តាកែវៈ បច្ចុ​ប្បន្ន ប្រជា​កសិករ​កម្ពុជាជាង​ ៩៩ ​ភាគ​រយ បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​ ពីការ​ប្រើ​កម្លាំង​អូស​ទាញ​គោ-ក្របី មក​ប្រើ​គ្រឿង​ចក្រ​ជំនួស​វិញ ខណៈ​ដែល​ប្រជាកសិករ​ក៏​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ក្នុង​ការ​កែច្នៃ​ផ្ទៃដី​ធ្វើ​ស្រែ​មួយ​ផ្នែក​រប​ស់ពួ​កគេ​ សម្រាប់​ដាំបន្លែ​ផ្សេង​ៗ​ ដើម្បី​​បំពេញ​​តម្រូវ​ការ​ទីផ្សារ​ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ផង​ដែរ​​។

«ធ្វើ​ស្រែតែ​មួយ​មុខ គឺ​មិន​អាច​ទ្រទ្រង់​ជីវ​ភាព​គ្រួសា​រ​បាន​ទេ យើង​ចាំបាច់​ត្រូវ​កែប្រែ​ដីស្រែ​របស់យើ​ង​ទៅ​ជា​ដី​ចម្ការ ដែល​អាច​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​ផង​និង​ធ្វើ​ស្រែ​ផង»។ នេះ​គឺ​ជាសម្ដី​របស់​លោក​ រស់ ម៉ៅ ប្រជា​កសិករ នៅ​ភូមិ​ចមពល ឃុំ​តា​ភេម ស្រុក​ត្រាំក​ក់ ខេត្ត​តា​កែវ។

ក្នុង​វ័យ ​៥៦ ​ឆ្នាំ លោក​ រស់​ ម៉ៅ ដែល​មាន​ដីស្រែ​ជាង ​៣ ​ហិកតា បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ថា ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុ​ង​ក្រោយ​នេះ លោក​បាន​កែប្រែដី​ស្រែមួយ​ហិកតា​ មក​ដាំបន្លែ​ ដោយបាន​ជីក​ស្រះធំមួយ​ ដើម្បី​យក​អាច​ម៍ដី មក​លើ​ក​កម្ពស់​ដីស្រែ សម្រាប់​ការដាំ​បន្លែ​រួម​ផ្សំផង និង​យក​ទឹក​សម្រាប់​ស្រោច​ស្រព​ផង​។

លោកថ្លែ​ងថា៖ «ពី​មុន​ខ្ញុំ​ធ្វើស្រែ​ តែមួយ​មុខ លើផ្ទៃដី​ជាង​៣​ហិ​កតា ប៉ុន្តែ​ផល​ដែល​បាន​មក គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចាយ​វាយ និង​បង់​ថ្លៃ​សាលា​សម្រាប់​កូន​រៀន​នោះ​ទេ។ ប៉ុន្តែ​២​ឆ្នាំមក​នេះ ​ខ្ញុំបាន​កែ​ច្នៃ​ដីស្រែ​ខ្ញុំ១​ហិកតា សម្រាប់​ធ្វើ​ចម្ការ ដាំ​បន្លែ ដូច​ជា ស្ពៃ ឆៃ​ថាវ និង​ត្រសក់ ចំណែក​ជាង​២ហិកតា​ទៀត​ខ្ញុំ​បន្ត​ដាំស្រូវ ឃើញ​ថា ​ជីវភាព​គ្រួសា​រខ្ញុំ ឥឡូវ​មាន​ភាព​ធូធារ​ប្រសើរ​ជាង​មុន​»។

