ក្រុម​ការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​បំណែក​រូប​ទេវតា​ទាញ​ព្រ័ត្រ​ដែល​រលំ​ធ្លាក់​ពី​ស្ពាន​ហាល​ចូល​ក្នុង​កសិន្ធុ​ផ្នែក​ខាង​ជើង​ដែល​បាន​កប់​ក្នុង​ដី​អស់​រយៈពេល​រាប់​រយ​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ប្រមូល​យក​បំណែក​ទាំង​​នោះ​ទៅ​ជួសជុល​បន្ត ដើម្បី​ដាក់​នៅ​ទីតាំង​ដើម​វិញ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ផ្នែក​ខាង​ជើង​ស្ពាន​ហាល​នៃ​ខ្លោង​ទ្វារ​តាកាវ បាន​រក​ឃើញ​បំណែក​រូប​ទេវតា​ទាញ​ព្រ័ត្រ​ដែល​រលំ​ធ្លាក់​ពី​ស្ពាន​ហាល​ចូល​ក្នុង​កសិន្ធុ​ផ្នែក​ខាង​ជើង​ និង​បាន​កប់​ក្នុង​ដី​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​កន្លង​មក។ បំណែក​រូប​ទាំង​អស់​ត្រូវ​ចុះ​បញ្ជី គូរ​ និង​ថតរូប មុន​នឹង​លើក​យក​ចេញ​ពី​ក្នុង​រណ្តៅ​កំណាយ​មក​លាង​សម្អាត ជួសជុល ទៅ​ដាក់​នៅ​លើ​ស្ពាន​ហាល ត្រៀម​បន្ត​ទៅ​ដាក់​នៅ​តាម​ទីកន្លែង​ដើម​វិញ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ក្នុង​ប្រាសាទ​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ​បាន​និយាយ​ថា ដំណាក់កាល​កំណាយ​ស្រទាប់​ដី​ចាក់​បង្គរ​ប្រវែង ៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជា ១០ សង់ទីម៉ែត្រ បាន​ប្រទះ​ឃើញ​បំណែក​ផ្សេងៗ រួម​មាន​បំណែក​ដង​ខ្លួន​រូប​ទេវតា​ទាញ​ព្រ័ត្រ បំណែក​ប្រអប់​ដៃ-ជើង និង​ព្រះសិរ​ទេវតា​ចំនួន ៨។ ព្រះសិរ​ចំនួន ៦ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​នគរបាល​បេតិភណ្ឌ ដើម្បី​រក្សា​សុវត្ថិភាព រី​ឯ​ព្រះសិរ​ចំនួន ២ ផ្សេង​ទៀត​ មាន​ព្រះសិរ ១ បែក​ពាក់​កណ្តាល​ជា​ ២ បំណែក ហើយ​ព្រះសិរ ១ ទៀត​មាន​សភាព​សឹក​រេចរឹល និង​ផុយ​ស្រួយ​ខ្លាំង​ ដែល​តម្រូវ​ឱ្យ​រង់ចាំ​រហូត​ដល់​សាច់​ថ្ម​រឹងមាំ​ល្អ​មុន​នឹង​អាច​ផ្លាស់ទី​ព្រះសិរ​នេះ​ទៅ​កន្លែង​ជួសជុល។

អ្នកស្រី ធីតា បន្ថែម​ថា ការ​រក​ឃើញ​បំណែក​បដិមា​ទាំង​អស់​នេះ ផ្តល់​ជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ការ​ជួសជុល​ចម្លាក់​ទាញ​ព្រ័ត្រ​នៅ​ស្ពាន​ហាល​ខ្លោង​ទ្វារ​តាកាវ​បាន​គ្រប់គ្រាន់​ដូច​ដើម​ឡើង​វិញ។

អ្នកស្រី​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ការងារ​កំណាយ​បាន​រក​ឃើញ​បំណែក​ចម្លាក់​ទេវតា​បាន​ប្រមាណ​ជា ៣០ ភាគរយ ហើយ​បំណែក​ចម្លាក់​មួយ​ផ្នែក​ធំ​ទៀត​បាន​ដួល​រលំ​នៅ​លើ​តួ​ស្ពាន​ហាល។

អ្នក​ជំនាញ​រូប​នេះ បន្ត​ឱ្យ​ដឹង​ថា ការ​ធ្វើ​កំណាយ​នៅ​ដំណាក់​ដំបូង​មិន​ទាន់​ដល់​ស្រទាប់​ដី​ដើម​ក្នុង​សម័យ​សាងសង់​ស្ពានហាល​នៅ​ឡើយ។ បន្ទាប់​ពី​បញ្ចប់​កំណាយ​ស្រទាប់​ទី១ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្រទាប់​ទី២ នឹង​បន្ត​ដល់​ស្រទាប់​ដី​ធម្មជាតិ ដើម្បី​ស្វែង​យល់​ពី​រចនា​សម្ព័ន្ធ​នៃ​ស្ពាន​ហាល ដើម្បី​ឱ្យ​វិស្វករ ស្ថាបត្យករ រៀបចំ​ពង្រឹង​ស្ពាន​នេះ​ឡើង​វិញ។

សូម​បញ្ជាក់​ថា ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ ២០២២ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​កក្កដា ឆ្នាំ ២០២២ ខាង​មុខ​នេះ៕