ភ្នំពេញៈ ​ប្រទេស​អាល្លឺម៉ង់​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​លើ​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​រង់ចាំ​ការពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​បន្ត និង​ក្នុង​​ពេល​អនាគត តាមរយៈ​ការពិគ្រោះ​យោបល់​នៃ​រដ្ឋាភិបាល​ទាំង​ ២ ​នាពេល​ខាងមុខ​ក្នុង​ឆ្នាំនេះ​។

នេះ​បើតាម​លោកស្រី Angelika Stauder អនុប្រធាន​សហប្រតិបត្តិការ និង​ជា​លេខា​ទី​ ១ ​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​បិទ​ជា​ផ្លូវការ​កម្មវិធី​ «​កំណែទម្រង់​វិមជ្ឈការ និង​រដ្ឋបាល​សាធារណៈ​» ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ (DAR)​ នៅ​ថ្ងៃទី​ ១៦ មិថុនា​ដែលជា​កម្មវិធី​កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាល្លឺម៉ង់​។

លោកស្រី AngelikaStauder ថ្លែងថា​៖ «​វា​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​ធ្វើជា​សក្ខីភាព​ក្នុង​ការ​សា្តប់ និង​មើលឃើញ​នូវ​សមិទ្ធផល​សំខាន់ៗ​នៅក្នុង​កិច្ចកំណែទម្រង់​វិមជ្ឈការ និង​​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​នៅក្នុង​កិច្ចការ​នេះ ជាច្រើន​​ឆ្នាំ​មកហើយ ហើយ​យើង​ទន្ទឹង​រង់ចាំ​ការពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​បន្ត និង​នាពេល​អនាគត​ក្នុង​អំឡុងពេល​នៃ​ការពិគ្រោះ​យោបល់​នៃ​រដ្ឋាភិបាល​ទាំង ​២ នាពេល​ខាងមុខ​ក្នុង​ឆ្នាំនេះ​...»​។

យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​ពិធី​ប្រកាស​បិទ​កម្មវិធី​នេះ​​បានឱ្យ​ដឹងថា កម្មវិធី​ DAR ​បាន​​អនុវត្ត​ដោយ​ជីអាយហ្ស៊ឹត​ (GIZ) ​លេខាធិការដ្ឋាន គ.ជ.អ.ប. រួម​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​​កីឡា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​ក្នុង​ខេត្តបាត់ដំបង​បាន​អនុវត្ត​កម្មវិធី​នេះ ដោយ​ទទួល​បាន​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​របស់​អាល្លឺម៉ង់​ (BMZ)​។ ​កម្មវិធី​ DAR​ ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចាប់ពី​ខែឧសភា ឆ្នាំ​ ២០១៩ ​ដល់​ខែមេសា ឆ្នាំនេះ​។

តាមរយៈ​កម្មវិធី​នេះ GIZ បានធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ស្រុក​ចំនួន​ ១៤ នៅ​ខេត្ត​បាត់ដំបង​ ដើម្បី​​ផ្ដល់​សេវា​ដល់​ពលរដ្ឋ​ប្រកប​ដោយ​ភាពសុខដុម​នីយកម្ម តម្លាភាព និង​គណនេយ្យភាព​។ ​នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន សមិទ្ធផល​សំខាន់ៗ​ក្នុង​​ការអនុវត្ត​កម្មវិធី DAR ត្រូវបាន​បង្ហាញ​ដោយ​ដៃគូ​ពាក់ព័ន្ធ​នានា រួមមាន អភិបាល​នៃ​គណៈអភិបាល​ស្រុក​កំរៀង អភិបាលរង​​ក្រុង​បាត់ដំបង​ទទួល​បន្ទុក​សេវា​សង្គម ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​ ១​ ស្រុក​បវេល និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាណន់ ជាដើម​។

សមិទ្ធផល​សំខាន់ៗ​រួមមាន ទី​១- ​ការរៀបចំ​កម្មវិធី​ជាតិ​សម្រាប់​​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​ ២ (២០២១-២០៣០) ​ដែល​បានអនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ពីថ្ងៃ​ទី​ ២១ ខែមីនា ឆ្នាំ​ ២០២២​។ ទី​២- ​ការរៀបចំ​សេចក្តី​ព្រាង និង​ការដាក់​ឱ្យ​អនុវត្ត​សេចក្តី​ណែនាំ​ស្តីពី​គោលការណ៍ និង​នីតិវិធី​នៃ​ការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ការិយាល័យ​ច្រក​ចេញចូល​តែ​ ១ របស់​រដ្ឋបាល​ស្រុក ក្រុង ខណ្ឌ​។ ទី៣- ​ការដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានវិទ្យា​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​ ១ ​ដល់​រដ្ឋបាល​ស្រុក ក្រុង និង​សង្កាត់​។ តាមរយៈ​ការងារ​នេះ​ប្រជាពលរដ្ឋ​អាច​ស្វែងរក​ព័ត៌មាន​នៃ​ការដាក់​ពាក្យស្នើសុំ​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ (Mobile App: OWSM Cambodia)​។​ ទី​៤- ​ការវិភាគ​អំពី​យន្តការ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​មានដូចជា អនុសាសន៍​សម្រាប់​ធ្វើឱ្យ​ប្រសើរ​ឡើង​​នូវ​ការិយាល័យ​ប្រជាពលរដ្ឋ ត្រូវ​​បានអនុម័ត និង​ដាក់ឱ្យ​ដំណើរការ និង​ទី​៥-​ ការរៀប​ចំការ​ពិពណ៌នា​អំពី​មុខតំណែង​សម្រាប់​រដ្ឋបាល​ស្រុក-ក្រុង-ខណ្ឌ និង​សេចក្តី​ព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។

កម្មវិធី​ DAR ​នេះ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​របស់​អាល្លឺម៉ង់​ (BMZ) ​ដែល​បាន​ដំណើរការ​អនុវត្ត​ចាប់ពី​ខែ​ឧសភា​ ២០១៩ ដល់​ខែមេសា ឆ្នាំ ​២០២២ និង​មាន​ថវិកា​សរុប​ចំនួន​ ៥,៤​ លាន​អឺរ៉ូ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក​ចាន់ សុធា អនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​សម្ដែង​សាទរ​ចំពោះ​សមិទ្ធផល​​ដែល​កើតចេញ​ពី​ការអនុវត្ត​កម្មវិធី​ DAR ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​​កន្លងមក​គឺ​ពី​ខែឧសភា ឆ្នាំ​ ២០១៩ រហូតដល់​ខែមេសា ឆ្នាំនេះ​។

លោក​ថា​៖ «​សូម​សម្ដែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​​ទៀត​របស់​កម្មវិធី​ DAR ​ដែល​​បាន​ខិតខំ​ប្រឹងប្រែង​រួម​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​កម្មវិធី ​DAR ឱ្យ​​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​តាម​ការរំពឹងទុក​ ទោះបីជា​បាន​ជួប​ការលំបាក​នៃ​ការឆ្លង​រីក​រាលដាល​​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​អំឡុងពេល​អនុវត្ត​ក៏ដោយ​»៕