បើតាម​លោក ​ម៉ៅ ការងារ​ដាំដុះ​នេះ លោក​មិន​ប្រើ​កម្លាំង​គោ ក្របី មក​អូស​ទាញ​នង្គ័ល​​រនាស់​សម្រាប់​ភ្ជួររាស់​ពង្រាប​ដីស្រែ​ចម្ការ នោះ​ទេ បើទោះបី​ជា​លោក​​មាន​ចិញ្ចឹម​គោ៦​ក្បាល​ក៏ដោយ។ បច្ចុប្បន្ន ​លោក​រស់ ម៉ៅ បាន​ជួលត្រាក់​ទ័រ​គេ​មក​ភ្ជួរ​រាស់​ពង្រាប​ដី​ស្រែ​ចម្ការ ហើយ​នៅពេល​ប្រមូល​ផល​ស្រូវ​ ក៏ជួល​គ្រឿង​ចក្រ​មក​ច្រូត​កាត់ដែ​រ។ ចំណែ​ក​គោទាំង​៦ក្បាលនោះ​ គឺ​លោក​ម៉ៅ ​ចិញ្ចឹម​សម្រាប់​លក់ ដោះស្រាយ​ភាព​ចាំបាច់​ផ្សេងៗ នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ។

មិន​មែន​តែ​លោក រស់ ម៉ៅ ទេ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ធ្វើស្រែ​ចម្ការ​បែប​នេះ។ ប្រជា​កសិករ​ប្រមាណ​ជា​ពី​ ៣០-៤០ ​ភាគ​រយ ក្នុង​ចំណោម​កសិករ​នៅទូទាំង​ប្រទេស​ប្រមាណ​ជា​៦០-៧០​ភាគរយ ក៏​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់ ហើយ​ចាប់​យក​របៀប​ធ្វើ​ស្រែ​​ចម្ការ​តាម​បែប​ទំនើប​កម្ម​នៃ​បច្ចេក​វិទ្យា​នាពេល​បច្ចុប្បន្ន​​ផង​ដែរ​។ នេះបើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា។

លោក​ គង់ គា ប្រធាន​នាយក​ដ្ឋាន​ដំណាំ​ស្រូវ បា​ន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ [នៅ​ថ្ងៃទី ​៩ ខែ មិ​ថុនា ឆ្នាំ​ ២០​២២] ថា បច្ចុប្ប​ន្ន ប្រជា​កសិករ​កម្ពុជា​ជាង​៩៩​ភាគ​រយ បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ពីការ​ធ្វើស្រែ​ដាំស្រូវ​ ដោយ​ប្រើ កម្លាំង​​អូស​ទាញ​គោ-ក្របី មក​ប្រើ​គ្រឿង​ចក្រ​ដូច​ជា គោយន្ត និង ត្រាក់​ទ័រ សម្រាប់​ភ្ជួរ​រាស់​ដីស្រែ-ចម្ការ​របស់​ពួក​គេវិញ ដើម្បី​កាត់​បន្ថយ​កម្លាំង​ពលកម្ម និង​ចំណេញ​ពេល​វេលា។

លោក​បាន​បន្តថា នៅ​តំបន់​មួយ​ចំនួន ប្រជា​កសិករ​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយ​ចេះកែ​ច្នៃ​ផ្ទៃដី​ធ្វើ​ស្រែ​មួយ​ផ្នែក​របស់​ពួក​គេ សម្រាប់​ដាំបន្លែ​ដូច​ជា ស្ពៃ ត្រសក់ ត្រប់ សណ្ដែក​កួរ ល្ពៅ ឪឡឹក និង​ត្រសក់​ផ្អែម ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​។

លោក​បាន​បញ្ជាក់​ថា​៖​ «និន្នាការ ផ្លាស់​ប្ដូរ​ដ៏ឆាប់​រហ័ស​នៃរ​បៀបធ្វើ​ស្រែ​ចម្ការ​របស់​កសិករ​យើង​ នា​ពេល​បច្ចុប្បន្ន បាន​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏សំខាន់ ក្នុង​ការគាំទ្រ​និង​ជំរុញ​ឱ្យគោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ស្ដីពី​​​​ការ​ប្រកួត​ប្រជែង​ការ​នាំចេញ​ស្រូវ​អង្គរ និង​កសិផល​នានា​ ទៅ​កាន់​ទីផ្សារក្នុ​ង​តំបន់​ និងអន្តរ​ជាតិ បាន​ទទួល​ជោគ​ជ័យ​នាពេល​អនាគត​ដ៏ខ្លីខាង​មុខ​នេះ»​។

