ភ្នំពេញៈ ​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ២៧ ​រូប ដែល​រឹបអូស​បាន​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​ម៉ានហាថាន​ក្រុង​ញូវយ៉ក និង​ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ២៧ ​រូប ដែល​រឹបអូស​បាន​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​ម៉ានហាថាន​ក្រុង​ញូវយ៉ក និង​ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០២២ ដោយ អនុលោម​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្តីពី​ការដាក់​កម្រិត​ហាមប្រាម​នូវ​ការនាំ​ចូល​លើ​ប្រភេទ​នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា និង​យោង​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​ម៉ានហាថាន​ក្រុង​ញូវយ៉ក​។

សេចក្តី​ប្រកាស​នោះ​បន្តថា ក្នុង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ​មាន​រូប​បដិមា​សំខាន់ៗ​មួយ​ចំនួន​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ក្នុង​សម័យ​អង្គរ ដូចជា​៖ ព្រះពុទ្ធ​រូប​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ​, រូប​ព្រះ​ឥសូរ និង​រូបនាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្មភក់​។ វត្ថុ​ទាំង ​២៧ ​រូបនេះ​ត្រូវ​បាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​ឱ្យ​ក្រុម​ជំនាញ​ធ្វើការ​ពិនិត្យ​វាយតម្លៃ សម្អាត ជួសជុល និង​ដំឡើង​ជើង​ទម្រ​ចាំបាច់​នានា សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រគល់​ទទួល​ជា​ផ្លូវការ នៅ​ពេលវេលា​ណាមួយ​សមស្រប​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។

លោកស្រី​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា​៖ «​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ គឺជា​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់ និង​តំណាង​ឱ្យ​អរិយធម៌​ដ៏រុងរឿង​នៃ​ប្រវត្តិសាស្ត្រ របស់​កម្ពុជា ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិកំណើត​អស់​ជាច្រើន​ឆ្នាំ​មកហើយ​នា​សម័យ​សង្គ្រាម និង​អសន្តិសុខ​កន្លង​មក​»​។

លោកស្រី​បន្តថា ដោយសារ​គោលនយោបាយ​ឈ្នះ-​ឈ្នះ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ ទើប​មាន​ឱកាស​ក្នុង​ការសហការ​ស្វែងរក និង​នាំយក​កេរ​មរតក​ខ្មែរ​ដែល​បាន​បាត់បង់​ទាំងនោះ​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​។

លោកស្រី​បាន​ថ្លែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​ម៉ានហាថាន​ក្រុង​ញូវយ៉ក​, ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​ក្រសួង ស្ថាប័ន​នានា​របស់​កម្ពុជា និង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ រួមជាមួយ​លោក Bradley J Gordon និង​លោក Steven Heimberg ដែល​បាន​ជួយ​ក្នុង​ការស្រាវជ្រាវ និង​បញ្ជូន​រតនសម្បត្តិ​ទាំងនេះ​ត្រឡប់មក​កម្ពុជា​វិញ​។

ជាមួយ​គ្នា​នោះ​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​សារមន្ទីរ​នានា ក៏ដូចជា​អ្នកកាន់កាប់​សមុច្ច័យ ឯកជន​នៅ​ទូទាំង​ពិភពលោក សូម​ចូលរួម​សហការ​ និង​ប្រគល់​សម្បត្តិ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ ត្រឡប់​មក​ប្រទេស​កំណើត​វិញ​៕