ភ្នំពេញៈ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ទទួល​ស្គាល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ចំនួន ៦០​ នាក់​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី ​៩ និង​ថ្នាក់​ទី ​១២ សម្រាប់​ឆ្នាំ​ ២០២២ បន្ទាប់ពី​បាន​ដំណើរការ​ប្រឡង​អស់​រយៈពេល ១ ​សប្តាហ៍ ដែលមាន​សិស្ស​ ៤៨០ ​នាក់​ចូលរួម​ប្រឡង​។

យោងតាម​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​ ១៩​ មិថុនា​បាន​ឱ្យដឹងថា សិស្ស​ពូកែ​ទាំងនេះ​ត្រូវ​ទទួល​បាន​រង្វាន់ និង​ការលើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​នូវ​មេដាយ​ ១ ​គ្រឿង​សម្រាប់​បេក្ខជន​ជយលាភី​ចំណាត់​ថ្នាក់​ពី​លេខ​ ១ ​ដល់​លេខ​ ៣ វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំង​ប្រទេស ប្រាក់រង្វាន់​តាម​ចំណាត់ថ្នាក់ និង​ប្រាក់រង្វាន់ ឬ​វត្ថុ​ផ្សេងៗ​ពី​សប្បុរសជន​។

ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បញ្ជាក់ថា ចំណាត់ថ្នាក់​លេខ​ ១ ទទួល​បាន​ប្រាក់រង្វាន់ ៣ ៥០០ ០០០ ​រៀល (៨៧៥ ​ដុល្លារ​) ​ខណៈ​ចំណាត់ថ្នាក់​លេខ​ ១០​ ចុងក្រោយ​គេ គឺ​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​ ៨០០ ០០០ រៀល (២០០ ​ដុល្លារ​)​។

លោក ហង់ជួន ណារ៉ុន ថ្លែង​ក្នុង​ពិធី​បិទ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​ ១៩ ខែមិថុនា នៅ​ខេត្ត​សៀមរាប​ថា កន្លងមក អតីត​ជយលាភី​សិស្ស​ពូកែ​កម្ពុជា​បាន​លើកកម្ពស់​មុខមាត់ និង​មោទនភាព​ជាតិ​តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​សមត្ថភាព និង​ទទួលបាន​មេដាយ​ជា​បន្ត​បន្ទាប់ពី​ការប្រកួត​ប្រជែង​កម្រិត​តំបន់ និង​អន្តរជាតិ​។ ប្រការនេះ​បាន​បង្ហាញ​ឱ្យឃើញ​ថា​សក្តានុពល​នៃ​ធនធាន​មនុស្ស​របស់​កម្ពុជា​កាន់តែ​មាន​ឧត្តមភាព​ប្រៀបធៀប​នៅលើ​ឆាក​អន្តរជាតិ «​គួរឱ្យ​ស្ងប់ស្ងែង​»​។

ក្រសួង​អប់រំ​បានរៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ជា​ឱកាស​ដល់​សិស្ស​ឆ្នើម និង​ពោរពេញ​ដោយ​សមត្ថភាព​បាន​បញ្ចេញ​សមត្ថភាព និង​ជា​ឱកាស​សម្រាប់​ក្រសួង​អប់រំ​ពិនិត្យ​មើល​អាទិភាព និង​អន្តរាគមន៍ ដើម្បី​គាំទ្រ​ដល់​សិស្ស​ពូកែ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ថែមទៀត និង​មាន​ឱកាស​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ ប៉ុន្តែ​ការប្រឡង​នេះ​ត្រូវ​បាន​ខកខាន​រយៈពេល ​២ ​ឆ្នាំ ដោយសារ​វិបត្តិ​កូវីដ​ ១៩​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់​ថ្នាក់​បាន​បំពេញ​ការងារ​ប្រឡង​នេះ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។

លោក ហង់ជួន ណារ៉ុន បាន​ជំរុញ​ដល់​អង្គភាព​ពាក់ព័ន្ធ និង​មន្ទីរអប់រំ​រាជធានី ខេត្ត​ទាំងអស់​កំណត់​អត្តសញ្ញាណ​សិស្ស​ដែល​មាន​ឧបនិស្ស័យ​ជា​សិស្ស​ពូកែ​រាប់​ចាប់តាំងពី​កម្រិត​បឋមសិក្សា​ដល់​មធ្យមសិក្សា​ទុតិយភូមិ និង​រៀបចំ​ជា​ការគាំទ្រ និង​អន្តរាគមន៍​ជួយ​ដល់​ពួកគេ​។

