ជំនាន់​ក្រោយ ​ដើម្បី​ស្វែងយល់​ពី​កិច្ចការ​សង្គម​ដ៏សំខាន់​មួយ​នេះ​។

តើ​សៀវភៅ​នេះ​បាន​បោះពុម្ព​ប៉ុន្មាន​ក្បាល ហើយ​នឹង​ចែកជូន​ស្ថាប័ន​ណាខ្លះ​?

ខ្ញុំ​សូម​ប្រណម​ហត្ថា​ទាំង​ទ្វេគោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជាមួយ​នឹង​ការដឹងគុណ​នូវ​ទឹកចិត្ត​មេត្ដា​ករុណា​ទិគុណ​ដ៏ល្អ​ប្រពៃ​បំផុត​របស់​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ និង​ផ្ដល់​ទាំង​ថវិកា​សម្រាប់​ការបោះពុម្ព​សៀវភៅ​នេះ​ជា​លើក​​ដំបូង​ចំនួន​ ៣ ០០០ ​ក្បាល សម្រាប់​​ចែក​ផ្សព្វផ្សាយ​ដោយ​មិនមាន​ការលក់ដូរ (Free of charge) ជូន​ដល់​ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ និង​បណ្ណាល័យ​នានា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត អង្គការ​ជាតិ​ និង​អន្តរជាតិ ស្ថានទូត​នានា ស្ថាប័ន​សារព័ត៌មាន​មួយចំនួន និង​បុគ្គល​ពាក់ព័ន្ធ​ផងដែរ​។

តើ​លោកស្រី និង​ក្រុមការងារ​បាន​ឆ្លងកាត់​បទពិសោធ​បែបណាខ្លះ​ពេល​អនុវត្ដ​បេសកកម្ម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រហូត​ទទួលបាន​ជោគជ័យ​?

រូបខ្ញុំ​ និង​ក្រុមការងារ​ពិតជា​សប្បាយចិត្ត​ណាស់​នៅពេល​យើង​បាន​សម្រេច​ជោគជ័យ​លើ​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ ដែល​បានផ្ដល់​ជា​ជម្រើស​យុទ្ធសាស្ត្រ​ដ៏ល្អ​មួយ​ ដើម្បី​ជួយ​ការពារ​សរីរាង្គកាយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​នៅ​កម្ពុជា​ដោយ​ស្របច្បាប់​ពី​ការវាយលុក​នៃ​ជំងឺ​កូវីដ​ ១៩​។

ខ្ញុំ​ត្រូវ​បានទទួល​នូវ​ការជួយ​ជំរុញ​លើកទឹកចិត្ត​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឱ្យធ្វើ​សកម្មភាព​លឿន​រហ័ស​ និង​ម៉ឺងម៉ាត់​។ យើង​មិនអាច​ទន់ជ្រាយ​ជាមួយ​មេរោគ​នេះ យើង​ត្រូវ​ដោះស្រាយ​នូវ​ព័ត៌មាន​មិន​ពិត​នានា​ដែល​ហៅថា​ "infodemic” ​ដែល​កើត​មានឡើង​នៅក្នុង​ស្រុក​ និង​ពី​ក្រៅ​ប្រទេស​កម្ពុជា​។

ការងារ​នេះ​ទាមទារ​ឱ្យ​ខ្ញុំ​លះបង់​ពេលវេលា​ច្រើនណាស់ ​(​សឹង​​តែ​ចំណាយពេល​ ២៤ ​ម៉ោង​លើ ​២៤​ ម៉ោង​) ជាច្រើន​ថ្ងៃ ច្រើន​ខែ រហូត​ដល់​ជិត​ ២ ​ឆ្នាំ ដែល​រឿងនេះ​​បាន​ធ្វើឱ្យ​ខ្ញុំ​មាន​កង្វល់​ជាខ្លាំង​ និង​មិន​ហ៊ាន​ប្រហែស​ឡើយ​។

តើ​កត្ដា​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​លោកស្រី ​និង​ក្រុមការងារ​អនុវត្ដ​ «​យុទ្ធសាស្ត្រ​ផ្កា​រីក​» ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឈាន​ទៅ​សម្រេច​លទ្ធផល​មុនពេល​កំណត់​?

«​យុទ្ធសាស្ត្រ​ផ្ការីក​»​ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា ដែល​ត្រូវបាន​ផ្តួចផ្តើម​ឡើង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បន្ទាប់ពី​សម្តេច​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ​(​គ.វ.ក ​១៩) ​នៅ​ខែមីនា ឆ្នាំ​ ២០២១ ដឹកនាំ​ដោយ​រូបខ្ញុំ​ផ្ទាល់​។

ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​លេខរៀង​ទីលាន​នាក់ និង​បង្ហាញ​ពី​ទំហំ​នៃ​ការយកចិត្ត​ទុកដាក់ និង​ការឧបត្ថម្ភ​ដល់​មនុស្ស​វ័យចាស់​របស់​សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី អំណោយ​សប្បុរសធម៌​ជា​ទឹកប្រាក់​ ១០​ លាន​រៀល និង​ ៣ ​លាន​រៀល​រួម​ជាមួយ​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន​ធំ​ទៀត​ត្រូវបាន​ប្រគល់ជូន​ដោយ​ផ្ទាល់​ដៃដល់​គេហដ្ឋាន​បុគ្គល​ដែលជា​ផ្នែក​នៃ ​«​រង្វាន់​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ​លេខ​រៀង​ទីលាន​នាក់​» ​និង ​«​រង្វាន់​នៃ​ក្តី​ស្រឡាញ់​លោកយាយ​-​លោកតា​ដែលមាន​វ័យ​ ១០០ ​ឆ្នាំ​ឡើង​»​។

