កោះ​កុងៈ​ ក្មេង​ប្រុស​ ២ នាក់ ​ត្រូវបា​ន​រន្ទះ​បាញ់​ស្លាប់​នៅ​​វាល​ស្រែក្នុងតំ​បន់​ដាច់​ស្រយាល​មួ​យ ខណៈ​ពួក​គេ​កំពុង​ដើរ​រើស​ខ្យងក្ដា​មពី​ក្រោយ​គោយន្ត​ឪពុក​ដែលកំ​ពុងភ្ជូ​រស្រែ​នៅ​ភូមិ​ព្រៃង ឃុំ​ដង​ពែង ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង កា​ល​ពី​ថ្ងៃទី​ ១៩ ខែ​ មិថុនា ​ឆ្នាំ​ ២០២២។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​។​

លោក​ ធាន ​ភើប​ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ដង​ពែង​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ ​មិថុនា​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​បាតុ​ភូត​គ្រោះ​ធម្ម​ជាតិ​រន្ទះ​បាញ់​ខាង​លើ​នេះ ​រួមមាន ​ឈ្មោះ ​បូ សំណាង អាយុ​ ១៤ ​ឆ្នាំ និង​ឈ្មោះ ​តេង ​រតនៈ ​អាយុ ​១១ ​ឆ្នាំ។ អ្នក​ទាំង ​២​ ជា​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា​និង​មាន​លំនៅ​ឋាន​ក្នុង​ភូមិ​ព្រាំង ឃុំ​ដង​ពែង​ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះ​កុង​។

លោក​បាន​បញ្ជាក់​ថា៖​ «មុន​ពេល​កើត​ហេតុ​ ក្មេង​ប្រុស​ទាំង​ ២ នាក់ ​បាន​នាំ​គ្នា​ដើរ​រើស​ក្ដាម​ខ្យ​ងពី​ក្រោយ​ គោ​យន្ត​ទន្លេ​ថង​ដែល​ឪពុក​របស់​ពួកគេ​កំពុង​ភ្ជួរ​ស្រែ។ លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​ជា​ ៤ ​រសៀលក៏​មាន​ភ្លៀង​ខ្យល់​ និង​ផ្គរ​រន្ទះ​កើត​ឡើង ​ហើយ​ពួក​គេ​ក៏ត្រូវ​រន្ទះ​បាញ់​ស្លាប់​នៅ​កណ្ដាល​ដីស្រែ​នោះ​តែ​ម្ដង»​។ ​

លោក​បានប​ន្តថា​ បាតុ​ភូត​គ្រោះ​ធម្ម​ជាតិ​រ​ន្ទះបា​ញ់នៅតែ​ជាបញ្ហា​ប្រឈម​របស់​ប្រជា​កសិករ​ព្រោះ​ជាទូទៅ នៅ​​រដូវ​វស្សា​ប្រជា​កសិករ​តែង​តែប្រ​ញឹកលើ​ការងា​របង្ក​បង្កើន​ផល​ស្រូវ ដើ​ម្បី​ទុក​ជា​ស្បៀង​អាហារសម្រាប់​ទ្រទ្រង់​ជីវ​ភាព​គ្រួសារ​បើ​ទោះជា​ប្រឈម​នូវ​បញ្ហាគ្រោះ​ធម្មជាតិក៏ដោយ។

យ៉ាង​ណា​ក៏ដោ​យ លោក សុទ្ធ គឹម​កុល​មុន្នី ​អ្នកនាំ​ពាក្យ​គណៈក​ម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​ថ្លែង​ថា ថ្វីដ្បិត​តែ​គ្មាន​នរណា​ម្នាក់​អាច​ហាម​ឃាត់​បាតុ​ភូត​ធម្ម​ជាតិ​កុំឱ្យកើត​បាន​ក្ដី ប៉ុន្តែ​ «យើង» ​អាច​បង្ការ​គ្រោះ​ថ្នាក់​ឬ​កាត់​បន្ថយ​ហានិ​ភ័យ​ទាំង​នេះបា​នតាម​រយៈ​ការអ​នុវត្តតាម​សេចក្ដី​ណែនាំរ​បស់​មន្ត្រី​ជំនាញ​ដែល​បាន​ហាម​ប្រើ​ប្រាស់​ឧបក​រណ៍​សម្ភារ​ដែល​ងាយ​ចម្លង​អគ្គិ​សនី​និងគ្រឿង​អេឡិច​ត្រូនិក​នានា ដូច​ជាទូ​រស័ព្ទ​ដៃ​និង​វិទ្យុ​ទាក់​ទង​ជា​ដើម នៅពេ​ល​មេឃកំ​ពុង​ភ្លៀង​ ជាពិសេ​សកុំឈរលេ​ងក្រោមដើម​ឈើឬ​រត់​លេង​ឬ​ធ្វើការ​នៅ​តាម​វាល​ស្រែ ដែ​លមាន​ទឹក​ដក់​ក្នុង​ពេល​មេឃកំ​ពុង​ភ្លៀង​។

លោក​ថ្លែង​ថា៖ «ជាកា​រពិត​បាតុភូ​តគ្រោះធ​ម្មជាតិ​ភ្លៀងលា​យឡំខ្យ​ល់​កន្ត្រាក់​និង​ផ្គររន្ទះ​ គឺគ្មាន​នរណា​ម្នាក់​ទៅ​ហា​ម​ឃាត់​ និង​ទប់​ស្កាត់​កុំ​ឱ្យកើត​មាន​បាន​នោះឡើ​យ តែ​យើង​អាច​បង្ការគ្រោះថ្នា​ក់​ដល់​អាយុ​ជីវិត​របស់​យើង​បាន​នៅពេ​លដែលវា​កើត​ឡើង​ ប្រសិន​បើយើង​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​​របស់​មន្ត្រី​ជំនាញ​ឱ្យ​បាន​ត្រឹម​ត្រូវ»។​

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ក្នុង​រយៈ​ពេល ​៥​ ខែ នៃ​ឆ្នាំ​ ២០២២​ នេះ ​បាតុភូត​រន្ទះ​បាញ់​បាន​កើត​ឡើង​ ៤​៦ លើក​ បណ្ដាល​ឱ្យ​មនុស្ស​ ២២​ នាក់​ស្លាប់ និង ​១៧ នា​ក់​ទៀត​រង​របួស ​ងាប់​គោក្រ​បី ៥៣ ​ក្បាល និង​ធ្វើឱ្យ​ខូច​ខាត​ផ្ទះ​ ១១ ខ្នង​។ ក្នុង​នោះ​ខេត្ត​ពោធិ៍​សាត់​មាន​មនុស្ស​ស្លាប់​ដោយ​ករណី​រន្ទះ​បាញ់​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ទៅ​ ៤​នាក់​ បន្ទាប់​មក ​គឺខេត្ត​បាត់​ដំបង​​មានមនុស្ស​ ៣​ នាក់​ស្លាប់​ដោយ​ករណី​រន្ទះ​បាញ់​៕