ភ្នំពេញៈ​ អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា​លម្ហ​សិទ្ធិ​​ពល​រដ្ឋនិង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​គឺ​បាន​បើក​ទូលាយ​ចាប់​តាំង​ពីឆ្នាំ​ ១៩៩៣ ​មក​ម៉្លេះ ដែលធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ឋាន​សួគ៌​របស់​សង្គម​ស៊ីវិល​ ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សង្គម​ស៊ីវិល​ជាង​ ៦​ ពាន់​ ដែល​កំពុង​ធ្វើ​សកម្មភា​ព​លើ​គ្រ​ប់រូបភាព​។

លោក​ ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី​ ២០ ​មិថុនា​ដូចនេះ​ ស្រប​ពេល​ដែល​ថ្ងៃដដែល​នេះ​​​ អង្គការ​សហ​ប្រជា​ជាតិ​ (UN) បាន​ចេញ​ផ្សាយ​ឯក​សារ​ព័ត៌​មាន​មួយ​ស្ដីពី​ការ​ចូល​រួម​របស់​សង្គម​​ស៊ីវិល​នៅ​កម្ពុជា​។

នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​នេះ​បាន​បង្ហាញ​ ការ​អំពា​វនា​វឱ្យមាន​ការគោរព​សិទ្ធិ​មនុស្ស​របស់​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ដែល​បាន​បញ្ចូល​ការ​ចូលរួម​ជា​សាធា​រណៈ​ និង​លម្ហ​សម្រាប់​ពលរដ្ឋ​ជាប្រធាន​បទ​មួយ ក្នុង​ចំណោម​ប្រធាន​បទ​ចំនួន ៧ ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចាត់​វិធាន​ការ​ដោយ​លើក​ឡើង​ថា «សង្គម​កាន់តែ​រឹងមាំ ​និង​កាន់​តែ​មាន​ភាព​ធន់​នៅ​ពេល​ដែល​ស្រ្តីនិង​បុរស​អាច​បំពេញ​តួនាទី​ប្រកប​ដោយ​អត្ថ​ន័យ​ក្នុងជីវភាព​នយោ​បាយ​ សេដ្ឋ​កិច្ច និង​សង្គម​រួម​ចំណែក​ដល់​ការ​តាក់​តែងគោល​នយោ​បាយ​ដែល​មាន​ឥទ្ធិ​ពល​​លើ​ជីវិ​តរបស់​ពួក​គេ រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន ការ​ចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោ​បល់ ការ​លើក​ឡើង​ពីម​តិជំ​ទាស់ និង​ការ​រួម​គ្នា​សម្ដែង​មតិ​ជាដើម​»។

​លម្ហ​សម្រាប់​ពលរដ្ឋ​ គឺ​ជា​គន្លឹះ​ដើម្បី​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។​ ប្រជា​ជនដែល​មាន​ឱកាស​តិចតួ​ច គឺជា​ក្រុម​ដែល​ប្រឈម​មុខ​ខ្ពស់​ជាង​គេ​ និង​ត្រូវ​បាន​គេទុក​ចោល។​ តាម​រយៈកា​រធានាឱ្យ​សង្គម​ស៊ីវិល ចូល​រួម​ប្រកប​ដោយ​អត្ថ​ន័យ​ប្រទេស​នានា​អាច​កាត់​បន្ថយ​វិសម​ភាព ធានាប​រិយាប័ន្ន និង​ធ្វើឱ្យ​ប្រសើរ​ឡើងនូ​វចីរភាព។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​​របស់​ UN​។

UN ​បញ្ជាក់​ថា៖​«នៅប្រ​ទេសកម្ពុ​ជាសង្គម​ស៊ីវិល​ចូល​រួម​ក្នុងការ​ផ្តល់សេ​វាជា​ច្រើន ដូចជា​លើវិស័​យអភិ​វឌ្ឍន៍ និងមនុ​ស្សធម៌ ការ លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ ការ​អភិរក្ស ការក​សាង​សន្តិភាព និង​សិទ្ធិម​នុស្សជា​ដើម។ សង្គម​ស៊ីវិល​មានវត្ត​មាននៅ គ្រប់​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​នៅក្នុ​ងគ្រ​ប់វិស័យ និងមា​នបុគ្គលិ​ក និងអ្នកស្ម័​គ្រចិត្ត​ជាច្រើនម​កពី​សាវតារ​ចម្រុះ​»។

