ពោធិ៍សាត់ៈ យ៉ាង​ហោច​ណាស់​មា​នព​ល​រដ្ឋ​ជិ​ត ​២​០​០ នា​ក់ ​បា​ន​សម្រេ​ច​ចាក​ចេ​ញ​ពីក្នុង​តំបន់​ដែន​ជម្រ​កស​ត្វព្រៃ​ភ្នំ​សំ​កុស​ និង​មេខ្លោង​ម្នាក់ត្រូ​វបាន​ចាប់ខ្លួន​នៅថ្ងៃទី​ ១៩​ មិថុនា​ ខណៈ​មន្ទីរ​បរិស្ថាន​ប្រកាស​នៅ​ថ្ងៃនោះ​ឱ្យ​ពលរដ្ឋ​ប្រមាណ ​៥០០​ នាក់ ដែល​បាន​ចាញ់​កល​​ក្រុម​ជនខិល​ខូច​ឱ្យចូ​លទៅ​កាប់​ឆ្ការ​ដីព្រៃ​ និង​សង់​ខ្ទម​យ៉ាង​អនា​ធិប​តេយ្យ​ក្នុងតំ​បន់​នោះ ​ត្រូវ​ប្រញាប់​រុះរើ​និង​ចាក​ចេញ​ជាបន្ទា​ន់។

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស​ មាន​ទំហំ​ជិត ​៣ ពាន់​ហិក​តា​ [២ ៧​៩០] ដែលជា​ទីតាំង​ដ៏​សំខាន់​ផ្នែក​ប្រព័ន្ធ​អេកូឡូ​ស៊ី ព្រៃ​ស្រោង និង​សត្វ​ព្រៃ​។

សេចក្ដី​ប្រកាស​នេះ បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ស្រាវ​ជ្រាវ​រកឃើញ​មុខ​សញ្ញា​ជន​ខិល​ខូច​មួយ​ចំនួន​បាន​ធ្វើ​សកម្ម​ភាព​បំផុស​បំផុល​ពលរ​ដ្ឋពី​បណ្ដា​ខេត្ត​ផ្សេងៗ​ឱ្យចូល​មក​កាប់​រាន​ដីព្រៃ ដាំ​ដំណាំ ​និង​មាន​ការ​សង់​ខ្ទម​អនាធិប​តេយ្យ​ជាង ​១៨០​ ខ្នង នៅ​ចំណុច​ស្ទឹង​ខៀវ ជាប់​ជើង​ភ្នំ​ខ្មោច ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ឃុំ​អន្លង់​រាប ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​។

លោក ​ផាន់ សុភា​រិ​ន អនុប្រ​ធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ​១៩ ខែ​មិថុនា​ថា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹងដល់​ពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះឱ្យ​​រុះរើ​ខ្ទម​ចម្ការ​របស់​ពួក​គេនិ​ង​ចាក​ចេញពី​តំបន់​ខាង​លើនេះ​ម្ដង​រួចម​កហើយ ​ប៉ុន្តែ​ពួកគេ​មិន​ចាក​ចេញ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ មាន​ជនខិលខូ​ច​ជា​មេខ្លោង ​៤ នាក់ ​បាន​ដើរ​បំផុស​បំផុល​និង​កៀរ​គរ​ពល​រដ្ឋពី​បណ្ដា​ខេត្ត​មួយ​ចំនួ​នឱ្យចូល​មក​រស់នៅ​ប្រមូល​ផ្ដុំគ្នា​យ៉ាង​អនាធិប​តេយ្យ​ថែ​ម​ទៀត​។

លោក ​សុភា​រិ​ន បាន​ថ្លែង​ថា៖ «សកម្ម​ភាព​របស់​​ពលរដ្ឋ​ទាំង​នោះ ​គឺជា​សកម្ម​ភាព​ខុស​ច្បាប់ ​ដោយ​ពួកគេ​បាន​កាប់​រាន​ដីព្រៃ​ក្នុង​ដែន​ជម្រ​កសត្វ​ព្រៃ​ភ្នំ​សំ​កុស​ដែល​ជា​តំបន់​ការពារ​ធនធាន​ធម្ម​ជាតិ​របស់​រដ្ឋ»​។

