លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​គ្រប់​ក្រសួង-​ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវ​រៀបចំ​គណៈប្រតិភូ​ចុះ​សួរសុខទុក្ខ​បងប្អូន​អតីតយុទ្ធជន​តាម​មូលដ្ឋាន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​លើក​ទឹកចិត្ត​ដល់​អតីតយុទ្ធជន​ដែល​បាន​ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​។

ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ១៥ “​ទិវា​អតីតយុទ្ធជន​កម្ពុជា​” នៅ​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ​នេះ​។

ក្នុង​សារលិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​លើកឡើង​ថា នៅ​ថ្ងៃទី​ ២១ ខែមិថុនា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​មោទនភាព​បំផុត ដែល​បងប្អូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​ ១៥ ទិវា​អតីតយុទ្ធជន​កម្ពុជា ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏មោះមុត និង​គុណបំណាច់​ដ៏ធំធេង​របស់​វីរ​យុទ្ធជន យុទ្ធនារី​នៃ​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជា​ទី​ស្នេហា​នៃ​យើង​។

ក្នុង​លិខិត​បាន​គូសបញ្ជាក់​ថា៖ «​ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​វីរ​អតីតយុទ្ធជន យុទ្ធនារី និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ គឺ​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ការកសាង សុខសន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធានា​ឱ្យ​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ឧត្តមប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​»​។

ជាមួយ​គ្នា​នេះដែរ​លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ បងប្អូន​អតីតយុទ្ធជន​កម្ពុជា បន្ត​រក្សា​ស្មារតី​វីរភាព​ដ៏ឧត្តុងឧត្តម និង​សេចក្ដី​ថ្លៃថ្នូរ​ជា​ពលរដ្ឋ​ឆ្នើម​របស់​ជាតិ​មាតុភូមិ ដើម្បី​បន្ត​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គមជាតិ​។ អំពាវនាវ​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវ​រៀបចំ​គណៈប្រតិភូ​ចុះ​សួរសុខទុក្ខ​បងប្អូន អតីតយុទ្ធជន​តាម​មូលដ្ឋាន និង​យុទ្ធជន យុទ្ធនារី ជាពិសេស​យុទ្ធជន​យុទ្ធ​រី ក្នុង​អង្គភាព​កងកម្លាំង​ប្រដាប់អាវុធ សម្ព័ន្ធ​មេត្រីភាព យុទ្ធជន យុទ្ធនារី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​ជនពិការ​នៅតាម​មណ្ឌល​យោធិន​ពិការ​ ដើម្បី​លើក​ទឹកចិត្ត និង​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​អតីតយុទ្ធជន និង​យុទ្ធជន យុទ្ធនារី​។

បច្ចុប្បន្ននេះ អតីតយុទ្ធជន​ចំនួន ១០៣ ៧៩៧ នាក់ ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១៥០ ៥៣៩ ​នាក់​កំពុង​ទទួល​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ពី​រដ្ឋ​។ គិត​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២០ តទៅ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ចាប់ពី ៥៦ ​ម៉ឺន​រៀល ដល់​ ៦២​ ម៉ឺន​រៀល និង​ត្រូវ​បន្ថែម​ឱ្យដល់​ត្រឹម ៦៤ ​ម៉ឺន​រៀល​ក្នុង​មួយខែ​។ ក្នុង​នោះ​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់ គ្រួសារ​ និង​កូន​ប្រចាំខែ​របស់​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​បាន​កំពុង​អនុវត្ត​ដូច​ប្រាក់​វិភាជន៍​គ្រួសារ ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​ផងដែរ​។ ក្នុង​ឆ្នាំ​ ២០២២​ នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ដំឡើង​ប្រាក់​សោធន៍​និវត្ត​ដល់​អតីតយុទ្ធជន និង​និវត្តជន​ផងដែរ​។ ទន្ទឹម​នឹងនេះ រាជរដ្ឋាភិបាល​ក៏​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ចំនួន ៥ ​ម៉ឺន​រៀល​ជូន​ដល់​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ និង​គ្រួសារ​អតីតយុទ្ធជន​៕