យ៉ាងណាក្ដី លោក ​ជិន ម៉ាលីន ​បានថ្លែ​ង​ថា ​លម្ហ​​ពល​រដ្ឋនិង​សង្គម​ស៊ីវិល​នៅប្រ​ទេស​ក​ម្ពុជាគឺ​បាន​​បើក​ទូលា​យចាប់​តាំង​ពីឆ្នាំ​ ១៩៩៣ មកម៉្លេះ ​ក្រោយ​កិច្ច​ព្រមព្រៀ​ង​ទីក្រុង​បារីស និង​ក្រោយ​ការ​បោះឆ្នោត​ប្ដូររបប​ន​យោបាយ​មកជា​របប​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស។ក្នុង​នោះ​មាន​ការ​លេច​​ជារូប​រាង​ឡើង​នូវ​​អង្គការ​សមាគ​មសង្គម​ស៊ីវិល​ជាច្រើន​គ្រប់​រូប​ភាព​ រហូត​កម្ពុជា ​បាន​រៀបចំ​ឡើង​នូវ​ច្បាប់​ដើម្បី​ធានាដ​ល់សិទ្ធិ​សេរី​ភាពនិង​​ធានានូវ​សក​ម្មភាព​ការពារ​នូវ​ផល​ប្រយោជន៍​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​នោះ​ថែម​ទៀត​​។

លោក​បញ្ជាក់ថា​ ក្រោយ​ការ​បង្កើត​នូវច្បាប់​ការពារ​ដល់​សង្គម​ស៊ីវិល​ ចំនួន​សង្គម​ស៊ីវិល​មាន​ការ​កើនឡើ​ង​ជាលំ​ដាប់​។ រហូត​មក​ទល់ពេ​លនេះ មាន​​អង្គការ​សង្គម​ស៊ីវិល​ជាង ៦​ពាន់ រួ​ចទៅហើយ​។

លោកថ្លែង​ថា​៖ «តាម​ចំនួន​នេះយើ​ង​អាច​ចាត់ទុក​ថា​កម្ពុជាគឺជា​ឋាន​សួគ៌​នៃសង្គម​ស៊ីវិល​ដែលជា​ប្រទេស​មួយតូច​មាន​ពល​រដ្ឋតិច ​ក៏ប៉ុន្ដែ​​មាន​សង្គម​ស៊ីវិល​ច្រើន​លើសលប់​ ច្រើន​ជា​ង​បណ្ដា​ប្រទេស​ប្រជាធិប​តេយ្យ​ធំៗ​មួយចំ​នួន​លើពិភ​ព​លោក​នេះ​​ទៀត​​ដោយសា​រ​តែ​ច្បាប់​យើង​បាន​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ចំពោះ​ការ​បង្កើត​ និង​ការ​ធ្វើ​សកម្ម​ភាព​ដែល​មិន​បង្កនូវ​ការ​លំ​បាក​​​ឬ​ឧប​សគ្គ​សម្រាប់​សង្គម​ស៊ីវិល​នោះទេ​​»​​។

លោក ​ម៉ា​លីន ​បញ្ជា​ក់ថា តាម​រយៈចំនួន​សង្គម​ស៊ីវិល កម្ពុជា​​អាច​ចាត់ទុក​ថា ​លម្ហ​សង្គម​ស៊ីវិល គឺធំទូលា​យ​​នៅក​ម្ពុជា ក៏ប៉ុ​ន្តែ​អ្វី​ដែល​​ជា​បញ្ហា​នោះគឺ​ទាក់ទ​ង​នឹង​គុណ​ភាព និង​ភាព​ចាស់​ទុំ​នៃស​ង្គម​ស៊ីវិល​។

