ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​បាន​លើកឡើង​ថា តាមរយៈ​សិក្ខាសាលា​តម្រង់ទិស​ស្ដីពី​ការចូលរួម​របស់​សហគមន៍​ ដើម្បី​ពង្រឹង​ការតាមដាន​ជំងឺ​កូវីដ​ ១៩​ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ ដែល​បាន​ធ្វើឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​នៅ​សហគមន៍​មូលដ្ឋាន ក្នុង​ការបង្កើន​ការថែទាំ​សុខភាព​បឋម និង​ឆ្លើយតប​ទាន់​ពេលវេលា​ចំពោះ​ជំងឺ​ផ្សេងៗ​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម លោកស្រី ឱ វណ្ឌឌីន បាន​ចុះ​បេសកកម្ម​ដើម្បី​ពិគ្រោះ​យោបល់​ស្ដីពី​តម្រូវការ ការថែទាំ​សុខភាព​បឋម​របស់​សហគមន៍​នៅ​ខេត្ត​កំពង់ធំ និង​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៨ ខែមិថុនា ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា មន្ត្រី​ជំនាញ​ក្រសួង សុខាភិបាល ​និង​មន្ត្រី​បច្ចេកទេស​អង្គការ​សុខភាព​ពិភពលោក​។

ដំណើរ​បេសកកម្ម​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យមាន​ការបង្កើន​ការថែទាំ​សុខភាព​បឋម ជាពិសេស​ការចូលរួម​របស់​សហគមន៍​ក្នុង​ការ​តាមដាន​ជំងឺ​កូវីដ​ ១៩ ជំងឺ​ផ្តាសាយ និង​ជំងឺ​ផ្លូវដង្ហើម និង​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន ដូស​ជំរុញ​ដូស​ទី​ ៥ នៅតាម​ទីតាំង​នានា រួមមាន​សេវា​សុខាភិបាល សាលារៀន រោងចក្រ ទីផ្សារ ទីប្រជុំជន​ផ្សេងៗ​។

ក្នុង​ដំណើរ​បេសកកម្ម​ក្នុង​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​ ១៦ មិថុនា លោកស្រី ឱ វណ្ឌឌីន បាន​ចូលរួម​បិទ​កម្មវិធី​សិក្ខាសាលា​តម្រង់ទិស ដែលមាន​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥-១៦ ខែមិថុនា ដើម្បី​ពង្រឹង​សមត្ថភាព​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​តាមដាន​ឆ្លើយតប​ទាន់​ពេលវេលា​ចំពោះ​ជំងឺ​ទាំងនោះ​ព្រមទាំង​ពាក្យ​ចចាមអារ៉ាម ព័ត៌មាន​មិនពិត​នានា​នៅក្នុង​មូលដ្ឋាន​។

លោកស្រី​បញ្ជាក់ថា ការផ្លាស់ប្តូរ​ឥរិយាបថ មិនមែន​ធ្វើឡើង​តាមរយៈ​តែ​ការបណ្ដុះបណ្ដាល​ទេ តែ​សកម្មភាព​សំខាន់​ និង​ចាំបាច់ គឺ​សកម្មភាព​នៅ​នឹង​សហគមន៍ ដែល​តម្រូវ​ឱ្យ​សហគមន៍​យល់​ពី​សារប្រយោជន៍​នៃ​ការរក្សា​សុខភាព តាមដាន​សុខភាព​ក្នុង​គ្រួសារ និង​ក្នុងភូមិ​ព្រមទាំង​ស្វែងរក​ព័ត៌មាន​ត្រឹមត្រូវ​។ លោកស្រី​បន្តថា សកម្មភាព​ក្នុង​សហគមន៍ ដែល​ដឹកនាំ​ដោយ​សហគមន៍ ពិត​ជា​មាន​សារៈសំខាន់ ដូចជា​វេទិកា​សហគមន៍​អប់រំ​ផ្សព្វផ្សាយ ការចុះ​តាមដាន​គាំទ្រ ដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព និង​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ស្ត្រី​ និង​កុមារ​ដើម្បី​ស្វែងរក​អ្វី​ដែលជា​បញ្ហា​ និង​តម្រូវការ​របស់​សហគមន៍ ហើយ​កត្តា​អ្វីខ្លះ​ដែល​ប្រជាជន​ក្នុង​ភូមិ​ទាំងមូល​អាច​ធ្វើបាន ។

