វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សាកលវិទ្យាល័យ​ឆាងអាន (Chang''an University) នៃ​ប្រទេស​ចិន ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ និង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ពង្រីក​ឱកាស​ការងារ ជំនាញ ចំណេះដឹង​ឱ្យ​កាន់​តែ​ទូលំទូលាយ។

ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ លោកស្រី ឥម នីថារ៉ា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​វិទ្យាស្ថាន តំណាង​សាកលវិទ្យាល័យ ឆាងអាន​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់​ចិន (CRBC) ប្រចាំ​កម្ពុជា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។

នាយក​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន និង​ជា​តំណាង​ភាគី​ហត្ថលេខី លោក ហឿន សំនៀង បាន​ជម្រាប​ជូន​អំពី​ដំណើរការ​របស់​វិទ្យាស្ថាន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​មាន​សីលធម៌ អត្តចរិត ចរិយា​សម្បត្តិ​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វិបត្តិ​កង្វះ​អ្នក​ជំនាញ​បច្ចេកទេស​នាពេល​បច្ចុប្បន្ន និង​បង្កើត​ឱ្យ​មាន​អ្នក​បន្តវេន​របស់​កម្ពុជា​ដ៏​មាន​សក្តានុពល និង​ស្មារតី​ទទួល​ខុស​ត្រូវ​លើ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​នាពេល​អនាគត។

លោក​បន្ត​ថា វិទ្យាស្ថាន​មាន​ការ​ប្តេជ្ញា​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បណ្តុះបណ្តាល​ទៅ​លើ​គុណ​តម្លៃ​សំខាន់​ចំនួន​ ៣ រួមមាន​ជំនាញ ចំណេះដឹង និង​សីលធម៌ ក្នុង​ឋានៈ​ជា​អ្នក​បន្ត​វេន​ដ៏​មាន​សក្តានុពល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​វាសនា​អនាគត​របស់​កម្ពុជា​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ដឹក​ជញ្ជូន។

លោក Fan Wen សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ឆាងអាន បាន​ចូលរួម​មតិ​ចាប់​អារម្មណ៍​ក្នុង​អង្គ​ពិធី និង​បាន​លើក​ឡើង​អំពី​ប្រវត្តិ​ខ្លះៗ​របស់​សាកលវិទ្យាល័យ​ឆាងអាន ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​នៅ​ប្រទេស​ចិន ជាពិសេស​ផ្នែក​វិស្វកម្ម​សំណង់ សាងសង់​ផ្លូវ និង​ការ​គ្រប់គ្រង​គមនាគមន៍​សាធារណៈ។

លោក​បន្ត​ថា លើស​ពី​នេះ សាកលវិទ្យាល័យ​ឆាងអាន ជា​សាកល​វិទ្យាល័យ​ដ៏​សំខាន់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថិត​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​ក្រសួង​អប់រំ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា សាកល​វិទ្យាល័យ​ឆាងអាន បាន​បណ្តុះបណ្តាល​អ្នក​ជំនាញ​ឆ្នើម​ជាច្រើន ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​លើ​ផ្នែក​ដឹក​ជញ្ជូន​លើ​ផ្លូវ​ហាយវេ។ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ភាគី និង​ក្រុមហ៊ុន CRBC ការ​បង្កើត​នូវ​កម្មវិធី​សិក្សា​រួមគ្នា​រវាង​វិទ្យាស្ថាន​ទាំង ២ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​រវាង​ភាគី​នីមួយៗ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​វិទ្យាស្ថាន​តែជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន សាកល​វិទ្យាល័យ​ឆាងអាន និង​ក្រុមហ៊ុន CRBC ថែម​ទាំង​អាច​ជួយ​ដល់​ការ​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក Zhou Yong ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន CRBC បាន​លើក​ឡើង​ថា ក្រុមហ៊ុន CRBC មាន​គោល​បំណង​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា លើ​កិច្ច​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ចូល​រួម​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ វិស័យ​អប់រំ និង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន៕