ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​បាន​ធ្វើការ​បំភ្លឺ និង​ជម្រាបជូន​សាធារណ​ជនជាតិ​ និង​អន្តរជាតិ​ទាក់ទង​ទៅនឹង​ការផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​កញ្ញា សេង ធារី ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤២ ​នាក់​ផ្សេង​ទៀត​។

កញ្ញា សេង ធារី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤២ ​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទញុះញង់ និង​រួមគំនិត​ក្បត់​តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ការគាំទ្រ និង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ៩ វិច្ឆិកា ដែលជា​ «​ផែនការ​ខុសច្បាប់​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ក្រោម​រូបភាព​នៃ​ការវិល​ត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី​» កាលពី​ឆ្នាំ​ ២០១៩​។ សេចក្តី​ថ្លែងការណ៍​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃទី ១៧ ខែមិថុនា បាន​លើកឡើង​អំពី​ទិដ្ឋភាព​នៃ​អង្គហេតុ និង​ទិដ្ឋភាព​នៃ​ច្បាប់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ ៩ វិច្ឆិកា​នេះ ១ អំពី​ទិដ្ឋភាព​​នៃ​អង្គហេតុ​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ៩ ​វិច្ឆិកា​។

ក្រសួង​យុត្តិធម៌​បាន​ចោទ​សួរថា​៖ «​តើ​អ្វីដែល​នៅ​ពីក្រោយ ផែនការ​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃទី ​៩ វិច្ឆិកា ២០១៩? កាលពី​ឆ្នាំ​ ២០១៩ គ្រប់គ្នា​ប្រហែល​នៅចាំ​បាន​ថា ក្រោម​ផែនការ​នៃ​ការវិល​ត្រឡប់​ចូលមក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ អាច​ហៅថា ព្រឹត្តិការណ៍ ៩/១១ ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ដែល​អាច​ប្រមូលផ្តុំ​ជា​ ៣ ​សកម្មភាព​ធំៗ​»​។ ក្នុងនោះ​រួមមាន​ទី​ ១-​ បាន​ធ្វើ​សកម្មភាព​ញុះញង់​ផង និង​អំពាវនាវ​ផង​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ដ្រីរាជការ​ឱ្យធ្វើ​ការបះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។

ទី​ ២ បាន​ធ្វើ​សកម្មភាព​ញុះញង់​ផង និង​អំពាវនាវ​ផង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋអំណាច និង​ទី ​៣ រៃអង្គាស និង​ប្រមូល​ថវិកា ដើម្បី​ចិញ្ចឹម​កម្លាំង​ខុសច្បាប់ ដើម្បី​ធ្វើ​សកម្មភាព​ខាងលើ​នេះ​។

ក្រសួង​បញ្ជាក់​ថា​៖ «​សកម្មភាព​ធំៗ​ទាំង ​៣ ខាងលើ​នេះ​គឺ​រៀបចំ​ឡើង​ក្នុង​គោលដៅ​ចំនួន ២ គឺ ទី​ ១​ ចូល​មក​ក្នុង​ស្រុក ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង និង​ទី ​២ ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​។ ដូច្នេះ​ធាតុពិត​នៃ​ផែនការ​នេះ គឺជា “​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាម​មធ្យោបាយ​ហិង្សា​យ៉ាងពិត​ប្រាកដ​»​។ ពាក្យ​ថា ផែនការ​វិលត្រឡប់ គឺជា​ «​លេស និង​ជា​កលល្បិច​នយោបាយ ដើម្បី​បោក​បញ្ឆោត​ និង​អូសទាញ​ប្រជាជន​ស្លូតត្រង់​ឱ្យ​ចូលរួម​ក្នុង​ផែនការ​ខាងលើ​នេះ​តែប៉ុណ្ណោះ​»​។

ក្រសួង​ចាត់ទុក​ថា អំពើ និង​សកម្មភាព​ខាងលើ​ទាំងនេះ​មាន​ភ័ស្តុតាង​ច្បាស់លាស់ និង​រឹងមាំ ហើយ​ភ័ស្តុតាង​ទាំងនេះ​មួយ​ចំនួន​អាច​រកបាន​ដោយ​ងាយស្រួល ព្រោះ ​«​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​» បាន​ប្រើប្រាស់​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃទៀត​ធ្វើជា​មធ្យោបាយ ដើម្បី​បង្ហោះ​សារ​ញុះញង់ និង​បម្រើឱ្យ​ផែនការ​សកម្មភាព​ «​ទុច្ចរិត​»​ របស់​ខ្លួន​ខាងលើ​។ ក្រសួង​បន្តថា ទី​ ២ អំពី​ទិដ្ឋភាព​នៃ​អង្គច្បាប់​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា សួរថា តើ​ប្រទេស​ណាមួយ​ក្នុង​លោក​នេះ ដែល​មិន​ចាត់ទុក "​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ខាងលើ ឬ​ផែនការ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា​" ថា ជា​អំពើ​ខុសច្បាប់ ហើយ​ចាត់ទុក​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​?

