ភ្នំពេញៈ រដ្ឋមន្ត្រី​ការទេស អាស៊ាន-ឥណ្ឌា បាន​ព្រម​ព្រៀង​ធ្វើ​ការ​រួមគ្នា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន-ឥណ្ឌា «ដែល​មាន​អត្ថន័យ ប្រកប​ដោយ​ខ្លឹមសារ និង​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក»។

ការ​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្រ្តី​ការបរទេស អាស៊ាន-ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា នៅ​ទីក្រុង ញូវដែលី ប្រទេស​ឥណ្ឌា ដែល​កិច្ច​ប្រជុំ​ពិសេស​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ផងដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា​៖ «ចំពោះ​ទិសដៅ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង អាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រី​ការបរទេស អាស៊ាន-ឥណ្ឌា បាន​ព្រមព្រៀង​ធ្វើ​ការ​រួមគ្នា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ អាស៊ាន-ឥណ្ឌា ដែល​មាន​អត្ថន័យ ប្រកប​ដោយ​ខ្លឹមសារ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​ពិចារណា​លើ​សក្តានុពល​ដ៏​ធំ​នៃ​ទំនាក់ទំនង​ដែល​កំពុង​បន្ត​រីក​ចម្រើន»។

ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ពិសេស​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ឥណ្ឌា បាន​ទទួល​ស្គាល់​សមិទ្ធផល​ជាច្រើន​ដែល​សម្រេច​បាន ក្នុង​កិច្ចសហប្រតិបត្តិការ «ប្រកប​ដោយ​ផ្លែផ្កា» ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក ហើយ​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ អាស៊ាន-ឥណ្ឌា ដើម្បី​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​ រដ្ឋមន្រ្តី​ការ​បរទេស អាស៊ាន-ឥណ្ឌា លោក ប្រាក់ សុខុន បាន​ចូលរួម​ក្នុង​កិច្ច​សន្ទនា​​លើកទី​១២ ក្រោម​មូលបទ «ការ​កសាង​ស្ពាន​នៅ​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ​បាន​ពិភាក្សា​អំពី​សក្តានុពល​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​រវា​ងអាស៊ាន និង​ឥណ្ឌា ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បរិស្ថាន ការ​ថែទាំ​សុខភាព ការ​តភ្ជាប់​ឌីជីថល ទំនាក់ទំនង​វប្បធម៌ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខ្សែ​ច្រវ៉ាក់​តម្លៃ​សកល​និង​តំបន់​ដែល​មាន​ភាព​ធន់ ពាណិជ្ជកម្ម និង​វិនិយោគ ថាមពល និង​សកម្មភាព​អាកាស​ធាតុ និង​ការ​ខិតខំ​ស្តារ​ឡើង​វិញ​ពី​ជំងឺ​កូវីដ១៩៕