បើតាម​​លោក ​សុភា​រិ​ន នៅ​ពេល​នេះ កម្លាំង​សម​ត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍​សាត់បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ ៤ នាក់ ដែល​បាន​បំផុស​បំផុល​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​ចូល​មក​កាប់​ទន្ទ្រាន​ដីព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​ចាត់វិ​ធាន​ការ​បន្ត​តាម​នីតិ​វិធី​។

លោក​បាន​បន្ត​ថា៖«នៅ​ពេល​នេះ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ​២០​០ នាក់ ​ក្នុង​ចំណោម ​៥០០​ នាក់ ដែល​បាន​លង់​ចាញ់​ក្នុង​ឧបាយ​កល​នៃ​ការ​ញុះ​ញង់​របស់​ក្រុម​ជន​ខិល​ខូច​ទាំង​នោះបា​ននាំគ្នា​ចាក​ចេញ​ពី​តំបន់​ព្រៃ​ការ​ពារ​នោះ ជា​បន្ត​បន្ទាប់ ​»។

ទន្ទឹម​នឹង​នេះ​លោក​បាន​ណែនាំ​ដល់​ពលរដ្ឋ​ដែល​នៅ​មិន​ទាន់​រុះរើ​សំណង់​របស់​ខ្លួន​ឱ្យប្រ​ញាប់​ប្រញាល់​ រុះរើ​ និង​ចាក​ចេញ​ពី​តំប់​ខាង​លើ​នេះ​ ហើយ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ខ្លួន​វិញ​ជា​បន្ទា​ន់ កុំ​បន្ត​ចាញ់​កល​ការ​ញុះ​ញង់​របស់​មេ​ខ្លោង​ទាំង​នោះ ​ដោយនៅ​តវ៉ា​ទាម​ទារ​កាន់កាប់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស ព្រោះ​វា​ពុំ​ស្រប​ទៅ​នឹង​ច្បាប់​ភូមិ​បាល​ឆ្នាំ​ ២០០១ ​និង​ច្បាប់​ស្ដីពី​តំបន់​ការពា​រធម្មជាតិ​ឆ្នាំ​ ២០០​៨ នោះ​ទេ។​

ជុំវិញ​ករណីពលរដ្ឋ​ចូល​ទៅ​កាប់​រាន​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​នេះ​ដែរ ​លោក សូ សា​ហុង អភិ​បាល​ស្រុក​វាល​វែង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណីនេះ​ មិន​មែន​ទើប​តែ​កើត​ក្នុង​ពេលថ្មីៗ​នេះ​ទេ ​គឺ​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​សមត្ថ​កិច្ច​បាន​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​ណែនាំ​ និង​បង្ក្រាប​ជា​បន្ត​បន្ទាប់ផ​ងដែ​រ។

លោក​ថ្លែង​ថា៖ «ពួកគេ​ជា​ពលរដ្ឋ​ទំនើង​មិន​គោរព​ច្បាប់​និង​កា​រណែ​នាំ​របស់​អាជ្ញា​ធរ​រដ្ឋាភិ​បាល​ទេ។ ពួក​គេ​គួរ​ត្រូវ​ចាប់​ផាក​ពិន័យ ​ឬផ្ដន្ទាទោ​ស​ទៅ​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង»​។

បើតាម​លោក ​សា​ហុង ​ពលរដ្ឋ​ដែល​ចូល​មក​កាប់​រាន​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស​ ភាគ​ច្រើន​មក​ពី​ខេត្ត​បាត់​ដំបង​ ប៉ៃលិន បន្ទាយ​មាន​ជ័យ​ ព្រះ​វិហារ ក្រចេះ និង​ខេត្ត​កំពង់​ចាម។ ចំណែក​អ្នក​នៅ​ក្នុង​មូល​ដ្ឋាន​ស្រុក​វាល​វែង​គឺមា​ន​តិច​តួច​ណាស់៕​

វីដេអូ៖