មន្ទីរទេសចរណ៍​រាជធានី​ភ្នំពេញ​ណែនាំ​ដល់​ម្ចាស់​ទូក កាណូត​ដឹក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​បណ្តោះអាសន្ន ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សុវត្ថិភាព ក្នុង​អំឡុងពេល​បាញ់​កាំជ្រួច​អបអរសាទរ​ក្នុង​ព្រះរាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ​។

សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១៧ ខែមិថុនា​នេះ បានឱ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ព្រះរាជពិធី​បុណ្យចម្រើន​ព្រះជន្ម សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់ ក្នុង​គម្រប់​ព្រះជន្ម ៨៦ យាង​ចូល ៨៧ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​ ១៨ ខែមិថុនា ឆ្នាំ​ ២០២២ នឹងមាន​ការបាញ់​កាំជ្រួច​អបអរសាទរ​ព្រះរាជពិធី បុណ្យ​ចម្រើន​ព្រះជន្ម​។

សេចក្តី​ជូនដំណឹង​បន្តថា៖ «​ដូចនេះ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ទូក កាណូត​ដឹក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​ផ្អាក​សកម្មភាព​ដំណើរការ​ទូក កាណូត​ទាំងអស់​របស់​ខ្លួន ដោយ​មិនត្រូវ​ទៅ​ក្បែរ​សាឡង់​អុជ​កាំជ្រួច​ជាដាច់ខាត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សុវត្ថិភាព​បញ្ចៀស​បញ្ហា​ផ្សេងៗ​ពេល​បាញ់​កាំជ្រួច និង​មិនត្រូវ​ឱ្យមាន​ជា​រូបភាព​អសកម្ម​ណាមួយ​កើតឡើង​នៅតាម​ដង​ទន្លេ​មុខ ព្រះបរមរាជវាំង ជាពិសេស​នៅពេល​បាញ់​កាំជ្រួច​វេលា​ម៉ោង​ ១៩៖០០ ​នាទី​យប់​។

មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នៅពេល​ទទួលបាន​សេចក្តី​ជូនដំណឹង​នេះ ម្ចាស់​អាជីវកម្ម​ទូក កាណូត​ដឹក​ភ្ញៀវទេសចរ​ទាំងអស់ និង​ចូលរួម​សហការ​អនុវត្ត​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ញ៉ាំង​ឱ្យ​ការ​ប្រារព្ធ​ពិធី​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន និង​ជោគជ័យ​៕