កាល​ពីឆ្នាំ​ ២០១០ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ​មួយ ស្ដីពី​ការ​ប្រកួត​ប្រជែង​ការ​នាំចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស ឱ្យបាន​មួយលាន​តោនក្នុង​មួយ​ឆ្នាំ ដោយ​គិត​ចាប់​ពីឆ្នាំ​ ២០១៥ ​តទៅ​ ប៉ុន្តែ​ផែន​ការ​នោះ ត្រូវបាន​បរាជ័យ ដោយ​សារ​ប្រជា​កសិករ​នាពេល​នោះ មាន​ចំណេះ​ដឹង​តិច​តួច​នៅឡើ​យ ទាក់​ទង​នឹង​ការងារ​ដាំដុះ​ស្រូវ​តាម​បែប​ទំនើប​កម្ម​នៃប​ច្ចេក​វិទ្យា​។ ​

យ៉ាង​ណាក៏​ដោយ ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​លើការ​ធ្វើ​ទំនើប​កម្មវិ​ស័យ​កសិក​ម្ម តាមបែប​បច្ចេក​ទេស​វិទ្យា​សាស្ត្រថ្មី​ៗ ពី​មន្ត្រី​ជំនាញ ផ្នែក​កសិកម្ម​ក្នុង​រយៈ​ពេល​៣-៤ឆ្នាំ​ចុង​ក្រោយនេះ​ បាន​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​របៀប​បង្ក​បង្កើន​ផលស្រូវ​របស់​ពួក​គេគួរ​ឱ្យក​ត់សំគាល់​។​ នេះ​បើ​តាម​ប្រសាស​ន៍​រប​ស់​លោក ឡោ ប៊ុណ្ណា នាយក​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និងអ​ភិវឌ្ឍ​កសិកម្ម​កម្ពុជា។

លោក​ថ្លែង​ថា៖ «កាល​ពី​មុន​ប្រជា​កសិករ​យើង​និយម​ស្ទូងស្រូវ​ ប៉ុន្ត​ឥឡូវ​​ពួកគាត់​​ប្ដូរ​ពី​ស្ទូង​មក​ព្រោះ​វិញ និង​ប្រើ​គ្រឿង​យន្ត​កសិកម្ម ដូច​ជា​គោយន្ត ត្រាក់​ទ័រភ្ជួរាស់ ម៉ា​ស៊ីន​បុក​ដាំ និង​ម៉ាស៊ីន​ច្រូត​ ​ជំនួយ​កម្លាំង​អូស​ទាញ គោ-ក្របី និង​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​មនុស្ស​»។

បើតាម លោក​ ប៊ុណ្ណា ​ការ​ប្រើប្រាស់និង​ទុក​ដាក់​ពូជ ក៏​មាន​ការ​ផ្លាស់ប្ដូរ​គួរ​ឱ្យ​កត់​សម្គាល់ផង​ដែរ ព្រោះ​បច្ចេកទេស​ប្រើប្រាស់​ពូជ​ក្នុង​អាជីវកម្ម​ស្រូវ​អង្ករ ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​។

លោក​ថ្លែង​ថា៖ «កន្លង​មក​នៅ​ពេល​ប្រមូល​ផល​ស្រូវ ប្រជា​កសិករ​យើង​ភាគ​ច្រើន​ តែង​តែ​ទុក​ហូប​ខ្លះ លក់​ខ្លះ និង​ទុក​ពូជ​ខ្លះ ដល់​ពេល​ឥឡូវ​ឃើញ​មាន​កសិករ​ច្រើន​ណាស់​គាត់​គិត​ថា ពូជ​[ស្រូវ]​សំខាន់ គាត់​ប្ដូរ​ទៅ​ទិញ​ពូជ​ស្រូវ​ដែល​សុទ្ធ​ល្អ និង​មាន​គុណ​ភាព​ខ្ពស់ ពិសេស​ប្រភេទ​ស្រូវ​ក្រអូប​ ពី​ក្រុម​ហ៊ុន​ ពី​រោង​ម៉ាស៊ីន​ផលិត​ពូជ​ស្រូវ»។