សេចក្តី​ថ្លែងការណ៍​លើកឡើង​ថា​៖ «​ប្រទេស​មួយចំនួន ថែមទាំង​បាន​ចាត់ទុក​ក្រុម​ទាំងនេះ ជា​អង្គការ​ភេរវករ​ទៀតផង​។ ដូច្នេះ យើង​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា​៖ វា​ជា​ការ​ត្រឹមត្រូវ​បំផុត ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ក្នុងនោះ រួមមាន​វិធានការ​ច្បាប់ វិធានការ​នយោបាយ និង​វិធានការ​ការទូត​ដោយ​បាន​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​ផែនការ​បំផ្លាញ​កម្ពុជា ដែល​ដឹកនាំ​អនុវត្ត​ដោយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ហើយ​ធានា​ថែរក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សេចក្តីសុខ​សាន​របស់​ប្រជាជន​»​។

លើស​ពីនោះ វា​ជា​ការ​ត្រឹមត្រូវ​បំផុត ដែល​ច្បាប់​របស់​កម្ពុជា​ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ផ្តន្ទាទោស ឧក្រិដ្ឋជន ក្នុង​នាម​រដ្ឋ​អធិបតេយ្យ ដែល​ប្រកាន់យក​គោលការណ៍​ដឹកនាំ​តាម​នីតិរដ្ឋ​។

ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កញ្ញា សេង ធារី និង​សកម្មជន​អតីត​បក្សប្រឆាំង​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ៦​ ទៅ​ ៨ ​ឆ្នាំ ហើយ​កញ្ញា សេង ធារី​ ត្រូវបាន​ចាប់បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​នៅ​ថ្ងៃទី​ ១៤ ​មិថុនា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «​យើង​មានការ​រំខាន​ចិត្ត​ជា​ខ្លាំង ចំពោះ​សាលក្រម​ដ៏អយុត្តិធម៌​នា​ថ្ងៃនេះ ដែល​ត្រូវ​បាន​ប្រកាស​ទៅលើ​កញ្ញា សេង ធារី និង​អ្នក​ដទៃទៀត​។ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម​ជា​សមាគម ហើយ​និង​ការអត់ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺជា​ផ្នែក​ដ៏មាន​សារៈសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។ ជាមួយ​គ្នា​នេះ​ស្ថានទូត​អាមេរិក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា​ សេង ធារី និង​សកម្មជន​ដទៃទៀត​ដោយ​ចាត់ទុក​ថា «​ជាការ​ដាក់​ពន្ធនាគារ​ដ៏អយុត្តិធម៌​»​។

នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា ក្នុង​សំណុំ​រឿងនេះ មាន​ការ​បកស្រាយ​ផ្សេងគ្នា​ទៅ​តាម​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​រវាង​អាជ្ញាធរ​កម្ពុជា និង​អ្នក​សង្កេតការណ៍​សិទ្ធមនុស្ស​អន្តរជាតិ​។

លោក​ថា​៖ «​ការសម្រេច​សេចក្តី​របស់​តុលាការ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ប៉ុន្តែ​តថភាព​មួយ​ទៀត​តាំងពី​ដើម​មក​គឺមាន​ការរិះគន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ​ទៅលើ​ដំណើរការ​រឿងក្តី​នេះ ដែល​ជា​សំណុំរឿង​ដ៏ធំ​មិន​ដែល​ឃើញ​ពីមុន​មក​ដែល​ភាគច្រើន​ជា​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​សហគមន៍​អន្តរជាតិ​យល់​ថា រឿងនេះ​ជាប់ទាក់ទង​រឿង​នយោបាយ​ច្រើន​ជាង​ការអនុវត្ត​ច្បាប់​បានជា​មាន​ការបកស្រាយ​ខ្វែង​គំនិត​គ្នា​រវាង​ក្រសួង​យុត្តិធម៌ តុលាការ និង​សហគមន៍​អន្តរជាតិ ដោយសារ​សហគមន៍​អន្តរជាតិ​មើល​ទៅ​លើ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។ អ៊ីចឹង​គេ​យល់ថា ការ​កាត់ទោស ការឃុំខ្លួន​ទៅ​លើ​កញ្ញា សេង ធារី ជាការ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​»​។

ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​គូសបញ្ជាក់​ថា​៖ «​ការសម្រេច​នេះ​គឺធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​បាន​ប្រើ​ពេលវេលា​អស់​រយៈពេល​ជិត ៣ ​ឆ្នាំ ដើម្បី​ធ្វើការ​អង្កេត ស្រាវជ្រាវ ប្រមូល​ភ័ស្តុតាង​ផង និង​បើក​សវនាការ​សួរ​ដេញដោល​ផង​។ ការសម្រេច​របស់​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ​មាន​ចែង និង​ធានា​ដោយ​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ក្រសួង​យុត្តិធម៌ អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ដែល​មិន​សុខចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ សូម​គោរព និង​អនុវត្តតាម​បញ្ញត្តិ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​ដោយ​ធ្វើការ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ តាមរយៈ​ការ​ផ្តល់នូវ​មេធាវី និង​ភ័ស្តុតាង​ ឬ​សក្ខីកម្ម​ឱ្យបាន​រឹងមាំ​ក្នុង​ការតតាំង និង​ដោះ​បន្ទុក​ក្នុង​នីតិវិធី​បណ្ដឹងឧទ្ធរណ៍​តាម​បញ្ញត្តិច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​ធរមាន​៕