ភ្នំពេញៈ លទ្ធផលជំរឿនសត្វត្មាតលើកទី៣ ឆ្នាំនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ សន្និដ្ឋានចំនួនសត្វត្មាតនៅកម្ពុជា មានចន្លោះពី ១២៨ ដល់ ១៣៤ ក្បាល ច្រើនជាងទិន្នន័យសត្វត្មាត កាលពីឆ្នាំមុន ដែលមានចំនួន ១២១ ក្បាល។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែមិថុនា។

លោក នេត្រ ភក្ត្រា ថ្លែងថា យោងតាមលទ្ធផលជំរឿនសត្វត្មាតលើកទី៣ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ សត្វត្មាតចំនួន ១២៨ ក្បាល ត្រូវបានកត់ត្រា។ ក្នុងនោះនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ ក្បាល ដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះចំនួន ២៤ ក្បាល និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចំនួន ៩ ក្បាល។

លោកថ្លែងថា៖ «ក្រុមការងារអភិរក្សសត្វត្មាត នឹងបន្តតាមដានបន្ថែម និងត្រូវធ្វើជំរឿនចំនួន ២ ដងទៀត សម្រាប់ឆ្នាំ ២០២២ នេះ គឺនៅខែកញ្ញា និងខែធ្នូ ដើម្បីធ្វើសេចក្តីសន្និដ្ឋានថា ចំនួនសត្វត្មាតនៅឆ្នាំ២០២២នេះ មានចំនួនកើនឡើង ឬក៏មានចំនួនថេរ បើប្រៀបធៀបនឹងឆ្នាំ ២០២១ កន្លងទៅនេះ»។

លោក នេត្រ ភក្ត្រា ឱ្យដឹងថា ទិន្នន័យសត្វត្មាតកាលពីឆ្នាំ ២០២១ មានចំនួន ១២១ ក្បាល នៅអាហារដ្ឋានត្មាតចំនួន ៤ កន្លែង នៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

ទោះបីជាមិនទាន់អាចកំណត់បាននូវចំនួនសត្វត្មាតពិតប្រាកដនៅឆ្នាំ ២០២២ នេះនៅឡើយក្តី ប៉ុន្ដែលោកភក្ត្រា បានបង្ហាញសុទិដ្ឋិនិយមថា ចំនួនសត្វត្មាតនៅកម្ពុជា អាចនឹងមានចំនួនថេរ ឬអាចនឹងមានកំណើនតិចតួច ប៉ុន្តែមិនធ្លាក់ចុះឡើយ។ ព្រោះបើពិនិត្យលើលទ្ធផលជំរឿននៅថ្ងៃទី ១៧ ខែមិថុនា ក្រុមការងារអភិរក្សបានកត់ត្រាវត្តមានសត្វត្មាតចំនួន ១២៨ ក្បាល ដែលមានចំនួនច្រើនជាងឆ្នាំ ២០២១ រួចស្រេចទៅហើយ។ ចំណែកជំរឿន កាលពីថ្ងៃទី ១០ ខែមិថុនា សត្វត្មាតចំនួន ១៣៤ ក្បាលត្រូវបានកត់ត្រា។

លោកបញ្ជាក់ថា៖ «ដូច្នេះគេអាចសន្និដ្ឋានបឋមថា ត្មាតនៅកម្ពុជាអាចមានចន្លោះពី ១២៨ ដល់ ១៣៤ ក្បាល នៅឆ្នាំ ២០២២ នេះ»។

បើតាមលោក នេត្រ ភក្ត្រា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវឌ្ឍនៃចំនួនសត្វត្មាតនៅកម្ពុជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។

លោកថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ ដូច្នេះដើម្បីការពារ និងអភិរក្សសត្វត្មាតឱ្យបានគង់វង្ស សកម្មភាពសិក្សាស្រាវជ្រាវ និងអភិរក្សសត្វត្មាតនៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០៤។ នៅពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង។

លោកឱ្យដឹងថាទិន្នន័យជំរឿនឆ្នាំ ២០១០ ចំនួនសត្វត្មាតបានកើនដល់ ២៨៩ ក្បាល។ប៉ុន្តែចាប់ពីឆ្នាំ ២០១១-២០១៤ ចំនួនសត្វត្មាតមានការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្នចំនួនសត្វត្មាតទាំង៣ប្រភេទ មានចន្លោះពី ១២០-១៤០ ក្បាល។ ដោយឡែកចំនួនសម្បុកដែលបានរកឃើញ និងការពារ ក៏មានការធ្លាក់ចុះពី ២៧ សម្បុកក្នុងឆ្នាំ ២០១៥ មកសល់ត្រឹម ១៤ សម្បុកក្នុងឆ្នាំ ២០២១។ សត្វត្មាតទាំង៣ប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត សុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វជិត ផុតពូជ បំផុត ក្នុង បញ្ជីក្រហមនៃអង្គការ IUCN ។

លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF ថ្លែងថា ជំរឿនសត្វត្មាតប្រចាំ ឆ្នាំ ធ្វើឡើងចំនួន ៥ ដង គឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ខែមិថុនាត្រូវធ្វើជំរឿន ២ ដង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ដោយសារតែរដូវពងកូន និងញាស់របស់សត្វត្មាត គឺនៅអំឡុងខែមេសា និងខែឧសភា។

លោកសម្គាល់ឃើញថា៖ «នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាតមានចំនួនថេរ និងមិនទាន់មានសញ្ញានៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាពនៃការអភិរក្សសត្វត្មាតនេះត្រូវបន្ត ដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យបាន»។

លោកបន្តថា មានបញ្ហាប្រឈមជាច្រើនក្នុងការអភិរក្សសត្វត្មាត ក្នុងនោះកត្តាចំណីអាហារដែលបច្ចុប្បន្នមានការកាត់បន្ថយដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុកស្លាប់ក្នុងព្រៃកាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្សត្រូវផ្តល់ចំណីបន្ថែមជាប្រចាំខែ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែនជម្រកសត្វព្រៃសម្បូណ៌មានវត្តមានសត្វត្មាតចុះមកនារដូវវស្សា និងសន្និដ្ឋានថា តំបន់នេះ ដែលស្ថិតក្រោមការអភិរក្ស ការពារ និងតាមដានជាប្រចាំមានសុវត្ថិភាព សម្រាប់ពួកសត្វត្មាតរស់នៅ ទើបសត្វត្មាតបានមករស់នៅតំបន់នេះ។

លោកថ្លែងថា៖ «តាមរយៈការផ្តល់ចំណីបន្ថែមនេះបានធ្វើឱ្យទីតាំងនៅដែនជម្រកសត្វព្រៃសម្បូណ៌កាន់តែមានការទាក់ទាញសត្វត្មាតបន្ថែមទៀត»។

លោក ភក្ត្រា បានកោតសរសើរក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារ អភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃ ដែលមានវត្តមានសត្វត្មាត៕

វីដេអូ៖