ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈនឹង​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ ក្នុង​គោល​បំណងផ្សព្វផ្សាយ​អំពី​ទំហំ​នៃ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៥ ខែ​កក្កដា នៅ​ខេត្ត​សៀមរាប ក្រោម​ប្រធានបទ «ធ្វើ​សកម្មភាព​រួមគ្នាដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព និង​សុខភាព​ការងារ​ជា​វិជ្ជមាន»។

ក្រសួង​ការងារ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃនេះ​ថា៖ «នេះ​ជា​ឆ្នាំទី​១៧ ហើយ ដែល​ក្រសួង​ការងារ​ប្រារព្ធ​ទិវាពិភពលោក​ដើម្បី សុវត្ថិភាព និង​សុខភាព​ការងារ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ទំហំ​នៃ​គ្រោះថ្នាក់​ការងារ​និង​ជំងឺ​វិជ្ជាជីវៈ និង​បំផុសការ​យល់​ដឹង​ជា​សាធារណៈ​ស្តីពីសុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ ព្រម​ទាំង​ទាញ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​និយោជក និងអង្គការ​កម្មករ​និយោជិត»។

ប្រភព​ដដែល​បន្ត​ថា ទិវានេះ នឹង​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ តំណាង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា តំណាង​និយោជក និង​សហជីព ព្រម​ទាំង តំណាងស្ថាប័ន​ពាក់ព័ន្ធ ម្ចាស់​រោងចក្រ សហគ្រាស​នានា និង​កម្មករ​និយោជិត​សរុប​ចំនួន ៧០០នាក់៕