ចំណែក លោក សុង សារ៉ន ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កត់​សម្គាល់​ថា កសិករ​ខ្មែរ​បច្ចុ​ប្បន្ន បាន​យល់​ច្បាស់​ពី​សារសំខាន់​ នៃ​ការ​ធ្វើ​ស្រែ​ចម្ការ ដោយ​ចាត់​ទុក​ថា ជាមុខ​ជំនួញ​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​។

លោក​ថ្លែង​ថា​៖«ពីមុន​គាត់​ធ្វើ​ស្រែច​ង់បាន​តែ​បរិមា​ណ គាត់​ធ្វើ​ស្រូវ​អ៊ីអែរ​៨៥ អីចឹ​ងទៅ ប៉ុន្តែ​ប្រភេទ​ស្រូវ​ហ្នឹង​វាអត់​មាន​តម្លៃក្នុង​ទីផ្សារ​ទេ ចឹង​គេ​អត់​ទិញ បើ​គេ​ទិញ គេឱ្យ​ថោក ចឹង​គាត់​ខាត។ ដល់​ឥឡូវ​គាត់​ធ្វើ​សុទ្ធ​តែ​ស្រូវ​ក្រអូប ចឹង​ស្រូវ​គាត់​មិន​ទាន់​ទាំង​ទុំ​ស្រួល​បួល​ផង មាន​ក្រុម​ឈ្មួញ​កណ្ដាល​គេ​មក​កក់​លុយមុន​បាត់​ទៅហើយ​»។

លោក​បាន​បន្ត​ថា ស្រដៀង​គ្នា​នេះ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​មុន​គិត​ថា បាន​​​ប្រមូល​ទិញ​ស្រូវ​ឱ្យបាន​ច្រើន ដើម្បី​ផលិត​ជាអង្ករ​សម្រាប់​នាំចេញ​ទៅទីផ្សារ​បរ​ទេស ដោយ​មិន​បាន​គិតគូរ​ពីគុណ​ភាព​នៃប្រភេទ​ស្រូវ​អង្ករ​ដែល​គេនិ​យម​បរិភោគ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «កាល​ពីមុន យើង​ប្រមូល​ទិញ​ស្រូវ​ចម្រុះ​ប្រភេទ​ពីក​សិករ ម​កផលិតជា​អង្ករ​សម្រាប់​​​នាំ​ចេញ ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​បាន​ប្រមាណ​ពី៦០-៧០​ម៉ឺន​តោនក្នុង​១ឆ្នាំ ដែលគិ​ត​ជាសាច់​ប្រាក់​ យើង​ទទួល​បាន​ប្រមាណ ៤៥០ លាន​​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ប្រមូល​ទិញ​ប្រភេទ​ស្រូវ​ក្រអូប ក្នុង​បរិមាណ​ប្រហាក់​ប្រហែល​គ្នា​នេះ យើង​ផលិត​ជាអង្ករ​លក់​ចេញ​ទៅទីផ្សារ​អន្តរ​ជាតិ ក្នុង​ទំហំ​សាច់​ប្រាក់​ពី ៦៥០-៧៥​០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ជាចក្ខុ​វិស័យ​របស់​យើង​ គឺជំរុ​ញ​ឱ្យ​កសិករ​ផលិត​ស្រូវ​​ក្រអូប ដែល​មាន​គុណ​ភាព សម្រាប់​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​»។

គោល​នយោបាយ​នាំ​អង្ករ​ចេញ ​គឺ​ជា​គោល​នយោបាយ​សំខាន់​មួយ ​ក្នុង​ចំណោម​គោល​នយោបាយ​សំខាន់​​ផ្សេង​ទៀត​របស់រាជ​រដ្ឋាភិបាល​កម្ពុជា។ កន្លងមក លោក​នាយករដ្ឋមន្ត្រី​ ​ធ្លាប់​បានលើក​ឡើង​ថា ប្រទេស​ចិន​ គឺ​ជា​ប្រទេស​ស្ថិត​ក្នុង​លំដាប់​ទី​មួយ​ ដែល​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ហើយ​ប្រទេស​បារាំង​ស្ថិត​ក្នុង​លំដាប់​ទី២។ កម្ពុជា​ក៏​បាន​នាំ​ចេញ​អង្ករ​ ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ៕