អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​ប្រមាណ ៦០ នាក់ នៅ​ក្រុង​សៀមរាប ស្តីពី​បណ្តាញ​លូ និង​សេវាកម្ម​ទឹក​កង្វក់ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ និង​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែ​រក្សា​បណ្តាញ​លូ។

លោក សួន ភារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ កាល​ពី​ថ្ងៃទី ១៦ ខែ​មិថុនា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី “ការ​រៀបចំ​កម្មវិធី​លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​អំពី​បណា្តញ​លូ ប្រព័ន្ធ​ច្រម្រោះ និង​សេវាកម្ម​ទឹក​កខ្វក់​ថ្នាក់​ក្រោម​ជាតិ” ក្នុង​ក្រុង​សៀមរាប ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ពិន ប្រាកដ អភិបាល​រង​ខេត្ត​សៀមរាប លោក សុខ វណ្ណា ប្រធាន​កម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់​លំនៅឋាន​មនុស្ស​ជាតិ (UN-Habitat) អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ផ្នែក​ពាក់ព័ន្ធ សរុប​ប្រមាណ​ជាង ៦០ នាក់។

សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង លើក​កម្ពស់​ការ​យល់ដឹង​អំពី​តម្រូវការ គុណ​ប្រយោជន៍ ភាព​ចាំបាច់​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ការ​ចូលរួម​ថែ​រក្សា​បណ្តាញ​លូ និង​ទឹក​កខ្វក់​សម្រាប់​ជា​ការងារ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ប្រកប​ដោយ​និរន្តរភាព និង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​បន្ត​ពី​សារៈសំខាន់​អត្ថន័យ មាន​ចងក្រង​ក្នុង​សៀវភៅ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ក៏​ដូច​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ផង​ដែរ។

លោក សួន ភារិទ្ធ បាន​លើក​ឡើង​ថា ដោយសារ​កម្ពុជា​បច្ចុប្បន្ន​មាន​សន្តិភាព ទើប​ធ្វើ​ឱ្យ​យើង​មាន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ទន្ទឹម​នឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​សៀមរាប បញ្ហា​ទឹក​កខ្វក់​ដែល​បង្ក​ពី​សកម្មភាព​ផ្សេងៗ បាន​ហូរ​ចូល​ទៅ​ក្នុង​តំបន់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សហគមន៍ បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខុមាលភាព​ប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី និង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង។

ហេតុ​ដូច​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ជាច្រើន​ពិសេស បណ្តាញ​លូ​ទឹក​ភ្លៀង បណ្តាញ​លូ​ទឹក​កខ្វក់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទីលាន​ចាក់​សំណល់​ភក់ ត្រូវ​បាន​សាងសង់ និង​កំពុង​សាងសង់​នៅ​តាម​បណ្តា​រាជធានី និង​ក្រុង​សំខាន់ៗ រួម​ទាំង​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ផង​ដែរ។

លោក សួន ភារិទ្ធ ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ដើម្បី​ឱ្យ​សមិទ្ធផល​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង សូម​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រែ​ក្លាយ​ក្រុង​សៀមរាប ទៅ​ជា​ទីក្រុង​ដ៏​ស្រស់ស្អាត មាន​សោភ័ណភាព អនាម័យស្អាត បរិស្ថានល្អ និង​គួរ​ឱ្យ​ចង់​រស់នៅ ក៏​ដូច​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ តាម​រយ:​ការ​លើក​កម្ពស់​អនាម័យស្អាត និង​សុខភាព​សាធារណៈ ធ្វើ​ឱ្យ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​ឡើង៕