ភ្នំពេញៈ សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​បរិស្ថាន សហការ​ជាមួយ​សាលា​ខេត្តកែប និង​មន្ទីរបរិស្ថាន​ខេត្ត​កែប ដាំដើម​កោងកាង​ចំនួន ៥ ០០០ដើម នៅ​ទីតាំង​ព្រៃ​កោងកាង​នៅ​សហគម​នេសាទ​ភូមិថ្មី នៃ​ខេត្ត​កែប។

ការ​ដាំដើមឈើ​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភព​លោក ៥ មិថុនា ឆ្នាំ ២០២២ ក្រោម​ប្រធានបទ «ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង»។

លោកស្រី ឌិត នីតា ភរិយា​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ថ្លែង​ក្នុង​ពិធី​ដើម​កោងកាង​នៅ​ថ្ងៃនេះ​ថា ដើម​កោងកាង​មាន​សារៈប្រយោជន៍​សំខាន់​ណាស់​ចំពោះ​មនុស្ស សត្វ និង​បរិស្ថាន ដូចជា ជា​របាំងធម្មជាតិ​ការពារ​ឆ្នេរ​សមុទ្រ​ពីគ្រោះ​ធម្មជាតិ។

លោកស្រី​បន្ត​ថា វាជា​កន្លែង​ស្តុកកាបោន ជា​ស្រទាប់​ចម្រោះទឹក ជា​កន្លែង​សម្រាប់​បង្កើត​ទេសចរណ៍​ធម្មជាតិ ជា​ប្រភព​អាហារ​ដ៏​សំខាន់ និងជា​ជម្រក​ត្រីពង-កូន និង​សត្វស្លាប។ វា​ក៏​ជា​ប្រភព​ប្រាក់​ចំណូល ហើយ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ មក​លេង​កម្សាន្តកាន់​តែ​ច្រើន ផ្ដល់​នូវ​ប្រាក់​ចំណូល​ដល់​ប្រជាសហគមន៍។

លោកស្រី ឌិត នីតា ចាត់ទុក​ព្រៃ​កោងកាង គឺជា​សម្បត្តិ​រួម​របស់​សហគមន៍ និង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ព្រៃកោងកាង​សម្រាប់​ប្រយោជន៍​រួម​ដល់​កូន​ចៅ​ជំនាន់ក្រោយ។

លោកស្រី​ថ្លែង​ថា៖ «ដើម្បី​ចូលរូម​រក្សា​លំនឹង​អេកូឡូស៊ី​ជលផល​កាន់​តែ​សម្បូរបែប នៅ​ក្នុង​ខេត្តកែប នៅ​ថ្ងៃនេះ ក្រសួង​បរិស្ថាន​បាន​ផ្សារភ្ជាប់កម្មវិធី​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក តាម​រយៈសកម្មភាព​ដាំដើម​កោងកាង ចំនួន ៥០០០ដើម ដោយ​មាន​ការ​សហការ​គាំទ្រ​ពី​ក្រុមហ៊ុន​សម្ព័ន្ធ​អាយ អេស អាយ ចំនួន ២ ០០០ដើម»៕