ក្រចេះ: ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​នៅថ្ងៃនេះ​បាន​បន្ត​រៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្តក្រចេះ​ ដើម្បី​បញ្ឈប់​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ ដើម្បី​អភិរក្ស​សត្វព្រៃ​ឱ្យនៅ​គង់វង្ស និង​ការពារ​ឱ្យ​សត្វព្រៃ​នៅ​កម្ពុជា​មាន​ចំនួន​សម្បូរ​ឡើងវិញ​។

នេះ​ជា​លើក​ទី ​៤ ដែល​យុទ្ធនាការ​អន្ទាក់​សូន្យ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ចំណោម​ ៨ យុទ្ធនាការ​ដែល​យុទ្ធនាការ​ទី​ ១ បានរៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣ ខែមីនា កន្លងទៅ​។

យុទ្ធនាការ​ទី​ ២ រៀបចំ​ឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​ដោយ​អង្គការ មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) និង​យុទ្ធនាការ​ទី​ ៣​ ដែល​ទើបតែ​បញ្ចប់​ថ្មីៗ​នេះ​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ខេត្តព្រះវិហារ​។

អង្គការ WWF បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ​ថា ការរៀបចំ​យុទ្ធនាការ​នេះ​គឺ​ដោយសារ​កត្តា​គំរាម​កំហែង​ដែល​បង្កឡើង​ដោយ​ការដាក់​អន្ទាក់ ភាពចាំបាច់​នៃ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ប្រសិទ្ធភាព​នៅក្នុង​តំបន់​ការពារ និង​សារៈសំខាន់​នៃ​ការកាត់បន្ថយ​តម្រូវការ​សាច់សត្វ​ព្រៃ​។

យុទ្ធនាការ​នេះ​មាន​គោលដៅ​ចូលរួម​សហការ​រួមគ្នា​ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​ខេត្ត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ការដាក់​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បន្ត​អំពាវនាវ​ដល់​បុគ្គល​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​និយាយថា «​ទេ​ចំពោះ​ការទិញ លក់ ឬ​បរិភោគ​សាច់សត្វ​ព្រៃ​»​។

លោក​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ក្នុង​ការ​ការពារ​សត្វព្រៃ និង​ធនធាន​ធម្មជាតិ​កម្ពុជា ដើម្បី​គាំទ្រ​ការចូលរួម​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​ប្រសើរឡើង​ថែមទៀត ជាពិសេស​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ធម្មជាតិ និង​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា និង​សកលលោក​៕