ក្រចេះៈ មន្រ្ដីជាន់​ខ្ពស់​ក្រសួង​បរិស្ថាន បាន​អំពាវនាវដល់​​ម្ចាស់​ភោជនីយ​ដ្ឋាន​អាហារ​ដ្ឋាន​ ចូលរួម​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ដ​ ក្នុង​ការ​​​បញ្ឈប់​ការ​លក់​ដូរ​សាច់​សត្វ​ព្រៃគ្រប់​ប្រភេទ ដើម្បី​ថែ​រក្សា​ជីវៈចម្រុះ និង​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​មាន​ភោជ​នី​យដ្ឋាន​ចំនួន ១០ បាន​ស្ម័គ្រចិត្ដ​ ​​​បញ្ឈប់​រាល់ការ​ជួញដូរសាច់​សត្វ​ព្រៃ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន និងជាប្រធាន​​យុទ្ធនាការ​អន្ទាក់​សូន្យ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានស្ដី​ពី​យុទ្ធ​នាការ​អន្ទាក់សូន្យ នៅ​​មន្ទីរបរិស្ថាន​ខេត្ដ​ក្រចេះ​ កាលពីថ្ងៃទី ១៧ មិថុនា​ថា ក្នុង​នាម​ជា​ប្រធាន​​យុទ្ធនាការ​អន្ទាក់សូន្យ​ លោក​​មាន​សេចក្ដី​រីក​រាយ និង​មាន​មោទនៈភាព ​ដែល​បាន​ឃើញ​ការ​ចូលរួមរបស់​អាជីវករ ជាពិសេស ម្ចាស់​ភោជនីយដ្ឋាន ដោយ​​ស្ម័គ្រចិត្ដ​ក្នុង​ការ​ប្រកាស​ថា ភោជនីយដ្ឋាន​របស់​ខ្លួន​គឺគ្មាន​ការ​លក់​សាច់​​សត្វព្រៃ​ទៀត​ទេ។​ ការងារ​នេះ ​គឺជា​ដំណើ​រ​មួយ​ដ៏​ជោគ​ជ័យ ហើយ​ក៏ជា​ការងារ​មួយ​ដែល​មាន​ការ​លើក​ទឹកចិត្ដ​បំផុតពីក្រសួង​បរិស្ថាន​។

លោកថ្លែង​ថា​៖ «យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណចំពោះ​បង​ប្អូង​ទាំងអស់​នោះ​ ដែល​ចូលរួម​ក្នុង​ការ​ប្រកាស​ស្ម័គ្រចិត្ដ​អនុវត្ដ​ការ​មិន​​លក់​សាច់​សត្វ​ព្រៃនេះ​​ជាជាការ​ចូលរួម​ដោយ​ផ្ទាល់នៅក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​សាច់​សត្វ​ព្រៃ​ និង​ការ​បរបាញ់​សត្វ​ខុស​​ច្បាប់»​។

លោកក៏​បាន​​អំពាវនាវ​ទៅ​ដល់​​ម្ចាស់​ភោជនីយដ្ឋាន​ផ្សេងៗទៀត សូម​ចូលរួម​សហការ​ជា​មួយ​នឹង​​មន្ទីរ​បរិស្ថាន​នៅ​តាម​ខេត្ដ ​​​ហើយ​មន្ទីរ​បរិស្ថាន​ក៏ដូចគ្នាដែរ នៅតាមខេត្ដដែលមាន​តំបន់​ការពារ​ធម្មជាតិ មិន​ចាំបាច់​ទី​តាំង​​ដែល​ក្រសួង​បាន​ធ្វើ​យុទ្ធនាការទេ គឺសូម​ធ្វើ​កិច្ច​ការងារ​នេះ​ ជាមួយនឹង​ម្ចាស់​ភោជនីយដ្ឋាននានា​ ដែល​​មាន​ព័ត៌​មាន​ពី​​ការ​លក់​ដូរ​សាច់​សត្វព្រៃ គឺថា​ សូម​បញ្ចុះ​បញ្ចូល និង​ជម្រាបជូន​ពួក​គាត់​អំពីផល​វិបាក​នៃការ​លក់ដូរ​សាច់​សត្វ​ព្រៃ​ចំពោះច្បាប់ និង​ចំពោះ​​សុខភាព​អតិថិ​ជន​របស់​គាត់។

លោក ភក្រ្ដា បញ្ជាក់ថា​៖ «អ៊ីចឹងអាហ្នឹង​គឺសូម​ឱ្យ​ពង្រីកក្នុង​ក្របខណ្ឌហ្នឹង ហើយ​បើសិនជា​សាធា​រណៈ​ជន​ជាពិសេស​ម្ចាស់​ភោជនីយ​ដ្ឋាន​បាន​ចូល​រួម​​ទាំងអស់​ប្រកាស​ទាំងអស់ គឺជា​ជោគ​ជ័យធំ​របស់​យើង​ហើយ​»។​

