ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នាថ្ងៃទី ១៦ មិថុនា បានប្រកាសអនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា “USAID មរតកបៃតង” ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល ៥ ឆ្នាំ នៅតំបន់ការពារចំនួន ៤ រួមមានតំបន់កែវសីមា លំផាត់ សៀមប៉ាង និងតំបន់ជួរភ្នំក្រវាញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជំនួយអាមេរិកនៅថ្ងៃទី ១៦ មិថុនា ឱ្យដឹងថា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅក្បែរតំបន់ការពារនានាអស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ។ គម្រោង “USAID មរតកបៃតង” នេះអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្ត្រប្រព័ន្ធទីផ្សារ ដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។
លោក Benjamin Wohlauer ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកថ្លែងថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូរបស់កម្ពុជានានា។ គម្រោង USAID មរតកបៃតងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
លោកបន្តថា គម្រោង USAID មរតកបៃតងមានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំក្រវាញ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ ដែលពឹងអាស្រ័យលើព្រៃឈើ។ គម្រោងនេះនឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកបដោយចីរភាព និងមានលក្ខណៈអំណោយផលដល់អាកាសធាតុ។
លោកបញ្ជាក់ថា៖ «គម្រោង USAID មរតកបៃតងនឹងធ្វើការជាមួយសហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជួយប្រជាជនកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។
លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការសន្សំម្លប់ព្រៃថ្លែងថា គំនិតផ្តួចផ្តើមជីវភាពរស់នៅ និងសកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (Ibis Rice ឬស្រូវត្រយង) បានផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ លោកថ្លែងថា៖ «វាមានសារៈសំខាន់ណាស់ដែលយើង បន្តថែរក្សា និងការពារធនធានធម្មជាតិដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង»។
លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ១៦ មិថុនា ថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតពីគម្រោងនេះផ្តោតលើគោលដៅសំខាន់រួមទៅលើអ្វីជាសំខាន់នោះទេ។ ទោះជាយ៉ាងណា បើគម្រោងនេះផ្តោតទៅលើការអភិរក្សធនធានធម្មជាតិ នឹងរួមបញ្ចូលដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោកស្វាគមន៍គម្រោងទាំងអស់ ដែលអនុវត្តនៅកម្ពុជា ដើម្បីជួយដល់ការងារអភិរក្ស និងការរស់នៅរបស់សហគមន៍ បើសិនជាគម្រោងនេះបានទៅដល់ទីតាំងនៃការអនុវត្តពិតប្រាកដមែននោះ៕