ភ្នំពេញៈ រន្ទះបាញ់​បាន​កើតឡើង ៤៦ លើក ដោយបាន​សម្លាប់​មនុស្ស​ចំនួន ២២ នាក់ និង​របួស​ ១៧ ​នាក់​ចាប់តាំងពី​ដើមរដូវ​ភ្លៀង​ធ្លាក់​រហូតដល់​ខែឧសភា ឆ្នាំ ២០២២ នេះ​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

គ្រោះ​រន្ទះបាញ់​ក៏បាន​សម្លាប់​គោក្របី ៥៣ ក្បាល និង​ធ្វើឱ្យ​ខូចខាត​ផ្ទះ ១១ ខ្នង​ផងដែរ​។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឱ្យដឹង​ទៀតថា ខេត្ត​បាត់ដំបង​មាន​រន្ទះបាញ់​កើតឡើង​ច្រើនជាង​ខេត្ត​ដទៃ ដែល​មាន​ដល់​ទៅ ៨ លើក និង​ធ្វើឱ្យ​មនុស្ស​ស្លាប់ ៣ នាក់​។ ប៉ុន្តែ​ខេត្ត​ពោធិ៍សាត់​គឺជា​ខេត្ត​ដែល​មាន​មនុស្ស​ស្លាប់ ដោយសារ​រន្ទះបាញ់​ច្រើន​ជាងគេ​រហូតដល់​ទៅ ៤ នាក់ ខណៈ​រន្ទះបាញ់​កើតឡើង​ត្រឹមតែ ៣ ដង​ប៉ុណ្ណោះ​។ បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅក្នុង​រយៈពេល ៥ ខែ​ដើមឆ្នាំ ២០២២ ផលប៉ះពាល់​ដោយសារ​អាកាសធាតុ​មាន​ការថយចុះ​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​រយៈពេល ៥ ខែ ដើមឆ្នាំ​ ២០២១​។

ដោយឡែក​ស្ថានភាព​អាកាសធាតុ​សម្រាប់ ៥ ខែ ដើមឆ្នាំ ២០២២ ​នេះ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២១ ដោយសារ​កម្ពុជា​ទទួល​រង​កម្រិត​កម្ដៅ​ខ្សោយ​ពុំ​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ ២០២១ ហើយ​ភ្លៀង​កក់ខែ កើតមាន​ច្រើន​ក្នុង​រដូវប្រាំង កាត់បន្ថយ​ការប្រឈម​នូវ​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​សម្រាប់​ការ​បង្កបង្កើនផល ព្រម​ទាំង​ពុំ​សូវ​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ក្នុង​តំបន់​។ ដូច្នេះ​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​មាន​ការ​ថយចុះ​ធៀប​ឆ្នាំ ២០២១ ក្នុង​រយៈពេល​ដូចគ្នា​។

ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ៧៩ លើក បណ្តាល​ឱ្យ​ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់​ចំនួន ៥២៧ ខ្នង​, ផ្ទះ​របើក​ដំបូល​ចំនួន ១ ៧៧៧ ខ្នង​, មនុស្ស​ស្លាប់ ២ នាក់ និង​របួស ១៦ នាក់​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​៕