សមាជិក និង​តំណាង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចំនួន ២ រូប បាន​ប្តឹង​លោក សុន ឆ័យ មន្រ្តី​គណបក្ស​ភ្លើងទៀន ​​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឱ្យ​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​សុំទោស​ជា​សាធារណៈ។

លោក ឌឹម សុវណ្ណារុំ សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​លោក សោម សូរីដា អគ្គលេខាធិការ​រង គ.ជ.ប តំណាង​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ដាក់​ពាក្យ​ប្តឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឱ្យ​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​ដែល​ដាក់​ចូល​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៧ ខែ​ មិថុនា ឆ្នាំ ២០២២ នេះ បាន​ប្ដឹង​ឈ្មោះ សុន ឆ័យ ភេទ​ប្រុស កើត​នៅ​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៥៦ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៤០ ផ្លូវ​លេខ ៥៦៨ ភូមិ ២ សង្កាត់​បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ ក្នុង​កម្មវិធី​នៃ​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អនឡាញ IDEA TALK នៃ​សារព័ត៌មាន Cambodia Daily។

ពាក្យ​បណ្តឹង​បាន​រៀប​រាប់​អំពី​អង្គហេតុ​ថា កាល​ពី​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ ក្នុង​ពេល​សម្ភាសន៍​នៅ​នាទី ១០:២៣ ដល់​នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ឈ្មោះ តាំង សារ៉ាដា ដោយ​មាន​ខ្លឹមសារ​ថា “..លទ្ធផល​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង...”។

នៅ​នាទី ១៣:២៤ ដល់ ១៣:៣៣ “...យើង​មិន​ចង់​ប្រៀបធៀប​ដូច​ចោរ​លួច​គោ​ទេ ដូច​យើង​និយាយ​អ៊ីចឹង ចោរ​លួច​គោ បើ​វា​លួច​គោ ៣ ហើយ យើង​ម៉េច​មិន​ឱ្យ​វា​លួច​ទាំង ៥ ទៅ។ ហើយ​នៅនាទី ១៤:២២ ដល់​នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បាន​បន្ត​ថា “...មិនមែន​ដោយសារ​គណបក្ស​ប្រឆាំង​ឡាំប៉ា​នោះ​ទេ ចេះ​និយាយ​នោះ​ទេ គេ​មាន​បច្ចេកទេស គេ​មាន​ភ័ស្តុតាង គេ​មាន​ប្រធាន​ភូមិ​នៅ​ណា កត់​អ្វី​ខ្លះ ទាហាន​នៅ​ត្រង់​ណា ក្បែរ​កន្លែង​បោះឆ្នោត​ហ្នឹង​យក​ទាហាន​ឱ្យ​ដើរ​គគ្រឹកគគ្រេង ទាំង​យប់​នឹង ធ្វើ​អ្វី​ខ្លះ​នឹង ស្អីៗ​នឹង​គេ​ដឹង ដូច្នេះ​ខ្ញុំ​ថា វា​អត់​ត្រឹមត្រូវ អត់​យុត្តិធម៌ គ.ជ.ប មិន​ឯករាជ្យ ហើយ​លទ្ធផល​វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ទេ។

ផ្អែក​តាម​ខ្លឹមសារ​ដែល​ឈ្មោះ សុន ឆ័យ បាន​ឆ្លើយ​ក្នុង​កិច្ចសម្ភាសន៍​ខាង​លើ ឈ្មោះ សុន ឆ័យ បាន​ចោទ​ប្រកាន់​បំភ្លៃ​ខុស​ពី​ការ​ពិត​ថា “លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ ប្រជាពលរដ្ឋ​ទេ.វា​មាន​ការ​លួច.ចោរ​លួច​គោ​អស់ ៣ នៅ​សល់ ២ យើង​ឱ្យ​ចោរ​មក​លួច ២ ទៀត មាន​អ្នក​ណា​ធ្វើ​បែប​ហ្នឹង​កើត.វា​អត់​ត្រឹមត្រូវ អត់​យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ”។

គជប យល់​ថា ការ​លើក​ឡើង​នេះ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ដែល​ត្រូវ​បំពេញ​ភារកិច្ច​ការងារ ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ពាក្យ​បណ្តឹង​របស់​តំណាង គ.ជ.ប បាន​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ឈ្មោះ សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើ ធ្វើ​លិខិត​សុំទោស គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ៕

វីដេអូ៖