ព្រះសីហនុៈ ​នគរបាលខេត្តព្រះសីហនុ​នៅ​ថ្ងៃទី​ ២០ មិថុនា កំពុង​បន្ត​ស៊ើប​ពាក់ព័ន្ធ​សំណុំរឿង​ចាប់ខ្លួន​បុរស​ជនជាតិខ្មែរ​ម្នាក់​ កាលពី​ថ្ងៃទី ​១៩ ​មិថុនា ជាមួយ​អាវុធ​វែង​ខ្លី​ចំនួន ​៣ ​ដើម ​ដែល​ការចាប់ខ្លួន​នេះ​ក្រោយពី​កើតមាន​អំពើ​បាញ់ប្រហារ​លើ​មន្ត្រីនគរបាល​មួយរូប​ក្រុងព្រះសីហនុ​ បណ្តាលឱ្យ​របួស​ជើង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត ព្រះសីហនុ​។

លោក​ ជួន ណា​រិន្ទ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ មិថុនាថា ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃទី​ ១៩ មិថុនា គឺ​បន្ទាប់ពី​ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់លោក​ឃាត់ខ្លួន​បាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​កាលពី​អំឡុង​ខែមិថុនានេះ​។ រីឯ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ក៏​ត្រូវបាន​តុលាការខេត្តព្រះសីហនុ ឃុំខ្លួន​រួចហើយ​ដែរ​។ ការឃាត់ខ្លួន​នេះដែរ​ គឺពាក់ព័ន្ធ​នឹង​អំពើ​បាញ់ប្រហារ​មួយ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ​១៦ ខែ មិថុនា ​ឆ្នាំ​ ២០២២​ ដែល​ធ្វើឱ្យ​មន្ត្រីនគរបាល​របស់លោក​មួយរូប​ត្រូវរបួស​ជើង​។​

លោក​បន្តថា ចំពោះ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​សមត្ថកិច្ច​របស់លោក​ទើប​ចាប់ខ្លួនបាន​នេះ​ក៏​ជា​បក្ខពួក​របស់​ជនជាតិ​វៀតណាម​ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​នោះដែរ​។ ពេលនេះ​កម្លាំង​សមត្ថកិច្ច​របស់លោក​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​រក​ប្រភព​ថា​តើ​គាត់​បាន​អាវុធ​នេះ​ពី​ណា​មក​។​

លោក​ថ្លែងថា​៖ «​បុរស​ជនជាតិខ្មែរ​ម្នាក់នេះ​គាត់​ពាក់ព័ន្ធ​នឹង​ការកាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ហើយ​និង​ធ្វើឱ្យ​របួសស្នាម​ដល់​សមត្ថកិច្ច​តែ​ប៉ុ​ណ្នឹ​ង​ទេ​។ យើង​កំពុងតែ​អនុវត្ត​វិធានការណ៍​ជំនាញ​ដើម្បី​ស៊ើប​បន្តទៀត​»​។​

លោក ជួន ណា​រិន្ទ ថ្លែងថា ករណីនេះ​ក៏មាន​ការ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កប​ន្ត​គ្នា​ដែល​លោក​យល់ថា អ្នក​បង្ហោះ​នោះ​មិនមែនជា​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទេ​គ្រាន់តែ​គាត់​ដឹង​ពី​គេ​ឬមួយ​ទទួលបាន​រូបភាព​ពី​គេ​ហើយ​យកមក​បង្ហោះ​បន្ត​ដែល​មិនទាន់មាន​ប្រភពព័ត៌មាន​ច្បាស់លាស់​។ តាមពិតទៅ អ្នក​ដែល​យកមក​បង្ហោះ​នោះ​គាត់​មាន​ចេតនា​ល្អ​ទេ​ប៉ុន្តែ​ពេលខ្លះ​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ជំនាញ​របស់លោក​ធ្វើការ​ងារ​ដែរ​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​ ត្រូវបាន​មន្ត្រីនគរបាល ក្រុងព្រះសីហនុ​មួយរូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា បុរស​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ យិន ថា​រ៉ា ជា​ជនជាតិខ្មែរ ភេទ ប្រុស អាយុ ​៣៥ ​ឆ្នាំ មានរ​បរជា​ជាងដែក រស់នៅក្នុង​បុរី​ទួល​សង្កែ ភូមិ អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្ដ កណ្ដាល​។ ការចាប់ខ្លួន​នេះ​គឺ នគរបាលខេត្តព្រះសីហនុ សហការ​ជាមួយ នគរបាល​ខេត្ត កណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​ ១៩ មិថុនា ឆ្នាំ ២០២២ នៅផ្ទះ​ជនសង្ស័យ​ស្ថិតក្នុង​បុរី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្ដ កណ្ដាល។​

មន្ត្រីនគរបាល​ស្រុក​ល្វាឯម​មួយរូប​ដែល​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ដែរនោះ​បាន​និយាយប្រាប់​នៅ​ថ្ងៃទី​ ២០ មិថុនាថា កាលពី​ថ្ងៃទី​ ១៩ មិថុនា ឆ្នាំ ២០២២ កម្លាំង​នគរបាល​ខេត្ត ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ល្វាឯម និងនគរបាល​ព្រហ្មទណ្ឌខេត្តកណ្តាល បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ​ យិន ថា​រ៉ា នៅផ្ទះ​របស់គាត់​ក្នុង​បុរី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុក ល្វាឯម ពិត​មែនហើយ​នាំយកទៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ដដែល​នោះ​។​

មន្ត្រី​បន្តថា​៖ «​ករណីនេះ​សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​ទៀត​ព្រោះ​សង្ស័យថា រឿងនេះ​អាច​នៅមាន​បណ្តាញ​របស់​វា​ឬ​បក្ខពួក​របស់​ជនសង្ស័យ​ទៀត​»​។​

មន្ត្រី​ដដែល​បន្តទៀតថា ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​មាន​កាំភ្លើងខ្លី​ ២ ​ដើម​ម៉ាក Glook 19 កាំភ្លើង​វែង​ម៉ាក CZ SCORPION EVO3A1​ដើម ,​បំពង់​ខ្ទប់​សំឡេង​មួយចំនួន គ្រាប់កាំភ្លើង​ខ្លី​ប្រភេទ 9mm ចំនួន​ ៤២៦​ គ្រាប់ បង់​កាំភ្លើងខ្លី​ចំនួន ​៤ និង​បង់​កាំភ្លើង​វែង​ចំនួន​ ២ រួម​នឹង​ឧបករណ៍​សម្រាប់​ជួសជុល​អាវុធ​មួយចំនួនទៀត​៕