
ពិព័រណ៍ការងារនៅកោះពេជ្រ កាលពីឆ្នាំ ២០១៩។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ពិព័រណ៍ការងារដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៣-២៤ ខែមិថុនា ត្រូវបានរំពឹងថា នឹងនាំមកនូវឱកាសការងារប្រមាណជាង ៣ ពាន់កន្លែងពីក្រុមហ៊ុនធំៗចំនួន ២២ ដើម្បីផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ។ នេះបើតាមលោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ។
លោក ហៃ ហ៊ុនឡេង ប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ មិថុនាថា ពិព័រណ៍ការងារដែលនឹងធ្វើឡើងនៅអគារ KAMPUS តាមមហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់នេះគឺក្នុងគោលបំណងផ្តល់នូវលក្ខខណ្ឌងាយស្រួល សម្រាប់និយោជកដែលមានតម្រូវការប្រកាសជ្រើសរើសកម្លាំងពលកម្ម និងក៏ជាការកៀរគរស្វែងរកអ្នកដាក់ពាក្យស្នើសុំការងារដែលមានសក្តានុពល ចំណេះ ជំនាញពីវិស័យផ្សេងៗ ដើម្បីបំពេញតម្រូវការរបស់សហគ្រាស និងអាជីវកម្ម។ ការរៀបចំនេះ គឺធ្វើយ៉ាងណាឱ្យភាគីនិយោជក និងអ្នកស្វែងរកការងារអាចជួបជុំគ្នាដោយងាយស្រួលក្នុងលក្ខខណ្ឌ និងបរិយាកាសប្រមូលផ្តុំដែលមានឱកាសការងារច្រើនសណ្ឋានក៏ដូចជាអាចកៀរគរ និងសម្លឹងមើលអ្នកស្វែងរកការងារធ្វើពីគ្រប់ប្រភព និងគ្រប់ឯកទេស។
លោកបន្តថា ជាមួយគ្នានោះក្នុងពិព័រណ៍ការងារនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងបង្កលក្ខណៈ និងឱកាសសម្រាប់អ្នកស្វែងរកការងារ យុវជនសិស្ស និស្សិត ក៏ដូចជាកម្លាំងពលកម្មទាំងអស់ឱ្យទទួលបាននូវគន្លឹះសំខាន់ៗតាមរយៈសិក្ខាសាលានៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការយល់ដឹងពីសហគ្រិនភាព គឺការត្រៀមខ្លួនបំពេញការងារធ្វើដោយខ្លួនឯងព្រមទាំងទទួល-បានគំនិត និងឱកាសក្នុងការផ្តួចផ្តើមអាជីវកម្ម។
លោកថា៖ «ព្រឹត្តិការណ៍រួមបញ្ចូលគ្នារវាងការស្វែងរកការងារធ្វើការដាក់ពាក្យស្នើសុំការងារ និងសិក្ខាសាលាណែនាំប្រឹក្សាយោបល់អាជីពការងារ និងសហគ្រិនភាពនេះ គឺជាបុព្វហេតុដ៏ធំចម្បងបំផុតក្នុងការរៀបចំពិព័រណ៍ការងារ ដែលនឹងប្រព្រឹត្តទៅនៅអគារ KAMPUS នៅជិតស្ពានអាកាសក្បាលថ្នល់»។ លោក ហ៊ុនឡេង ប្រាប់ថា ក្រុមហ៊ុន និងនិយោជក ដែលចូលរួមតាំងបង្ហាញឱកាសការងារ និងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មគ្រប់វិស័យនេះសុទ្ធសឹងជានិយោជក ដែលមានសក្ដានុពល និងមានទំហំអាជីវកម្មធំៗទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមានក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិស័យសំណង់ អចលនវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាផងដែរ។
លោកបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្ពុជាមានកម្លាំងពលកម្មគ្រប់អាយុ ដែលត្រូវចូលធ្វើការមានក្នុងរង្វង់ប្រហែល ៣០ ម៉ឺននាក់។ ទន្ទឹមនោះ មានកម្លាំងពលកម្មមួយចំនួនធំបានបន្តជ្រៀតចូលក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយពុំទាន់ទទួលយកឱកាសការងារភ្លាមៗទេ ចំណែកមួយផ្នែកទៀត បានប្រកបមុខរបរអាជីវកម្មដោយខ្លួនឯង ខណៈអ្នកខ្លះបានស្វែងរកការងារនៅតាមរោងចក្រសហគ្រាស។ យ៉ាងណាក្តី បើមើលពីឱកាសក្នុងការបើកការងារពីក្រុមហ៊ុនសហគ្រាសដែលជ្រើសរើសកម្លាំងពលកម្ម មានសម្ទុះខ្លាំងក្លា ប៉ុន្តែតម្រូវការនៅតែមិនទាន់អាចបំពេញគ្រប់ចំនួននៅឡើយ។
លោកថា៖ «ឱកាសការងារបានត្រៀមខ្លួនស្រូបយកកម្លាំងពលកម្ម ដោយឡែកគឺកម្លាំងពលកម្មឯនោះវិញទេ ដែលត្រូវរៀបចំខ្លួនរៀបចំលក្ខខណ្ឌ លក្ខណសម្បត្តិ តម្រូវឱ្យស្របតាមតម្រូវការក្រុមហ៊ុនធ្វើយ៉ាងណាស្រូបយកឱកាសការងារ ណាមួយឱ្យបានទៅតាមតម្រូវការ និងចំណង់ចំណូលចិត្ត ឬជំនាញឯកទេសរបស់ខ្លួន»។
លោកបន្តទៀតថា តាមរយៈការសម្របសម្រួលពិព័រណ៍ការងារកាលពីឆ្នាំមុន មានក្រុមហ៊ុនចូលរួមប្រមាណជិត ១០០ ក្រុមហ៊ុន តាមរយៈពិព័រណ៍ការងារអនឡាញ ដោយបានប្រកាសជ្រើសរើសកម្លាំងពលកម្មប្រមាណជិត ២ ម៉ឺនឱកាសការងារ។ បេក្ខជន-បេក្ខនារីដែលបានដាក់ពាក្យស្វែងរកការងារធ្វើកាលនោះត្រូវបានក្រុមហ៊ុន សហគ្រាសគ្រឹះស្ថាន ជ្រើសរើសណាត់ជួបសម្ភាស និងផ្តល់ឱកាសការងារប្រមាណជាង ២ ០០០ នាក់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងនៅថ្ងៃទី ២០ មិថុនាថា ពិព័រណ៍ការងារ ឬការផ្សព្វផ្សាយអំពីការងារ និងឱកាសការងារ ឬក្រុមហ៊ុនបង្កើតការងារថ្មី គឺជារឿងល្អ ព្រោះកន្លងមកទោះបីជាកន្លែងខ្លះមានការងារធ្វើ ប៉ុន្តែកន្លែងកម្មករមួយចំនួននៅតែមិនមានការងារធ្វើ ដោយសារគម្លាតនៃអ្នកអត់ការងារ និងការស្វែងរកមានភាពទូលំទូលាយ ខណៈការងារមានដោយកន្លែង។
លោកឱ្យដឹងថា អត្រានៃអ្នកគ្មានការងារធ្វើក្នុងពេលបច្ចុប្បន្ន នៅតែមានច្រើន ដោយអ្នកខ្លះមិនអាចរកការងារធ្វើ ដើម្បីទទួលបានប្រាក់ខែខ្ពស់បានក៏បង្ខំចិត្តទៅធ្វើការងារមួយចំនួន ដែលខ្លួនមិនចង់ធ្វើ ខណៈអ្នកមួយចំនួនទៀត មានការខ្លាចក្រែងកន្លែងការងារ មានហានិភ័យ ប៉ះពាល់ដល់សុវត្ថិភាពខ្លួន។ លោកថា៖ «អ្នកខ្លះគាត់ទៅបង្កើតការងារខ្លួនឯងទៅរត់ម៉ូតូឌុបទៅធ្វើកសិកម្មធ្វើអីដោយសារគ្មានជម្រើស...»។
បញ្ហានេះ លោក ហៃ ហ៊ុនឡេង បញ្ជាក់ថា ការផ្តល់ឱកាសការងារមានច្រើនសន្ធឹកសន្ធាប់ ដោយឡែកការជ្រើសរើសពុំទាន់បានគ្រប់ពេញលេញ ហេតុនេះបើធៀបជាតុល្យភាព មិនមានអ្នកអត់ការងារធ្វើច្រើន ឬសន្ធឹកសន្ធាប់នោះទេ ព្រោះឱកាសការងារបានត្រៀមខ្លួនបើកជូនជាបន្តបន្ទាប់។ សេចក្តីប្រកាសរបស់ក្រសួងការងារនៅថ្ងៃទី ២០ មិថុនា ឱ្យដឹងថា ពិព័រណ៍ការងារនេះរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)៕