ភ្នំពេញៈ អង្គការ​សហប្រជាជាតិ (​អសប​) ប្រចាំ​កម្ពុជា​បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការបន្ត​គាំទ្រ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់ អសប ខណៈ​ដែល​កម្ពុជា​នៅ​ខែ​សីហា​ខាងមុខ​នេះ គ្រោង​បញ្ជូន​កងទ័ព​មួក​ខៀវ ដែល​ជា​កង​កម្ទេច​គ្រឿងផ្ទុះ (EOD) ថ្មី​ចំនួន​ ៩៨ ​នាក់​បន្ថែមទៀត​ទៅ​រក្សា​សន្តិភាព នៅ​អាហ្វ្រិក​កណ្តាល ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​គ្រាប់មីន គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រឿង​ផ្ទុះ​កែច្នៃ​។

លោកស្រី កុសល ម៉ាលីនដា អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កង EOD ទាំងនេះ​នឹង​ឈរជើង​នៅ​រដ្ឋធានី​ប៊ែងហ្គី (Bangui) ហើយ​នឹង​បែងចែក​ចេញ​ជា​ ២​ ក្រុម​ទៅ​តាម​ទីតាំង​ដែល អសប កំណត់​សម្រាប់​ចល័ត​ទៅតាម ​២​ ទីតាំង​ផ្សេងៗ​គ្នា​។ ការគ្រោង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​នៅ​ខែសីហា​ជា​គម្រោង​បឋម​។

លោកស្រី​ថ្លែងថា​៖ «​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​អាហ្វ្រិក​កណ្តាល​ហ្នឹង​គឺ​ប្រឈម​ខ្លាំង​ទៅនឹង​គ្រាប់មីន ហើយ​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយក៏​មានការ​ប្រើប្រាស់​គ្រឿងផ្ទុះ​កែច្នៃ​នៅក្នុង​ហ្នឹង​ផងដែរ​។ អ៊ីចឹង​ហើយ​បាន​អង្គការ​សហប្រជាជាតិ គឺ​តម្រូវ​កងកម្លាំង​ខាង​កម្ទេច​គ្រឿងផ្ទុះ​ហ្នឹង​ទៅ​ ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ ដែល​កើតឡើង​ដល់​ជន​ស៊ីវិល ក៏ដូចជា​រាំងស្ទះ​ដល់​ដំណើរការ​សន្តិភាព​របស់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ផងដែរ​»​។

លោកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​ការបន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​»​។ កាលពី​ខែកុម្ភៈ​កន្លងទៅ​កម្ពុជា​បាន​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​ប្តូរ​វេន​ចំនួន ២១៩ ​នាក់​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌ ក្រោម​ឆត្រ អសប នៅ​អាហ្វ្រិក​កណ្តាល​រួច​មកហើយ​។ កង​នេះ​ក៏ត្រូវ​បាន​បន្ថែម​កម្លាំង​ចំនួន ១៥ ​នាក់ ដែលជា​កង​កម្ទេច​គ្រឿងផ្ទុះ​លើ​កម្លាំង​វិស្វកម្ម​មុនៗ​ចំនួន ២០៤ នាក់​ដែល​ធ្វើឱ្យ​កម្លាំង​សរុប​កើនឡើង​ចំនួន ២១៩ នាក់​។ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព អសប នៅ​តំបន់ Bria នៃ​អាហ្វ្រិក​កណ្តាល លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៥​។ មកដល់​ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ប្តូរ​វេន​ប្រចាំឆ្នាំ​ ១ ឆ្នាំ​ម្តង មាន​ចំនួន​ជាង ២០០ ​នាក់​បាន​ចំនួន ៨ ​លើក​។

ដោយឡែក​ការបញ្ជូន​កងកម្លាំង​ប្តូរ​វេន​លើក​ទី​ ៨ កាលពី​ខែកុម្ភៈ​កន្លង​ទៅនេះ ភាគី អសប បាន​ស្នើ​កម្ពុជា​បន្ថែម​កងកម្លាំង​ចំនួន ១៥ នាក់​បន្ថែមទៀត ដើម្បី​ពង្រីក​បេសកកម្ម​ដូចជា​សាងសង់​សំណង់​ផ្តេក សាងសង់​សំណង់​បញ្ឈរ ដោះមីន កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជីក​អណ្តូងទឹក​ជួយ​ជន​ស៊ីវិល​ផ្នែក​មនុស្សធម៌ និង​ការពារ​ជន​ស៊ីវិល​នៅ​តំបន់​មាន​ជម្លោះ​សង្គ្រាម​នៅ​តំបន់ Bria ជាដើម​។

