
មន្ត្រីអភិរក្សថ្ម រូបរូបក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ នេះ បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអភិរក្សថ្ម» ជូនដល់មន្ត្រីខ្លួន ដើម្បីលើកស្ទួយអភិរក្ស និងជំរុញការងារជួសជុលថ្មក្នុងតំបន់អង្គរឱ្យមានប្រសិទ្ធិភាព និងគុណភាពខ្ពស់។
លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាថ្លែងក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលនោះថា វគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សថ្ម»នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ការងារអភិរក្ស និងជួសជុលថ្មក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនឹងធ្វើឱ្យមន្ត្រី បុគ្គលិក ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅទៅលើការងារសង្កេតអំពីស្ថានភាពថ្ម និងចេះចងក្រងឯកសារជាដើម។
លោកបន្តថា៖ «សិក្ខាមដែលបានចូលរួមក្នុងវគ្គនេះ នឹងក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាពក្នុងការបន្តវេននៅក្នុងកិច្ចការងារអភិរក្ស ថែរក្សាថ្មប្រាសាទឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ ក្រោយៗទៀត»។
លោកក៏បានថ្លែងអំណរគុណចំពោះអង្គការ (GIZ) អង្គការ ពាក់ព័ន្ធនានា អ្នកជំនាញជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងកិច្ចការងារអភិរក្សអង្គរ ជាពិសេសបានយកចិត្ត ទុកដាក់ក្នុងការឧបត្ថម្ភ គាំទ្រ សហប្រត្តិបត្តិការក្នុងកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរ រហូតសម្រេចបានជាផ្លែផ្កាគួរជាទីកត់ សម្គាល់នាពេលបច្ចុប្បន្ននេះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមិថុនាថា នេះ មិនមែនជាលើកទី១ ក្នុងការបណ្តុះបណ្តាលមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាទេ គឺកន្លងមកនេះ ក៏មានការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសថ្មីៗ ក្នុងការជួសជុល និងការងារអភិរក្សថ្មប្រសាទ។
លោកថ្លែងថា៖ «អាកិច្ចការងារនេះ មិនមែនទើបចាប់ផ្តើម ឬធ្លាប់បានធ្វើពីកន្លងមកទេ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើ គឺយើងធ្វើឱ្យមាននិរន្តរភាព ជាបន្តៗរហូតទៅមុខទៀត»។
លោកបញ្ជាក់វគ្គបណ្តុះបណ្តាលនីមួយៗ គឺផ្តោតសំខាន់លើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ និងថ្មី ជូនដល់មន្ត្រី និងបុគ្គលិកឱ្យមានការយល់ដឹង និងប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាទំនើបៗ និងថ្មីទាំងអស់ដើម្បីយកមកជំរុញការងារអភិរក្ស និងជួសជុលថ្មបុរាណ ឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធិភាព និងគុណភាពខ្ពស់។
បើតាមអាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអភិរក្សថ្ម» មានរយៈពេល ២ ឆ្នាំកន្លះ ក្នុងគោលបំណងផ្ទេរទាំងចំណេះដឹង និងជំនាញអភិរក្សថ្មទៅដល់មន្ត្រី បុគ្គលិក និងភ្នាក់ងារឱ្យមានជំនាញច្បាស់លាស់លើការងារអភិរក្សថ្ម ដើម្បីអភិវឌ្ឍសមត្ថភាព ខ្លួនក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារអភិរក្ស និងជួសជុលសំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពីភពលោក ប្រកបដោយចីរភាព និងមានគុណភាពមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ៕