លោក​លើកឡើង​ថា​ ទោះបីជា​​មានការ​លេច​រូបរាង​ឡើង​តាំងពីឆ្នាំ​ ១៩៩៣ មានភា​ពចំណា​ស់​យូរឆ្នាំ​ជាង ​៣០ឆ្នាំ​មក​ហើយ​ក៏​ដោយ​​​ មាន​ចំនួន​ច្រើន​ជាង​ ៦ ពាន់​សង្គម​ស៊ីវិល​យ៉ាង​ណាក៏ដោយ​ ក៏ប៉ុន្ដែ​នៅមានបញ្ហា​​​ពាក់ព័​ន្ធនឹង​គុណភា​ពនិង​ភាព​ចាស់​ទុំ​របស់​​សង្គម​ស៊ីវិល​។មាន​រ​យៈពេល​ជាង​៣០ឆ្នាំមែន ក៏ប៉ុន្ដែ​សង្គម​ស៊ីវិល​​នៅមិ​នទាន់​មាន​ភាព​ចាស់ទុំ ​មិន​ទាន់​​មាន​គុណ​ភាព​គ្រប់​គ្រាន់​​នៅឡើយ​ទេ​ ​ដើម្បីចូ​លរួម​ក្នុង​​លម្ហ​ស​ង្គម​ស៊ីវិល និង​​លម្ហ​រ​បស់​ពលរដ្ឋ​នេះ​។

លោក​ប​ញ្ជាក់ថា​៖«បញ្ហានេះ​វាមានប​ញ្ហា​ចំនួន ​២ ទី១ ពាក់ព័ន្ធ​​ទៅនឹង​សង្គម​ស៊ីវិល​ខ្លួនឯង​ផ្ទាល់ ទី​២ គឺបញ្ហា​ដែល​ពាក់​ព័ន្ធ​ទំនាក់​ទំនង​រវាង​រដ្ឋា​ភិ​បាលនិង​សង្គម​ស៊ីវិល​នេះឯង​។ ពា​ក់ព័ន្ធ​បញ្ហា​រវាង​សង្គម​ស៊ីវិលនិង​រដ្ឋាភិបា​លនេះ​ យើង​ឃើញ​ថា​នៅ​មា​ន​បញ្ហា​ដោយ​​សារ​តែ​ភាព​ពហុ​ប៉ូល​និយម(Polarization)និង​នយោ​បាយភាវូបនី​យកម្ម​និយម​នៃស​ង្គម​ស៊ីវិល (Politicization)»។

លោក​ពន្យល់​ មានន័យថា គ​ណបក្ស​ន​យោបាយ​​មាន​ច្រើន សង្គម​ស៊ីវិល​ក៏មាន​​ច្រើន ដូច្នេះ​​គណបក្ស​នយោ​បាយ​នី​មួយ​ៗ​ព្យា​យាម​​ចាប់​យក​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នយោបា​យក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោ​បាយ និង​គាំ​ទ្រ​ទៅ​​ដល់​របៀបវា​រ​នយោ​បាយនិង​គោលដៅ​នយោបាយ​របស់​ខ្លួន​​។នេះ​ធ្វើ​ឱ្យ​​សង្គម​ស៊ីវិល​បាត់​បង់​​នូវ​ឯក​រាជភាព ​អព្យា​ក្រឹត​ភាព​​នយោ​បាយ និង​បេសកកម្ម​​របស់​ខ្លួន​ដែល​បម្រើ​ផល​ប្រយោជ​ន៍​របស់​ប្រជា​ពលរដ្ឋ​និង​ផល​ប្រយោជន៍​​សង្គម​។

លោក​ ម៉ាលីន លើ​កឡើង​ថា​៖«សង្គម​ស៊ីវិល​មួយចំ​នួនគា​ត់​ធ្វើ​ការ​បម្រើ​សង្គម​តែរូបភា​ពទេ ​ប៉ុន្ដែគោលដៅពិ​ត​ប្រាក​ដរប​ស់​គាត់ ​គឺការ​ឈានទៅ​ចា​ប់​យក​នូវ​អំណាច​​នយោ​បាយ​។ គាត់​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ដំបូង​ក្រោម​រូបភាព​ជាសង្គម​ស៊ីវិល ក៏ប៉ុ​ន្ដែ​​គាត់​បាន​ធ្វើ​សកម្ម​ភាព​ដោយ​ភ្ជាប់​​ខ្លួន​ទៅនឹង​គណបក្ស​នយោបា​យ​ក្នុង​គោលដៅមួ​យ​បម្រើ​សកម្ម​ភាព​នយោបា​យ​របស់​គណ​បក្ស​និង​គាំ​ទ្រគ​ណ​បក្ស​នោះ​ដើម្បី​ឱ្យឈាន​ទៅកាន់​អំណា​ច សង្គម​ស៊ីវិល​របស់​គាត់ ​ទទួល​បាន​នូវផល​ប្រយោជ​ន៍ និង​អំណា​ច​នយោ​បាយ​ក្នុង​ប្រទស​»។