លោកស្រី កុសល ម៉ាលីន ​ដា​បញ្ជាក់ថា​៖ «​ស្ថានការណ៍​ប្រឈម​នឹង​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ហើយ​និង​មាន​ការ​ប្រើប្រាស់​មួយចំនួន​នូវ​គ្រឿងផ្ទុះ​កែច្នៃ​ហ្នឹង គឺ​គាត់ [​អសប​] ស្នើសុំ​បន្ថែម​ ១៥​ នាក់​ហ្នឹង​ទទួល​បន្ទុក​ក្នុង​ភារកិច្ច កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ហ្នឹង​ដូចគ្នា​ដែល​អម​ជាមួយ​កម្លាំង​វិស្វកម្ម​របស់​យើង​»​។

សម្រាប់​គម្រោង​ឆ្នាំ​ ២០២៣ វិញ​លោកស្រី​ កុសល ម៉ាលីនដា ថ្លែងថា ក្នុងករណី​កង EOD ថ្មី ចំនួន​ ៩៨​ នាក់​នេះ​បាន​ចេញទៅ​បំពេញ​បេសកកម្ម​នៅ​ឆ្នាំនេះ នោះ​កម្ពុជា​នឹង​ធ្វើការ​ប្តូរ​វេន​រយៈពេល​ ១​ ឆ្នាំ​ម្តង ដោយ​លោកស្រី​បញ្ជាក់ថា​៖ «​និយាយ​រួម​អាហ្វ្រិក​កណ្តាល​ដែល​បច្ចុប្បន្ន យើង​មាន​ ២១៩​ នាក់​ហ្នឹង បូក​នឹង​ ៩៨​ នាក់​ហ្នឹង គឺ​ចំនួន​រួម​ហ្នឹង​ប្តូរ​វេន​រយៈពេល ​១​ ឆ្នាំ​ម្តង​។ អ៊ីចឹង​ឆ្នាំ​ ២០២៣ ធ្វើការ​ប្តូរ​វេន​។ បើសិន​កង​នេះ​ចេញ​ពិតប្រាកដ​ខែ​ ៨ [​សីហា​] មែន ឧទាហរណ៍​បើ​អត់​មានអី​ប្រែប្រួល​បានន័យថា ឆ្នាំ​ ២០២៣ ខែ​ ២ [​កុម្ភៈ​] គឺ​យើង​ប្តូរ​ ២១៩ ​នាក់ ហ្នឹង​ ១​ សិន ហើយ​បាន​ចុងឆ្នាំ​ ២០២៣ ខែ ​៨ ឬ​ខែ​ណាមួយ ដែល​គាត់​ចេញ​គឺ​ប្តូរ​វេន​ ៩៨ ​នាក់​ហ្នឹង​ទៀត​»​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា នេះ គឺជា​ការចូលរួម​នៅក្នុង​ការថែរក្សា​សន្តិសុខ​សុវតិ្ថភាព របស់​កម្ពុជា ជាមួយនឹង អសប ដែល​នេះ​ជា​រឿង​មួយ​ល្អ​។ បញ្ហា​មីន​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​រង​គ្រោះ​ដោយសារ​គ្រាប់មីន ដោយ​អ្នកខ្លះ​ដាច់​ដៃ​ដាច់​ជើង បាត់បង់​ជីវិត និង​ពិការ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ធ្វើឱ្យ​កម្ពុជា​មាន​បទពិសោធ​ខ្ពស់​នៅក្នុង​ការកម្ទេច​គ្រឿងផ្ទុះ​ទាំងអស់​នេះ​។

