ភ្នំពេញៈ មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ៤ ទីតាំង​បន្ថែម​ទៀត​ដែល​លក់​ប្រេង​កេងបន្លំ​ប្រជាពលរដ្ឋ និង​បាន​បន្ត​ចាត់​វិធានការ​លើ​ម្ចាស់​ដេប៉ូ​ទាំង​នេះ ក្រោយ​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈចំនួន ២៥ ទីតាំង​ក្នុង​ខេត្ត​ចំនួន ៤។

កាលពីថ្ងៃទី១៥ ខែមិថុនា មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) ប្រចាំ​សាខារាជធានី ខេត្ត​ចំនួន ៥ គឺ​ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ត្រួត​ពិនិត្យ​ស្ថានីយ និងដេប៉ូ​ប្រេង​ឥន្ធនៈ​ទាំង ២៥​នេះ ក្រែង​ម្ចាស់​អាជីវកម្ម​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់។

ក.ប.ប បញ្ជាក់​តាម​រយៈហ្វេសប៊ុក​នា​ថ្ងៃ​នេះ​ថា៖ «មន្ត្រី​យើង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាងយក​ចិត្ត​ទុក​ដាក់​លើ​ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​បានសរុប​ចំនួន ២៥​ទីតាំង ដោយ​ក្នុង​នោះ​ដេប៉ូ​ចំនួន​៤ ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ដោយ​ធ្វើ​ការ​បន្លំ​ចំនួន​លីត្រ ដូចនេះ​មន្ត្រី​ជំនាញ​បាន​រៀបចំ​វិធានការ​តាម​នីតិវិធី»៕