
ហ្វេសប៊ុកឈ្មោះ វីរភាព សម រង្ស៊ី ដែលបានផ្សព្វផ្សាយនូវបទចម្រៀង "ផ្កាយរះកណ្តាលថ្ងៃ" កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ គណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមេត្តាស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់លើបុគ្គលឈ្មោះ កឹម ច័ន្ទរតនា ដែលបច្ចុប្បន្នរស់នៅរដ្ឋ Georgia សហរដ្ឋអាមេរិកដែលបាននិងកំពុងបំផ្លិចបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការប្រើ Facebook ឈ្មោះ វីរភាព សម រង្ស៊ី។
លោក ឌឹម សុណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមិថុនាថា ឈ្មោះ កឹម ច័ន្ទរតនា ប្រើ Facebook ឈ្មោះ វីរភាព សម រង្ស៊ី បានផ្សព្វផ្សាយកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ នូវបទចម្រៀង "ផ្កាយរះកណ្តាលថ្ងៃ" ដោយច្រៀងបង្ខូចកេរ្តិ៍ឈ្មោះ គ.ជ.ប. ថា ជាចោរនិងបង្កប់ដោយន័យអសុរោះ អសីលធម៌ ប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន គ.ជ.ប.។
លោកបន្តថា ការផ្សព្វផ្សាយរបស់ឈ្មោះ កឹម ច័ន្ទរតនា នេះធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «គ.ជ.ប. ពិតជាមានការសោកស្តាយមិនអាចទទួលយកបាន និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ជនអគតិមួយចំនួនដែលមានចេតនាទុច្ចរិតក្នុងគោលដៅបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ខ្លួន។ គ.ជ.ប. ស្នើសុំបុគ្គលដែលពាក់ព័ន្ធសូមបញ្ឈប់សកម្មភាពចែកចាយនេះជាបន្ទាន់»។
បើតាម លោក ឌឹម សុវណ្ណារុំ អនុលោមតាមមាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប. និងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប. ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច មេត្តាស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីធានាឯករាជភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាពរបស់សា្ថប័នជាតិ គ.ជ.ប.។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមិថុនាថា គ.ជ.ប. គួរតែមានការអត់ធ្មត់បន្តិចក្នុងនាមជាអាជ្ញាកណ្តាលដែលធានាដល់ទំនុកទុកចិត្តពីមហាជន និងភាគីពាក់ព័ន្ធតាមរយៈប្រព័ន្ធច្បាប់ និងការអនុវត្តរបស់ខ្លួន ព្រោះបើយកយន្តការ និងវិធានការប្តឹងប្ដល់ដល់អ្នករិះគន់ គ្មានបានជាជំនួយក្នុងការរុញការបោះឆ្នោតមួយឱ្យធានាបាននូវសេចក្តីទុកចិត្តនោះទេ។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរឱ្យ គ.ជ.ប. ក្នុងនាមស្ថាប័នអាជ្ញាកណ្តាល យើងគួរពន្យល់ឱ្យគេយល់ជាជាងទៅប្តឹងគេ ហើយធានានូវតម្លាភាព និងការអនុវត្តផ្សេងៗ ថាតើការរិះគន់របស់គេវាពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ តម្លាភាពនៃការបោះឆ្នោត ឬរាប់សន្លឹកឆ្នោតដែរឬទេ? បើគេរិះគន់កាន់តែច្រើន គេអត់ទុកចិត្តកាន់តែច្រើន វានាំឱ្យការបោះឆ្នោតលែងមានភាពត្រឹមត្រូវហើយ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមិថុនាថា នាយកដ្ឋានជំនាញនៃក្រសួងមហាផ្ទៃមិនទាន់ទទួលបានលិខិតស្នើសុំឱ្យស្រាវជ្រាវនោះទេ ប្រហែលជា គ.ជ.ប. ប្តឹងទៅអាជ្ញាធរដែនដីមានសមត្ថកិច្ច។ លោកបន្តថា លោកគ្រាន់តែឃើញមានការផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកថា ប្រសិនបើ គ.ជ.ប. ដាក់ពាក្យបណ្តឹងមកនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ មន្ត្រីជំនាញនឹងចាត់វិធានការស្រាវជ្រាវរកមុខ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រោះស្ថាប័ន គ.ជ.ប. ក៏ជាប្រជាជនដែរ។
លោកថ្លែងថា៖ «ទី១ នេះ គឺជាសម្ដីដែលអ្នកមិនជំនាញនិយាយ ប៉ុន្តែអ្នកជំនាញមិនហ៊ាននិយាយទេ ព្រោះយើងអត់ដឹងថា ពាក្យហ្នឹងពិត ឬពាក្យក្លែងក្លាយយើងអត់ហ៊ាននិយាយទេ ប៉ុន្តែបើមានលិខិតយើងនឹងស៊ើបអង្កេតស្រាវជ្រាវចាត់ចែងតាមផ្លូវច្បាប់»៕
វីដេអូ៖