លោកស្រី​បន្ថែមថា​៖ «​សិក្ខាសាលា​តម្រង់ទិស​នេះ​មិន​ត្រឹមតែ​សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ជំងឺ​ផ្តាសាយ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ ដើម្បី​ជំរុញ បង្កើន​ការថែទាំ​សុខភាព​បឋម សម្រាប់​ការត្រៀម​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​ផ្សេងៗ​ទៀត​នាពេល​​អនាគត ក្នុង​ការឆ្ពោះ​ទៅរក​ភូមិ​ឃុំ មាន​សុខភាព​ល្អ និង​មាន​អាយុកាល​រស់នៅ​បានយូរ​អង្វែង​»​។

ផ្អែកលើ​បទពិសោធ​នៃ​ការគ្រប់គ្រង និង​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ បានឱ្យ​ឃើញថា ការចូលរួម​របស់​បណ្ដាញ សហគមន៍​នៅក្នុង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​នានា គឺជា​ចំណុច​សំខាន់​ក្នុង​ការចូលរួម ចំណែក​សម្រេច​បាន​ជោគជ័យ​នូវ​កិច្ចការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​។ ទោះជា​បែបនេះ​ក្តី លោកស្រី​ក្រើន​រំឭក​ថា​៖ «​មកដល់​ពេលនេះ​ទោះបី​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បាន​ក្តី តែ​ក៏​មិនទាន់​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​បាន​ ១០០% នោះទេ គឺ​អាស្រ័យ​ទៅលើ​ឥរិយាបថ​របស់​ប្រជាជន​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ដូចជា​ការ​ទៅ​ចាក់​វ៉ាក់សាំង​ការតាមដាន​ឃ្លាំមើល​ស្ថានភាព​នៃ​ជំងឺ​កូវីដ​...»​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ លោក ស្រី ស៊ីន ថ្លែងថា តួនាទី​របស់​សហគមន៍​គឺ​សំខាន់ ពីព្រោះ​គាត់​ជា​អ្នក​នៅ​មូលដ្ឋាន​ផ្ទាល់ និង​យល់ដឹង​អំពី​សុខភាព​ដែល​កើតមានឡើង​នៅ​សហគមន៍ ចំណែក​មន្ត្រី​សុខាភិបាល​ជំនាញ​ជួយ​ផ្នែក​ខាង​បច្ចេកទេស និង​ការអប់រំ​។ លោក​ថា​៖ «​ដោយសារ​ការចូលរួម​របស់​សហគមន៍​ទើប​យើង​អាច​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​បាន​។ ថ្នាក់ដឹកនាំ​កំពូល ក៏ដូចជា​ក្រសួង​សុខាភិបាល​ខិតខំ​ហើយ ប៉ុន្តែ​បើ​អត់​មាន​ការចូលរួម​របស់​សហគមន៍ គឺ​មិនអាច​ជោគជ័យ​ទេ​។ អ៊ីចឹង​តាមរយៈ​សិក្ខាសាលា​នេះ​នឹងមាន​លទ្ធផល​ល្អ​ក្នុង​ការ​ទប់ស្កាត់​ទាន់ពេល​ចំពោះ​ជំងឺ​រាតត្បាត​ផ្សេងៗ​»​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា បានប្រកាស​ថា កម្ពុជា​មិនមាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ទៀត​នោះទេ ក្នុង​រយៈពេល​ ៤០ ​ថ្ងៃ​កន្លងមកនេះ ក្រោយពី​អ្នកជំងឺ​កូវីដ​ ១៩ ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​អស់ហើយ​នោះ​៕