ភ្នំពេញៈ ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ឥណ្ឌា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ឆ្ពោះ​ទៅរក​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ «​ដែលមាន​អត្ថន័យ​ប្រកប​ដោយ​ខ្លឹមសារ និង​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​» ​បន្ទាប់ពី​ទទួល​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្នា​រយៈពេល​ ៣០ ​ឆ្នាំ​កន្លង​មកនេះ​។

ការព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ឥណ្ឌា​ពីថ្ងៃ​ទី​ ១៦ ខែមិថុនា​នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​ដែលមាន​ការចូលរួម​ពី​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ផងដែរ​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៦​ មិថុនា​ថា​៖ «​ចំពោះ​​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ឥណ្ឌា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​ឥណ្ឌា​ដែលមាន​អត្ថន័យ​ប្រកប​ដោយ​ខ្លឹមសារ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដោយ​ពិចារណា​លើ​សក្តានុពល​ដ៏ធំ​នៃ​ទំនាក់ទំនង​ដែល​កំពុង​បន្ត​រីកចម្រើន​»​។

ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ពិសេស​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ឥណ្ឌា បានទទួល​ស្គាល់​សមិទ្ធផល​ជាច្រើន​ដែល​សម្រេច​​បាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ «​ប្រកប​ដោយ​ផ្លែផ្កា​» ​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមក ហើយ​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​។

បន្ទាប់ពី​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដែ​លី​លើក​ទី​ ១២ ​ក្រោម​មូលបទ «​ការកសាង​ស្ពាន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» ​ដោយបាន​ពិភាក្សា​អំពី​សក្តានុពល​នានា​​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​ឥណ្ឌា​ដែល​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បរិស្ថាន ការថែទាំ​សុខភាព ការតភ្ជាប់​ឌីជីថល ទំនាក់ទំនង​វប្បធម៌ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខ្សែចង្វាក់​តម្លៃ​សកល​ និង​តំបន់​ដែលមាន​ភាពធន់ ពាណិជ្ជកម្ម និង​វិនិយោគ ថាមពល និង​សកម្មភាព​អាកាសធាតុ និង​ការខំ​ស្តារឡើង​វិញ​ពី​ជំងឺ​កូវីដ​ ១៩​។

លោក ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ថ្លែងថា នេះ​គឺជា​ការ​ប្រសើរ​ដែល​អាស៊ាន និង​ឥណ្ឌា​មាន​បំណង​លើកកម្ពស់​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​តួនាទី​របស់​អាស៊ាន​នៅក្នុង​តំបន់ និង​តួនាទី​របស់​ឥណ្ឌា​ដែល​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​គាំទ្រ​អាស៊ាន ដើម្បី​ប្រឈម​នឹង​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​ដែល​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​នៅក្នុង​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​»​។

ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខន បាន​បញ្ជាក់​អំពី​សារៈសំខាន់​ក្នុងការ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​សហប្រតិបត្តិការ​លើ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-​ប៉ាស៊ីហ្វិក សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ការបំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក​រវាង​ទស្សនវិស័យ អាស៊ាន​ស្តីពី​ឥណ្ឌូ-​ប៉ាស៊ីហ្វិក (AOIP) ​និង​គំនិត​ផ្តួចផ្តើម​មហាសមុទ្រ​ឥណ្ឌូ-​ប៉ាស៊ីហ្វិក (IPOI) របស់​ឥណ្ឌា​។

ជាមួយ​នេះដែរ លោក​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​ផ្លូវ​ហាយវ៉េ​ត្រីភាគី​ឥណ្ឌា-​មីយ៉ាន់ម៉ា-​ថៃ ដោយ​ការពង្រីក​បន្ថែម​ដល់​កម្ពុជា ឡាវ និង​វៀតណាម​ដើម្បី​ជំរុញ​ឱ្យ​មាន​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​រវាង​តំបន់​ទាំង​ ២ ​ឱ្យ​កើនឡើង​ច្រើន​ថែមទៀត​។

លោក​ ប្រាក់ សុខុន ក៏បាន​លើក​ទឹកចិត្ត​ដល់​ឥណ្ឌា​ឱ្យ​គាំទ្រ​បន្ថែមទៀត​ដល់​ការកសាង​សមត្ថភាព​អាស៊ាន​ផ្នែក​នវានុវត្តន៍ ឌីជីថល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​អាច​សម្រប​ខ្លួន​បាន​ទៅ​​នឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.0​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា «​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឡើងវិញ​អំពី​សារៈសំខាន់​ក្នុង​ការ​កាត់បន្ថយ​គម្លាត​ឌីជីថល និង​ការលើកកម្ពស់​អក្ខរកម្ម​ឌីជីថល​។ ឯកឧត្តម-​ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ត​ដល់​សកម្មភាព​នានា​ក្រោម​ផែនការ​ការងារ​ទី ​៤ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​»​។

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ក្នុង​ការធ្វើ​សំយោគ​គ្នា​រវាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ (MPAC) ​ឆ្នាំ ​២០២៥ និង​ការតភ្ជាប់​របស់​ឥណ្ឌា ក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​ធ្វើ​សកម្មភាព​ទិស​ខាងកើត​ និង​បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ឥណ្ឌា​ ដើម្បី​ប្រកាន់ខ្ជាប់​នូវ​មជ្ឈភាព​អាស៊ាន​៕