
រូបភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
បាត់ដំបងៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តសហការជាមួយសាកលវិទ្យាល័យ Hawai’i និងសាកលវិទ្យាល័យ Origon ធ្វើកំណាយស្រាវជ្រាវនៅតំបន់ប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងគម្រោងស្រាវជ្រាវឈ្មោះថាផ្ទះ (Pteah) ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២។
ក្រសួងវប្បធម៌បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមិថុនានេះ តាមរយៈហ្វេសប៊ុកថា គម្រោងស្រាវជ្រាវផ្ទះ (Pteah) នេះមានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២៣ ដោយធ្វើការងារស្រាវជ្រាវផ្តោតសំខាន់ទៅលើការកំណត់ទិដ្ឋភាព និងពេលវេលានៃការតាំងទីលំនៅរបស់មនុស្សមុន និងក្រោយសម័យអង្គរ តាមរយៈវិធីសាស្ត្រស្រាវជ្រាវបុរាណវិទ្យា និងវិទ្យាសាស្ត្រ។
សមាជិកគម្រោងផ្ទះ (Pteah) នៅឆ្នាំ ២០២២ នេះមានលោកស្រី Miriam STARK មកពីសាកលវិទ្យាល័យ Hawai’i សហប្រធាន លោកស្រី Alison CARTER មកពីសាកលវិទ្យាល័យ Origon សហប្រធាន លោក ឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង លោកស្រី Cristina CASTILLO លោក ហ៊ាង មេសា អនុប្រធានការិយាល័យ មន្ត្រីជំនាញមន្ទីរប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ០២ រូប មន្ត្រីជំនាញមន្ទីរប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ០១ រូបនិង និស្សិតបរទេសផ្នែកបុរាណវិទ្យាមកពីសហរដ្ឋអាមេរិក ២ រូប និងថៃ ១ រូប៕