បាត់​ដំបងៈ នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត​បាត់​ដំបង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​មន្ត្រី​នគរ​បាល​ម្នាក់​ទៅ​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​ នៅ​ថ្ងៃទី​ ២០ មិថុនា​ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​ ១ ថ្ងៃ​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​មន្ត្រី​នគរ​បាល​រួមការ​ងារនៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង​ បណ្តាល​​ឱ្យ​បែក​ក្បាល។

លោក​ លឹម ពុ​ទ្ធី​ឡា ស្នង​ការ​រង​​នគរ​បាល​ខេត្ត​បាត់​ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី ២០ មិថុនា ថា​ ជនសង្ស័យ​ឈ្មោះ​ ហេង គឹម​សៀង​ ជា​នាយ​រង​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ប្រចាំ​​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​ ស្ថិត​ក្នុង​ស្រុក​កំរៀង។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ហែម វិ​បូ​ណា ជា​នាយ​រង​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ប្រចាំ​​ច្រកទ្វារ​អន្តរ​ជាតិ​ដូង​ដូច​គ្នា។

លោក​បាន​ប្រាប់​ថា៖​ «ករណីនេះ​តាម​ពិត​ទៅ​ខាង​ជំនាញ​យើង​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​អយ្យការ​ពី​ម្សិល​មិញ​ម្ល៉េះ (ថ្ងៃទី​ ១៩​ មិថុនា) ប៉ុន្តែ​ដោយ​សារ​តុលា​ការ​ចាត់​ការ​មិន​ទាន់​ក៏​ផ្ញើ​ជន​សង្ស័យ​មក​ការិយា​ល័យ​យើង​សិន​ហើយ​ថ្ងៃ​នេះ​ (ថ្ងៃទី ​២០ ​មិថុនា) ទើប​ខាង​អយ្យ​ការ​ប្រាប់​យើង​ឱ្យ​នាំ​ជន​សង្ស័យ​ទៅ​ម្តង​ទៀត»​។

លោក ​ង៉ែត ​វណ្ណា អធិការ​រង​នគរ​បាល​ស្រុក​កំរៀង​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ​មិថុនា​ថា តាម​សម្តី​លោក​ ហែម វិ​បូ​ណា ការ​ងារ​របស់​គាត់​គឺ​យាម​ផ្លាស់​ប្តូរ​វេន​គ្នា​នៅ​ពេល​យ​ប់ថ្ងៃទី​ ១៦ ​ខែមិថុនា ហើយនៅ​ម៉ោង​ប្រមាណ​ជា ៨ យប់​ គឺ​គាត់​បាន​ផុត​ម៉ោង​កំណត់​ត្រូវ​យាម​ ហើយ​ត្រូវ​ប្តូរ​ឱ្យ​ឈ្មោះ​ ហេង​ គឹម​សៀង ​យាម​ម្តង​។

លោក​បន្ត​ថា នៅ​ពេល​នោះ​ ជនរង​គ្រោះ​បាន​ប្រាប់​ឈ្មោះ ហេង គឹម​សៀង ឱ្យ​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​កង​កម្លាំង​​ ដោយ​សា​រតែ​ជា​ពេល​វេលា​បំពេញ​ការងារ​។ ប៉ុន្តែ​មិន​ត្រឹមតែ​មិន​ទទួល​យក​ការ​ប្រាប់​នោះទេ​ តែ​ថែម​ទាំង​ខឹង​នឹង​ជន​រង​គ្រោះ ​ហើយ​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ តែ​ជន​រង​គ្រោះ​មិន​តប​ត​ទេ​ ហើយ​ក៏​ជិះ​ម៉ូតូ​​ត្រឡប់​ទៅ​ផ្ទះ។ លុះ​រំល​ងបាន ​១​ ថ្ងៃ គឺនៅ​ថ្ងៃទី ១៨ មិថុនា ​វេលា​ម៉ោង​ជាង​ ៦ ព្រឹក​ ស្រាប់​តែ​ភាគី​ជនស​ង្ស័យ​បាន​ទៅ​សួរ​ជនរង​គ្រោះ​ថា​ ហេតុអ្វី​បានជា​​ចេះ​តែ​រក​រឿង​គាត់​ហើយ​ពួក​គេ​ទាំង​ ២ នាក់​ ក៏​ទាស់​សម្តី​គ្នា​រហូត​បង្ក​ជា​ជម្លោះ​វាយ​តប់​គ្នា​តែម្តង​។​

បើតាម​លោក​អធិការ​រង វណ្ណា ពេលនោះ​ភាគី​ជន​សង្ស័យ​បាន​យក​ស្បោង​ក្រណាត់​ពណ៌​ខ្មៅ​ ដែល​មាន​ដាក់​វត្ថុ​រឹង​ក្នុង​នោះ​វាយ​ក្បាល​ជន​រងគ្រោះ​បែក​ចេញ​ឈាម។​ភ្លាមៗនោះ​ភាគី​រងគ្រោះ​មិន​ទាន់​បាន​ដាក់ពា​ក្យ​បណ្តឹង​ទេ ​តែប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទើប​គាត់​ដាក់​ពាក្យ​បណ្តឹង​មក​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំរៀង​។

លោក​បាន​បន្តថា​ ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ ​នៅ​ថ្ងៃទី ១៩ មិថុនា សមត្ថ​កិច្ច​របស់លោ​ក​បាន​អញ្ជើញ​លោក​ ហេង​ គឹម​សៀង ឱ្យ​ចូល​ខ្លួន​មកកាន់​​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំរៀង។ក្រោយពី​សមត្ថ​កិច្ច​រប​ស់​លោក​សាក​សួរ​ជន​សង្ស័យ​និង​ផ្អែក​លើ​វត្ថុតាង​បង្ក​បទល្មើស ​រួម​នឹង​ស្លាក​ស្នាម​របួស​ផង​នោះ​ សមត្ថកិច្ច​​បាន​សុំ​គោល​ការណ៍​ពី​លោក​ឧត្តម​សេនីយ៍​ទោ សាត គឹម​សាន ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង។

លោក​ប្រាប់​ថា៖ «ពួក​គាត់​មាន​ជម្លោះ​នៅ​កន្លែង​ការងារ​របស់​គាត់​ទេ​ ប៉ុ​ន្តែ​ដោយ​សារ​ភាគី​ខាង​ជ​នរងគ្រោះ​​មិន​ព្រម​ក៏​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​យើង»​។

ពាក់​ព័ន្ធ​រឿង​នេះ ភ្នំ​ពេញ​ ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទៅ​លោក ​ហែម វិ​បូ​ណា ដើម្បី​សុំ​ការ​បក​ស្រាយ​បន្ថែម​ដែរ​នៅ​ថ្ងៃទី ២០ មិថុនា ប៉ុន្តែ​ទូរ​ស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​៕