លោក​បន្តថា កម្ពុជា​ក៏​ទទួល​បាន​ជោគជ័យ​យ៉ាងច្រើន​ដែរ លើ​បញ្ហា​មីន ដែល​កប់​នៅក្នុង​ដី​ហើយ​ពេលនេះ ក៏​ជា​រឿង​មួយ​ប្រសើរ ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅប្រទេស​។ វា​ក៏​ជា​រឿង​មួយ​ដែល​គួរ​លើក​ទឹកចិត្ត​ផងដែរ ហើយ​កម្ពុជា​ត្រូវតែ​ព្យាយាម​ពង្រីក​នូវ​ទំនាក់ទំនង​ការចូលរួម​ចំណែក​របស់​កម្ពុជា​ជាមួយ អសប ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​នៅក្នុង​ការថែរក្សា​សន្តិភាព​ក៏​​ដូចជា​សុវត្ថិភាព​របស់​មនុស្ស​ជាតិ​នៅលើ​ពិភពលោក​។

លោក យង់ គិមអេង ថ្លែងថា​៖ «​នៅក្រោម​ឆត្រ​នៃ​អង្គការ​សហប្រជាជាតិ យើង​មិនអាច​យក​សុខ​តែ​ម្នាក់​យើង​បានទេ​។ យើង​ត្រូវតែ​ចូលរួម​ចែករំលែក​សេចក្តី​សុខ​ទៅដល់​ប្រជាជាតិ​ផ្សេងៗ​ទៀត​។ ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​សុខ​សុវត្ថិភាព​នេះ គឺ​មាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​​ទូទៅ​តទៅ​មុខ​ហើយ​យូរអង្វែង​វែងឆ្ងាយ​។ ទាំងអស់​នេះ​ជា​រឿង​មួយ​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ក៏ដូចជា​សម្រាប់​មនុស្ស​ជាតិ​ដែល​នៅក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​»​។

ចាប់ពី​ឆ្នាំ​ ២០០៦ រហូត​មកដល់​ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ជាង ៨ ០០០ នាក់​ក្នុងនោះ​មាន​នារី​ចំនួន​ជាង ៥០០ នាក់​ទៅកាន់​បេសកកម្ម​ចំនួន ១១ ក្នុងប្រទេស​ចំនួន ៩​។ ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២២ នេះ កម្ពុជា​មាន​កងទ័ព​មួក​ខៀវ​ចំនួន​ជិត ៨០០ នាក់​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​ចំនួន ៤ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​។

ក្នុងជំនួប​ជាមួយ​លោកស្រី Kathryn Campbell រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​ទី​ ២ អាជ្ញាធរ​មីន​បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បន្ត​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ការងារ​បោសសម្អាត​មីន​រហូត​ដល់​កម្ទេច​គ្រាប់មីន​ចុងក្រោយ​នៅ​កម្ពុជា​ ទោះបី​កម្ពុជា​មិនបាន​សម្រេច​គោលដៅ ឆ្នាំ​ ២០២៥ ក៏ដោយ​។

យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​លោកស្រី Campbell បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​ផ្នែក​ប្រតិបត្តិការ​រក្សា​សន្តិភាព​បោសសម្អាត​មីន​នៅ​កម្ពុជា និង​ការចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់ អសប លើ​បណ្តា​ប្រទេស​មួយចំនួន​ដែល​មាន​ជម្លោះ​ដោយសារ​សង្គ្រាម​។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​លោកជំទាវ [​លោកស្រី Campbell] នឹង​បន្ត​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា និង​ជួយ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​បង្កើន​លើ​កម្លាំង​ស្ត្រី​ផ្នែក​រក្សា​សន្តិភាព ព្រមទាំង​ពាំនាំ​នូវ​សំណើ និង​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​នេះ​ជម្រាប​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​ខែមិថុនា​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​មក​សង្កេតការណ៍​បោះឆ្នោត​ឃុំ សង្កាត់ នៅ​កម្ពុជា​ថា អសប ធ្លាប់​បាន​បញ្ជូន​កងទ័ព​មក​ខៀវ​មក​កម្ពុជា តែ​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ក្រោម​ឆត្រ អសប ទៅ​ប្រតិបត្តិការ​នៅ​ប្រទេស​ដទៃ​៕