លោកក៏​សូម​ឱ្យប្រជាពលរដ្ឋ​​ដែល​ទៅដាក់​អន្ទាក់​ សូម​គិត​ថា ដាក់អន្ទាក់​​បាន​សត្វ​ព្រៃ ១ ក្បាលមក ​អាច​បរិភោគ​​បាន​ ១ ថ្ងៃ ឬ ២ ថ្ងៃ ក៏ប៉ុន្ដែ​សកម្មភាព​នេះ​ គឺបាន​​ធ្វើ​ឱ្យ​បាត់​បង់​នូវ​តម្លៃ​មហាសាល នៃ​​​ជីវៈចម្រុះ​របស់​ប្រទេស​ជាតិ​។ ​បើសិន​ជា​នាំគ្នា​រក្សា​​ទុក​សត្វព្រៃ​ នៅក្នុង​សហគមន៍ និង​រួមគ្នា​​អភិរក្ស ជីវៈចម្រុះ និង​សត្វព្រៃ​ទាំងនោះ នឹង​ផ្ដល់​ផលប្រយោជន៍យ៉ាង​ច្រើន និង​យូរអង្វែង ​ដល់​ដល់​ប្រជាពលរដ្ឋ​តកូនតចៅ ប្រៀបបាន​ទៅ​នឹង​ប្រភព​ធនធាន​មួយ ដែល​ប្រើ​ប្រាស់​មិនចេះអស់​។

លោក​បថ្លែង​ទៀត​ថា​៖ «អ៊ីចឹង​នេះ​គឺជា​កិច្ច​ការងារ​មួយ ដែល​យើង​ចង់​ស្នើសុំ​បន្ថែម ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​ម្ចាស់​ភោជនីយ​ដ្ឋាន សូម​​អំពាវនាវ​ពីទី​នេះ សូម​ចូលរួម។ ឥឡូវ​យើង​បាន​ ១០ ភោជនី​យដ្ឋានហើយនៅទូទាំង​ប្រទេស​មាន​ច្រើន​ណាស់​ជាពិ​សេស​​​ខេត្ត​​ដែល​មាន​តំបន់​ការពារ​ធម្មជាតិ គឺសូមឱ្យ​​ចូលរួម​ឱ្យ​បាន​សកម្ម​បំផុត»​។

លោក លំ សេរីកត់ ម្ចាស់​អាហារដ្ឋាន​ភ្នំត្បែង ស្ថិត​ក្នុង​ខេត្ដ​ព្រះវិហារ បាន​បង្ហាញ​​សេចក្ដី​រីករាយ​ដែលបាន​ចូលរួម​ជាមួយ​យុទ្ធនាកាអន្ទាក់សូន្យ​ ដែលរៀបចំឡើង​ ដោយក្រសួង​បរិស្ថាន ក្នុង​ការ​ប្ដេជ្ញាចិត្ដ​បញ្ឈប់​ការ​លក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​។

លោក​ថា​៖ «ខ្ញុំ​យល់​ឃើញថា យុទ្ធនាការ​នេះ ពិតជាមាន​សារប្រ​យោជន៍​​​ដោយបាន​បញ្ជ្រាប​ចំណេះដឹង និង​ព័ត៌មាន​អំពី​អត្ថ​ប្រ​យោជន៍​នៃជីវៈចម្រុះ និង​សត្វព្រៃ​ទៅដល់​ប្រជា​ពលរដ្ឋនៅមូលដ្ឋាន​។ ការ​បញ្ឈប់​ការ​ដាក់អន្ទាក់​សត្វព្រៃ គឺមាន​ប្រយោជន៍​យ៉ាងច្រើន​ក្នុង​ការ​ថែរក្សា​ជីវៈចម្រុះ និង​សត្វព្រៃ​របស់​យើង​»។

លោកបន្តថា បើ​ប្រជាពលរដ្ឋ​នៅបន្ត​ការ​ដាក់អន្ទាក់ និង​បរបាញ់​សត្វព្រៃ​ កម្ពុជា ​នឹង​បន្ត​បាត់​បង់​នូវ​ជីវៈចម្រុះ និង​សត្វ​ព្រៃ​នា​ថ្ងៃអនាគត និង​បាត់​បង់​នូវភ្ញៀវ​​ទេសចរ បែប​ធម្មជាតិ ដែល​ជាផ្នែក​សំខាន់​មួយ​ ក្នុង​ការ​ផ្ដល់​​ចំណូល​​ទៅដល់​សហគមន៍​។

លោក សេរីកត់ បញ្ជាក់​ថា​៖ «អីចឹង ក្នុង​​នាម​ខ្ញុំ​ជា​ម្ចាស់​អាហារដ្ឋាន​ភ្នំត្បែង ដើម្បីលើក​កម្ពស់​យុទ្ធនា​ការ​អន្ទាក់​សូន្យនេះ ខ្ញុំ​សូម​ចូលរួម​ប្ដេជ្ញា​តាំង​ចិត្ដ​ថា បញ្ឈប់​រាល់​កការ​ជួញដូរសាច់សត្វព្រៃគ្រប់​ប្រភេទ​នៅអាហារដ្ឋាន​ខ្ញុំ​បាទ និង​បញ្ឈប់​ការ​បញ្ជាទិញ​ពីតំបន់​នៅតាម​មូលដ្ឋាន​នានា​ ទោះបីជា​មាន​ការ​ញុះញង់ការ​លួង​លោមការ​គំរាម​កំហែង​យ៉ាងណាក្ដី គឺខ្ញុំ​មិន​លក់ដូរ​សាច់​សត្វ​ព្រៃជា​ដាច់​ខាត​​»។