លោក​បន្ត​ថា​៖«ការ​ភ្ជាប់ខ្លួ​នរ​បស់​សង្គម​ស៊ីវិល​ទៅក្នុង​ផល​ប្រយោជន៍​នយោ​បាយនិ​ងរបៀប​វារ​នយោបាយ​នេះបា​នធ្វើ​ឱ្យ​សង្គម​​ស៊ីវិល​ទាំង​នោះ បា​ត់​បង់​នូវ​ឯករា​ជភាព​ អព្យា​ក្រឹត​ភាព​ផ្នែក​នយោបា​យ បា​ត់បង់នូវ​បេសក​កម្មដើម​​របស់​ខ្លួន​នៅ​ក្នុង​ការ​បម្រើ​​សង្គម​និង​ផល​ប្រយោជ​ន៍​ជាតិ។ នេះជាប​ញ្ហា​ប្រឈម​ដែលធ្វើ​​ឱ្យ​សង្គម​ស៊ីវិល​នៅមិន​ទាន់​មាន​ភាព​ចាស់​ទុំ​ មិន​ទាន់​មាន​​គុណ​ភាព​គ្រប់​គ្រាន់​​ក្នុង​ការ​ទទួ​លបា​នឬ​ក៏ចូលរួម​នៅក្នុង​​លម្ហ​​សង្គម​ស៊ីវិ ​ឬ​ក៏​លម្ហ​ព​លរដ្ឋ​ដែលយើង​បើក​ទូ​លាយ​​»​។

នៅ​ក្នុង​ការ​ចេញផ្សាយ​របស់ UN បញ្ជាក់ថា UN ត្រៀមខ្លួនជានិច្ចដើម្បី​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជាក្នុ​​ងកា​រ​ចាត់​វិធាន​ការ​ជាជំហានៗដើម្បី​ជួយ​ធ្វើ​ឱ្យ​​លម្ហ​សម្រាប់ពលរដ្ឋកាន់តែល្អប្រសើរឡើងតាមរយៈការចូលរួមជួយផ្តល់យោបល់​លើ​ការ​​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដែល​ពាក់​ព័ន្ធសំខាន់ៗដើម្បីជួយឱ្យ​ច្បាប់ទាំងនោះអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិ​មនុស្ស​អន្តរ​ជាតិ​របស់កម្ពុជា តួយ៉ាង​ដូច​ជា​ច្បាប់​ស្តីពី​សមាគ​ម និង​អង្គកា​រមិ​នមែន​រដ្ឋាភិបា​ល និង​ច្បាប់ស្តី​ពីសហជីព ជាដើម។

របៀបវារៈ​អភិ​វឌ្ឍន៍​ដោយ​ចីរភាពឆ្នាំ​២០​៣០ចាត់ទុ​កសិទ្ធិ​មនុស្ស ជាចំណុ​ចស្នូលដ៏​សំខាន់នៃ​កិច្ចខិត​ខំប្រឹង​ប្រែង​លើក​កម្ពស់ និងជំរុ​ញការ​អភិវឌ្ឍ​សង្គមសេ​ដ្ឋកិច្ច​ជាមួ​យនឹងគោ​លការ​ណ៍ដ៏សំ​ខាន់គឺ​ការមិ​នទុកន​រណា​ម្នាក់ចោ​លនិង​ការ​ផ្ដល់​ភាព​​អង់​អាច​ដល់ប្រ​ជាពល​រដ្ឋឱ្យ​ធ្វើជាភ្នា​ក់ងារ​ដ៏សកម្ម​ក្នុង​ការស​ម្រេចកា​រអ​ភិវឌ្ឍ ​ប្រកប​ដោយចី​រភាព។ ​នេះបើតាម​​ UN។

