ភ្នំពេញៈ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិបាន​ឲ្យ​ដឹង​ថា កា​រអនុវត្ត​វិធាន​ការ​ពិន័យ​តាម​អនុ​ក្រឹត្យ​លេខ​ ៣៩​ អន​ក្រ.បកគួប​ផ្សំនឹង​ការ​អបរំនឹងធ្វើ​ឲ្យ​ស្មារតី​គោរព​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវ​គោក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ខណៈ​ពេល​នេះ​សមត្ថកិច្ច​មាន​ការ​សម្រួល​លើ​ការ​ផាក​ពិន័យ​ខ្លះ​ដោយ​ប្ដួរមក​អប់​រំវិញ។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​នេះ​អះ​អាង​ថាយន្ត​ការ​អប់រំ​មិន​មាន​ប្រសិទ្ធ​ភាព ដូច​ការ​រឹត​បន្តឹង​ច្បាប់​ទេ​។

លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ឹម​ យ៉ាន​ បាន​ឲ្យ​ដឹង​តាម​រយៈ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី ២០​ ខែមិថុនា​ថា​ វិធាន​កា​រពិន័យ​គួប​ផ្សំ​ការ​អប់រំ នឹង​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​កាន់​តែ​មាន​វឌ្ឍន​ភាព​ថែម​ទៀត​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ តែ​ម៉ឺង​ម៉ាត់​ គួបផ្សំ​ការ​ពិន័យ និង​ការ​អប់រំ​លើ​ទោ​ចក្រ​យាន​យន្ត ទោច​ក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត ឬ​ម៉ូតូ​កង់​៤​ ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ចំនួន​ ៧ និង​ចំពោះ​យាន​យន្ត​ធុន​ស្រាល យាន​យន្ត​ធុន​ធ្ងន់ ដែល​ប្រ​ព្រឹត្ត​អំពើ​ល្មើស​ចំនួន ​៩​។

លោក​បញ្ជាក់​ថា៖ «សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរា​ចរណ៍​នៅ​គ្រប់​ពេល​ និង​គ្រប់​ទីកន្លែង ព្រោះ​ការ​ធ្វេស​ប្រហែស ​ឬ​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ចេត​នា ឬ​អ​ចេតនា​នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ស្ថាន​ភាពដែល​ចរាច​រណ៍​កាន់​តែ​មមាញឹ​ក»។

លោក ចាន់ សុធី នាយ​ការិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​គោក ខេត្ត​បាត់​ដំបង​ ថ្លែង​នៅ​ថ្ងៃទី​ ២០ ​ខែមិថុនា​ថា បន្ទាប់​ពី​ទទួល​បាន​ការ​ណែ​នាំ​ពី​ការ​សម្រួល​ការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោ​ក​តាម​អនុក្រឹត្យ​លេខ ​៣៩ លោក​បាន​បើក​កា​រប្រជុំ​ភ្លាម​ៗ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​មន្ត្រី​នគរ​បាល​បាន​ដឹង​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

លោក​បញ្ជាក់​ថា ការអប់រំ​ចំពោះ​បទ​ល្មើស​រថយន្ត​យន្ត​មាន​ ៩​ ចំណុច ក្នុង​នោះ​ត្រូវធ្វើ​ការ​អប់​រំ ៥ ​ចំណុច រួ​មមាន​ បើក​បរ​មិន​គោរព​ភ្លើង​សញ្ញា​ និង​ស្លាក​សញ្ញា ​បើក​បរ​វ៉ា​ជែង ​បើក​បរ​មិន​ពាក់​ខ្សែ​ក្រវាត់ ដឹក​លើស​ចំណុះ ​ការប្រើ​ទូរ​ស័ព្ទ​ និង​ពិន័យ​ ៤​ ចំណុច ​រួម​មាន បើក​បរ​លើស​ល្បឿន បើក​បរ​ស្រ​វឹង គ្មាន​បណ្ណ​បើក​បរ និង​គ្មាន​បណ្ណ​សម្គាល់​ ឬ​គ្មាន​ស្លាក​លេខ​។

ចំណែក​បទ​ល្មើស​ចំពោះ​ម៉ូតូ​មាន ៧ ​ចំណុច​ ក្នុង​នោះ​ត្រូវ​ធ្វើ​ការ​អប់​រំ ៤​ ចំណុច​ រួម​មាន ​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា ល្មើស​ការ​បត់​និង​វ៉ា​ជែង ការ​ប្រើ​ទូរ​ស័ព្ទ និង​ដឹក​លើស​ចំណុះ ​និង​ធ្វើ​កា​រពិន័យ​៣​ចំណុច​ រួមមាន ​មិន​ពាក់​មួក​សុវត្ថិ​ភាព បើក​បរ​ស្រវឹង​ និង​អត់​ស្លាក​លេខ។​ លោក​ថ្លែង​ថា៖«ពីមុន​រថយន្ត​យើង​ផាក​ពិន័យ​ ៩​ ចំណុច តែ​ឥឡូវ​យើង​មក​ផាក​ពិន័យ តែ ​៤ ចំណុច​វិញ ចំណែក​ម៉ូតូ​ពីមុន​យើង​ផាក​ពិន័យ​៧​ចំណុច តែ​ឥឡូវ​យើង​ផាក​ពិន័យ​តែ ​៣ ​ចំណុច​ទេ»។​

លោក គឺ​ម បញ្ញា នាយក​អង្គការ​​មូលនិ​ធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ ថ្លែង​នៅ​ថ្ងៃទី ២០ ខែមិថុ​នា​ថា ការប្រើ​យន្ត​ការ​អប់រំ​ផ្សព្វ​ផ្សាយ ​គឺ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​ ថែមទាំង​នាំ​ឲ្យ​មាន​ចំនួន​អ្នក​ស្លាប់ និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍កើន​ឡើងវិញ​ផងដែរ​។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​កម្ពុជា​កំពុង​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​កាត់ប​ន្ថយ​ចំនួន​អ្នក​ស្លាប់​និង​រង​របួសនៅ​ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១ ​ហើយ គួរ​តែ​បង្កើនការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ថែម​ទៀត។ ​

លោក​ថ្លែង​ថា៖ «បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍​មិន​ដូច​បញ្ហា​សង្គម​ផ្សេងៗ​នោះទេ​ បើ​ដក​ដៃ​បទ​ពិសោ​ធ​យើង​ឃើញ​ហើយ កាល​ពី​ឆ្នាំ​ ២០១៦ យើង​ជោគ​ជ័យ ក្នុងការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ​ប៉ុន្តែ​ ២០១៧ ​២០១៨ ​និង ២០១៩ ​គឺ​ហក់​ឡើង​វិញ។ ហេតុ​អី​ព្រោះ​មាន​យាន​យន្ត​ចុះបញ្ជី​ថ្មី​ច្រើន ហើយ​អ្នក​ដែល​កាន់ចង្កូត​យាន​យន្ត​ក៏​ថ្មី​ដែរ គាត់​អត់​ទទួល​បាន​ការ​រៀន​បើក​បរ​អី​ស្រួល​ទេ»​ ៕