លោក​សង្ឃឹម​ថា រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ បន្ត​បង្កើនការ​​រៀបចំ​វិស័យ​ទេសចរណ៍​បែប​ធម្ម​ជាតិ​នៅ​​តាម​តំបន់​ដែល​មាន​ធនធាន​ធម្មជាតិ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ទៅដល់​សហគមន៍ និង​​ឆ្លើយតប​ចំពោះ​ការ​បញ្ឈប់​ការ​ដាក់​អន្ទាក់​ផង​ដែរ​។​​

លោក ថាច់ មេត្រី តំណាង​អង្គការ រីខូហ្វ (RECOFTC) លើក​ឡើង​ថា ការ​បញ្ឈប់​ការ​បរបាញ់ ការ​ដាក់អន្ទាក់ និង​ការ​បរិភោគ​សាច់សត្វព្រៃ គឺត្រូវ​ផ្ដើម​ចេញ​ពីខ្លួន​ឯង​ជាមុនសិន។ ក្នុងនោះ​ត្រូវ​ឱ្យយល់​ច្បាស់ថា​ សាច់​សត្វព្រៃមិន​មែន​ជា​ឱសថ​បូរាណ សាច់​សត្វព្រៃមិន​មែន​មាន​រស់ជាតិ​ឆ្ងាញ់ សាច់​សត្វ​ព្រៃមែន​ជាអ្វីដែល​មិន​បរិភោគ​មិន​បាន​នោះ​ទេ​។

លោក​បញ្ជាក់ថា​«ខ្ញុំ​យល់​ខ្លួនឯង​ថា វាពិត​ជា​មាន​ផល​ប៉ះពាល់ ដោយ​ខ្ញុំ​ជឿថា សត្វ​ព្រៃ​វារស់​នៅក្នុង​ព្រៃមិន​ដឹង​ថា វាស៊ីអ្វីខ្លះ មិន​ដឹង​ថា វាមាន​មេរោគ​អ្វីខ្លះ​នៅ​ក្នុង​ខ្លួន​វា»។

លោកបន្តថា​៖ «សត្វស្រុក​យើង​ចិញ្ចឹម​មាន​ការ​ថែទាំ មាន​វ៉ាក់សាំង​​ចាក់​ការពារ​សុខភាព ក្នុង​កសិដ្ឋាន​នៅពេល​សត្វ​ចិញ្ចឹម​មាន​ជំងឺ​​បន្តិ​បន្តួច​ មាន​ពេទ្យគេ​ទៅពិនិត្យ​ព្យាបាល ចុះ​សត្វ​ព្រៃ វារស់នៅក្រៅ​តំបន់​យើង បែប​ផែននៃការ​រស់នៅខុស​ពីយើង អ៊ីចឹង មាន​ន័​យថា ពិតជា​មាន​មេរោគ ពិត​ជា​មិនល្អទេ​សម្រាប់​យើង​ ត្រូវ​យល់​ឱ្យច្បាស់​អាហ្នឹង​មួយ»។​

ក្រសួង​បរិស្ថាន និង​អង្គការ​អន្តរជាតិ​ជាដៃ​គូ​ក្នុង​វិស័យ​បរិស្ថាន កាលពី​ថ្ងៃ​ទី ៣ ខែ ​មីនា​ ឆ្នាំ​ ២០២២ បាន​រួម​គ្នា​​ប្រកាស​បើក​យុទ្ធ​នាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ ហើយ​បា​នប្តេជ្ញាចិត្ត​រួម​គ្នាថា នឹងចាត់​វិធាន​ការ​ចាំ​បាច់​​​នានា ដើម្បី​ឈាន​ទៅ​បញ្ចប់​វិបត្តិ​អន្ទាក់​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃខុស​ច្បាប់​នៅ​កម្ពុជា ។

តាមរយៈ​យុទ្ធ​នាការ​នេះ មាន​ភោជ​នី​យដ្ឋាន​ចំនួន ១០ បាន​ស្ម័គ្រចិត្ដ​ ​ប្ដេជ្ញាចិត្ដ​ក្នុង​ការ​ចូលរួម​ដោយ​បញ្ឈប់​រាល់ការ​ជួញដូរ សាច់​សត្វ​ព្រៃ​គ្រប់​​​ប្រ​ភេទ​ក្នុង​ទីតាំង​របស់ខ្លួន​។ យុទ្ធ​នាការ​អន្ទាក់​សូន្យ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ ៦ ខែ​ នៅតាម​បណ្តា​ខេត្ត​គោល​ដៅ​ដូចជា​ ស្ទឹង​ត្រែង ព្រះវិហារ ក្រចេះ មណ្ឌល​គិរី កំពង់​ធំ និង​រត​នៈ​គិរី៕

វីដេអូ៖