UN​ បញ្ជាក់ថា​«ក្នុង​នាមជាដៃ​គូអភិ​វឌ្ឍន៍មួ​យនៅប្រ​ទេសកម្ពុ​ជា អង្គកា​រសហប្រ​ជាជាតិ ​នឹង​បន្ត​បង្ហាញ​ពីភាព​ពឹង​អា​ស្រ័យ​​គ្នា​ទៅ​វិញ​ទៅម​ក​នៃ​គ្រប់​សិទ្ធិ​មនុ​ស្សទាំ​ងអស់និង​បន្តកិច្ច​សហកា​រជា​មួយរដ្ឋាភិ​បាលដើម្បីធ្វើ​ឱ្យស្ថានភាព​​លម្ហ​​សម្រាប់​ពលរដ្ឋ​កាន់តែល្អ​ប្រសើរ​ឡើងនិង​ធានាថា​ ការអភិ​វឌ្ឍរ​បស់​កម្ពុជា គឺជាការអ​ភិវឌ្ឍ​សម្រាប់​ទាំង​អស់​គ្នា ហើយ​ជា​ការ​​អភិ​វឌ្ឍ​ប្រកប​ដោយ​បរិយា​ប័ន្នព្រម​ទាំង​ប្រើប្រា​ស់នូ​វជំនា​ញនិង​ការរួ​មចំណែក​របស់​សង្គម​ទាំងមូ​លព្រ​មទាំង​សង្គម​ស៊ីវិល​របស់​ប្រទេស​នេះ​ផង​ដែរ​»។​

លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស លី​កាដូ ​លើកឡើង​ថា ក្នុងនាម​អង្គ​ការធ្វើ​ការ​ងារ​ផ្នែក​​សិទ្ធិម​នុស្ស ​និង​លទ្ធិ​ប្រជាធិ​បតេយ្យ​ កន្លង​មក តែង​តែ​លើកឡើ​ង​នូវ​ការ​រឹត​ត្បិត​អំពី​សេរីភាព​ជាមូលដ្ឋាន​ ហើយ​សេរីភាព​ជា​​មូល​ដ្ឋាន​នេះ ​មាន​​លម្ហ​សេ​រីភា​ព​របស់​អង្គការ​សង្គម​ស៊ីវិល​ សហជីព សេរីភាព​ក្នុង​ការ​ជួបជុំ​​ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ និ​ង​សេរីភា​ព​ក្នុង​ការ​បង្កើតអង្គការ​សមាគម​ជាដើមដើម្បី​យកម​ក​ធ្វើ​​ជាឧទាហ​រណ៍ថា​នៅមាន​ការ​រឹតត្បិត​នូវ​សេរីភា​ពទាំ​ងអស់​នេះ​​។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ហើយ​បាន​ជាពេ​លនេះ UN ក៏បាន​លើក​យក​បញ្ហាទាំង​នេះសម្ដែ​ង​នូវ​ការ​ព្រួយ​បារម្ភ​ផង​ដែ​រ ទាក់​​ទង​នឹង​បញ្ហា​នៃសេរីភា​ព​នៃអ​ង្គការ​សង្គម​ស៊ីវិ​ល​ និង​សេរីភាព​នៃការ​ជួបជុំ​​ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី សេរី​​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេ​រីភាព​ក្នុង​ការ​បង្កើត​អង្គការ​សមា​គម ឬសហ​ជីពនេះ​​»។

លោកប​ន្តថា​៖ «អ៊ីចឹងចំណុច​នេះ​មិនមែន​មើ​លឃើញតែ​អង្គការ​សង្គម​ស៊ីវិ​លជាតិ​ទេ​សូម្បី​UNក៏បាន​មើល​ឃើញ​ចំណុច​នេះដែ​​រ​ ហើយ​ក៏បាន​ស្នើសុំ​​ទទូច​ឱ្យ​រាជរដ្ឋា​ភិបាល​លោក​ធ្វើ​ការ​បើក​កាន់តែ​ទូលា​យ​ទៅលើ​សេរីភាព​ជាមូលដ្ឋាន​ ជា​ពិសេស​សេរី​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ដើម្បី​ចូលរួម​លើក​កម្ពស់​ទៅលើ​វិស័យ​សិទ្ធិម​នុស្ស​លទ្ធិប្រ​ជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​ក​ម្ពុជា​»៕