
ពិធីបើកបវេសនការពុទ្ធកសិក្សាទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រោមវត្តមានសម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាគណៈមហានិកាយ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)។ រដ្ឋបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុថ្លែងថា ការបើកបវេសនការពុទ្ធកសិក្សាទូទាំងខេត្តព្រះសីហនុ គឺជាការផ្តល់ឱកាសដល់ព្រះសង្ឃបានសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ មានភាសាបាលី វិន័យសាសនារួមទាំងចំណេះដឹងទូទៅតាមនិយាមរបស់ក្រសួងធម្មការនិងសាសនា និងក្រសួងអប់រំ យុវជន និងកីឡា។
លោក ឡុង ឌីម៉ង់ ថ្លែងបែបនេះក្នុងពិធីបើកបវេសនការពុទ្ធកសិក្សាទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រោមវត្តមានសម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាគណៈមហានិកាយ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)។
លោកអភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ពុទ្ធិកសិក្សានេះនឹងជួយឱ្យមានធនធានព្រះសង្ឃទាំងបរិមាណ និងគុណភាព ក្លាយទៅជាអ្នកចេះដឹង និងជាអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត ក៏ដូចជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ លើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។
លោកថ្លែងថា៖«ការផ្សព្វផ្សាយព្រះធម៌ របស់ព្រះពុទ្ធសាសនា មានសីល សមាធិ បញ្ញា ភាវនាអប់រំមហាជនឱ្យយល់ដឹង និងជ្រួតជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វៀរចាកអំពីបាប និងអំពើអបាយមុខផ្សេងៗស្គាល់គុណ ស្គាល់ទោសនឹងធ្វើឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព»។
លោកបន្តថា តាមរយៈពុទ្ធិកសិក្សា ខេត្តព្រះសីហនុទទួលបាននូវអ្នកមានចំណេះដឹង ជាពហុសូត្រ ដែលជាសសរទ្រូងដ៏រឹងមាំ រួមចំណែកថែរក្សាការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ដែលជាអត្តសញ្ញាណជាតិការយកចិត្តទុកដាក់ចំពោះវិស័យពុទ្ធិកសិក្សា។
លោកអភិបាលរងខេត្ត បានស្នើសុំឱ្យមន្ទីរធម្មការ និងសាសនាខេត្ត រួមជាមួយព្រះមេគុណខេត្ត ចាំបាច់ត្រូវតែពង្រីក និងពង្រឹងយកចិត្តទុកដាក់ឱ្យបានល្អប្រសើរទាំងក្នុងទីក្រុង និងជនបទ ព្រោះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នារួបរួមគ្នាការពារសេចក្ដីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធោវាទ ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៌ និងស្មារតីជំរុញចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំនិងហិង្សា។
សម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាគណៈមហានិកាយ មានសង្ឃដិការណែនាំបន្ថែមដល់សមណៈសិស្សឱ្យគោរពបទបញ្ជាផ្ទៃក្នុងវត្ត និងវិន័យសាលាឱ្យបានល្អ ដើម្បីប្រតិបត្តិក្លាយជាសមណៈសិស្សសម្រាប់ព្រះពុទ្ធសាសនាផង សម្រាប់វត្ត ក៏ដូចជាពុទ្ធសាសនាទូទាំងខេត្តព្រះសីហនុ៕