
អាជ្ញាធរខេត្តពោធិ៍សាត់ណែនាំពលរដ្ឋឱ្យធ្វើអនាម័យ និងរក្សាទុកសម្បកកង់ឡានម៉ូតូចាស់ៗដើម្បីលុបបំបាត់ជម្រកមូសខ្លា។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ រដ្ឋបាលខេត្តពោធិ៍សាត់បានណែនាំសាធារណជន អាជីវករ ម្ចាស់អាជីវកម្ម លក់សម្បកកង់រថយន្ត និងយានដ្ឋានជួសជុលរថយន្តទាំងអស់ធ្វើអនាម័យ និងរក្សាទុកសម្បកកង់ឡានម៉ូតូចាស់ៗនៅតាមកន្លែងលក់សម្បកកង់ និងយានដ្ឋាននានា ដើម្បីលុបបំបាត់ជម្រកមូសខ្លា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១៧ ខែមិថុនា បានណែនាំដល់ពលរដ្ឋឱ្យទុកដាក់សម្បកកង់ឡានម៉ូតូចាស់ៗ ត្រូវដាក់តម្រួតគរលើគ្នាដោយយកស្បៃគ្រប ឬសង្គ័សីលាតគ្របពីលើឱ្យជិតដើម្បីកុំឱ្យមូសខ្លាញីចូលពងបាន។ សម្បកកង់ឡានម៉ូតូចាស់ៗ ត្រូវដាក់ប្រេងម៉ាស៊ីន ដាក់អំបិល ឬដាក់ដីខ្សាច់បំពេញដើម្បីធានាថាមូសមិនអាចពងញាស់បាន សម្បកកំប៉ុងភេសជ្ជៈ ស្រាបៀរ និងដបទឹកសុទ្ធត្រូវប្រមូលច្រកចូលការុងឱ្យជិតទុកលក់ឱ្យអេតចាយ។
ជាមួយគ្នានោះ ត្រឡោកដូង ចានស្មៅ ត្រូវផ្កាប់សម្រាប់ដុត ឬកប់ដីចោល។ ពាងក្រឡ ថូផ្កា និងប្រអប់ត្រងទឹកស្រក់ដែលនៅខាងក្រោមទូទឹកកក ត្រូវឧស្សាហ៍ពិនិត្យលាងចាក់ចោលជាប្រចាំ យ៉ាងហោចណាស់ក្នុង ១អាទិត្យម្តង។
តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលខេត្តពោធិ៍សាត់ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណជន អាជីវករ ម្ចាស់អាជីវកម្ម លក់សម្បកង់រថយន្ត និងយានដ្ឋានជួសជុលរថយន្តទាំងអស់ ត្រូវអនុវត្តតាមការណែនាំខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា ការណែនាំនេះធ្វើឡើង ដោយយោងទៅលើរដូវនេះជារដូវភ្លៀងធ្លាក់ ជាហេតុអំណោយផលដល់ការពងញាស់របស់មូសខ្លាញី ដែលជាភ្នាក់ងារតែមួយគត់ក្នុងការចម្លងជំងឺគ្រុនឈាមដល់មនុស្សគ្រប់វ័យ ជាពិសេសទៅលើកុមារ និងដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននេះ មានករណីជំងឺគ្រុនឈាមកំពុងតែកើតមានឡើងនៅក្នុងខេត្តពោធិ៍សាត់ និងតាមរយៈការអង្កេតស្រាវជ្រាវភ្នាក់ងារបង្កជំងឺគ្រុនឈាមមានប្រភព ៨០% បណ្តាលមកពីវត្ថុដក់ទឹកថ្លាជាពិសេស គឺសម្បកង់ឡាន ម៉ូតូចាស់ៗ ដែលដាក់ចោលហើយដក់ទឹកនៅខាងក្នុង៕