បេសកកម្ម​ដ៏សំខាន់​របស់ខ្ញុំ​គឺ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នកត្រូវ​ទទួល​រង្វាន់ និង​ផ្ដល់​ការ​​ស្វាគមន៍​គារវកិច្ច​សាកសួរ​សុខទុក្ខ​ព្រមទាំង​ប្រគល់​ដោយផ្ទាល់​​ដៃ​នូវ​អំណោយ​សប្បុរសធម៌​របស់​​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។

បន្ទាប់ពី​បានធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​សរុបទៅ​ជាង ២៥ ០០០ ​គីឡូម៉ែត្រ​នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត ជួនកាល​ត្រូវ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ទ្រាំ​អត់ងងុយ ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ភាព​អត់ធ្មត់ ត្រូវ​ចេញដំណើរ​ពី​ព្រលឹម​ស្រាងៗ ហើយ​ត្រឡប់​មក​​ផ្ទះ​វិញ​ទាំងយប់​អធ្រាត្រ​សឹងតែ​គ្រប់ពេល ទីបំផុត​បេសកកម្ម​​នេះ​ក៏​សម្រេច​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​នឹកស្មាន​មិន​ដល់​។

លើសពីនេះ​ខ្ញុំ​បាន​សរសេរ​អត្ថបទ​ស្តីពី​ការចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​កម្ពុជា​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ការចេញ​ផ្សាយ​របស់​អាស៊ាន «​សីហា​/​កញ្ញា នៅក្នុង Insider View (ASEAN)»​។ នេះ​គឺជា​រឿង​ជោគជ័យ​មួយ​នៅ​កម្ពុជា នៅពេល​ដែល​អត្ថបទ​នេះ​ចេញផ្សាយ​ពី​​ការ​គ្របដណ្ដប់​លើ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​ឈានដល់​ជាង​ ១០០% នៃ​ពលរដ្ឋ​គោលដៅ​ ១០ ​លាន​នាក់​ និង​ជាង​ ៨៨ % នៃ​ចំនួន​ប្រជាជន​នៅ​កម្ពុជា​សរុប​ ១៦ ​លាន​នាក់​។

តើ​មកទល់​ពេលនេះ មាន​លោកយាយ​លោកតា​អាយុ​ ១០០ ​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ប៉ុន្មាន​នាក់​?

គិត​ត្រឹម​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២១ ខ្ញុំ​បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​លោកយាយ​-​លោកតា​សរុប​ចំនួន​ ១៤៩​ នាក់ (​ក្នុង​ចំនួន​នេះ មាន​លោកយាយ​ចំនួន​ ១០០​ នាក់​) និង​មាន​ដូនជី​ម្នាក់ទៀត​ដែលមាន​អាយុ​ ៧៦ ​ឆ្នាំ រស់នៅ​សុំ​សីល​នៅ​វត្ត​សំបួរមាស​រាជធានី​ភ្នំពេញ (​ដែល​អាយុ​ពិតប្រាកដ​របស់​គាត់​ខុសពី​បណ្ណសម្គាល់​ខ្លួន​គាត់​ ដោយសារ​ចុះបញ្ជី​ច្រឡំ​នា​សម័យ​អ៊ុនតាក់​។

លោកយាយ​ស័ក្តិសម​នឹង​ទទួល​​បាន​នូវ​អំណោយ​សប្បុរសធម៌ ព្រមទាំង​ការ​អរគុណ​ដោយសារ​ភាពស្មោះត្រង់​របស់​លោក​យាយ​លើ​បញ្ហា​អាយុ​នេះ​ និង​ការស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​របស់​លោកយាយ​ផងដែរ​។ បេសកកម្ម​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ក្រុមការងារ​បាន​​ផ្ដល់ជូន​ដល់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​ ១០ ​លាន​នាក់​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំមុន​។

តើ​លោកស្រី​មាន​ការ​អំពាវនាវ​​បែបណាខ្លះ​ដល់​ពលរដ្ឋ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ឬ​ដូស​ទី​ ៥?

ក្នុងនាម​ប្រធាន​ គ.វ.ក-១៩ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា សូម​អញ្ជើញ​មក​ទទួល​យក​នូវ​ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដូស​ជំរុញ​ទាំង​ដូស​ទី​ ៣ ដូស​ទី ​៤ និង​ដូស​ទី​ ៥ ជាពិសេស​ក្រុម​គោលដៅ​ជួរមុខ​ និង​ក្រុម​គោលដៅ​សំខាន់ៗ និង​ប្រជាពលរដ្ឋ​វ័យចាស់​ចាប់ពី​អាយុ​ ៦០ ​ឆ្នាំ​ឡើងទៅ​។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យក​ចិត្ដ​ទុកដាក់​ខ្ពស់ កុំ​មើលស្រាល ភ្លេចខ្លួន ដែល​បច្ចុប្បន្ននេះ​ថ្វីដ្បិត​តែ​យើង​មិនមាន​ករណី​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ជាង​ ១ ​ខែ​ហើយក៏​ពិតមែន ក៏ប៉ុន្ដែ​ស្ថានភាព​រាតត្បាត​នៃ​កូវីដ​ ១៩ មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ​៕