ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ​ប្រចាំ​ឆមាស​នេះ រយៈពេល ២ ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ធំៗ បាន​ផ្តល់​ឱកាស​ការងារ​ជាង ៣ ពាន់​កន្លែង​ផង​ដែរ។

ពិព័រណ៍​ការងារ​នេះ នឹង​រៀបចំ​ឡើង​រយៈពេល ២ ថ្ងៃ​ជាប់​គ្នា នៅ​ថ្ងៃទី ២៣-២៤ ខែ មិថុនា ឆ្នាំ ២០២២ ក្នុង​បរិវេណ​អគារ KAMPUS ដែល​មាន​អាសយដ្ឋាន ៥០២ មហាវិថី​ព្រះមុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់ ដោយ​នាំ​មក​នូវ​ឱកាស​ការងារ​ប្រមាណ ៣ ២០០ កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដើម្បី​ផ្តល់​ជូន​យុវជន សិស្ស/និស្សិត និង​អ្នក​ស្វែងរក​ការងារ​ធ្វើ។ ពិព័រណ៍​ការងារ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

NEA បាន​គូស​បញ្ជាក់​ថា ពិព័រណ៍​ការងារ​ប្រចាំ​ឆមាស ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក និង​ស្វែងរក​ការងារ តាមរយៈ​ការ​ប្រមូល​ផ្តុំ និង​ផ្សព្វផ្សាយ​ឱកាស​ការងារ​ពី​សំណាក់​និយោជក ក្រុមហ៊ុន​ឯកជន ដើម្បី​ជួប​ផ្ទាល់​ជាមួយ​យុវជន សិស្ស/និស្សិត និង​អ្នក​ស្វែងរក​ការងារ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ការងារ ជួប​សម្ភាស​ផ្ទាល់ ព្រម​ទាំង​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​អាជីព និង​ការងារ​ក្នុង​ការ​ត្រៀម​ចូល​ទីផ្សារ​ការងារ។

NEA រំឭក​ផង​ដែរ​ ចំពោះ​អ្នក​ស្វែងរក​ឱកាស​ការងារ មុន​ទៅ​ចូលរួម​ពិព័រណ៍​ការងារ​នេះ ត្រូវ​រៀបចំ​ប្រវត្តិរូប​ឱ្យ​បាន​ច្រើន ដើម្បី​ត្រៀម​ដាក់​ពាក្យ​ស្នើសុំ​ការងារ​ពី​ក្រុមហ៊ុន​ធំៗ​ជាច្រើន និង​ជួប​សួរ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដែល​កំពុង​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​នៅ​ទីនោះ។

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ National Employment Agency (អិនអ៊ីអេ ខ្មែរ)៕