លោក​បាន​ជំរុញ​ឱ្យ​ផ្តល់​កិច្ចគាំទ្រ​ចំពោះមុខ​ដល់​សិស្ស​ពូកែ ដែល​កំពុង​ជួប​បញ្ហា​ទាំង​ក្នុង​ការរស់នៅ និង​ការរៀនសូត្រ និង​ផ្តល់​នូវ​ការតម្រង់ទិស​សិក្សា ដើម្បី​ឱ្យ​សិស្ស​ពូកែ​អាច​ឈានចូល និង​បន្ត​ការសិក្សា​នៅ​ថ្នាក់​បន្តបន្ទាប់ ដែល​នឹង​អាច​ក្លាយជា​ធនធាន​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​មុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ លោក​ក៏​ជំរុញ​ដល់​អង្គភាព​ពាក់ព័ន្ធ​ «​ចងក្រង​នូវ​បទពិសោធ​របស់​ក្មួយៗ ដែលជា​សិស្ស​ពូកែ​អំពី​វិធីសាស្ត្រ​ក្នុងការ​រៀនសូត្រ​ឱ្យ​ក្លាយជា​សិស្ស​ពូកែ ដើម្បី​ចែករំលែក​ដល់​ក្មួយៗ សិស្សានុសិស្ស​ដទៃទៀត ​[​និង​] ​បំពាក់បំប៉ន​បន្ថែម​ដល់​ក្មួយៗ​ជយលាភី និង​សិស្ស​និទ្ទេស A ឱ្យ​កាន់តែ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ខ្ពស់​ជាង​មុន​ក្នុង​ការ​ប្រកួត​ប្រជែង​កម្រិត​តំបន់​ និង​អន្តរជាតិ​»​។

បើតាម​មន្ទីរអប់រំ​ខេត្ត​សៀមរាប​ដែល​បាន​ដកស្រង់​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​រៀបចំ​ការប្រឡង​បាន​បង្ហាញថា នៅ​ឆ្នាំនេះ សិស្ស​ដែល​មក​ប្រឡង​មាន​ចំនួន ​៤៨០ ​នាក់ មកពី ២៩៤ ​សាលា​លើ​គ្រឹះស្ថាន​មធ្យមសិក្សា​សរុប​ចំនួន ១ ៨១២ នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​បេក្ខជន​ថ្នាក់​ទី​ ៩ មាន​ចំនួន ២៤០​ នាក់ (​ស្រី​១៤៩​ នាក់​) និង​បេក្ខជន​ថ្នាក់​ទី​ ១២ មាន​ចំនួន ២៤០ ​នាក់ (​ស្រី​ ១២២ ​នាក់​)​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា ការលើក​ទឹកចិត្ត​សម្រាប់​សិស្ស​ពូកែ​គឺជា​រឿង​មួយ​ល្អ ពីព្រោះ​សិស្ស​ពូកែ​អាច​មាន​លទ្ធភាព​នៅក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃក្រោយ​។ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ពូកែៗ​ឱ្យ​កាន់តែ​មានលទ្ធភាព​ខ្លាំង​ទៀត​នោះ​គឺ​រឹតតែ​ប្រសើរ​។

លោក​ថ្លែងថា​៖ «​ជា​ចាំបាច់​ណាស់ ដើម្បី​យើង​បាន​អ្នក​ពូកែ​កាន់តែ​ច្រើន គឺ​ត្រូវ​ការលើក​ទឹកចិត្ត ហើយ​ការលើក​ទឹកចិត្ត​នេះ​ទៀតសោត គឺ​នឹង​ធ្វើឱ្យ​ក្លាយជា​គំរូ​ដល់​យុវជន ឬក៏​សិស្ស​និស្សិត​ក្រោយៗ​ទៀត​ឱ្យ​មាន​ការ​ប្រឹងរៀន​ ដើម្បី​ទទួល​បាន​កិត្តិយស​បាន​ការ​លើកទឹកចិត្ត ពី​ក្រសួង​ពី​រដ្ឋាភិបាល គឺ​ធ្វើឱ្យ​ពួកគាត់​កាន់​តែមាន​មោទនភាព​ក្នុង​ការ​ប្រឹងប្រែង​រៀនសូត្រ​»​។

បើតាម​លោក គិមអេង កាលណា​មាន​ប្រព័ន្ធ​លើក​ទឹកចិត្ត​ច្បាស់លាស់ និង​មានការ​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ថែមទៀត​ពី​ក្រសួង​អប់រំ ក៏ដូចជា​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យមាន​ការរក​ឃើញ​នូវ​សិស្ស​ពូកែ​កាន់តែ​ច្រើន​តទៅទៀត ហើយ​ធនធាន​ទាំងអស់​នេះ​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​ទៅ​វែងឆ្ងាយ​ទៀត​អាច​នឹង​ទទួល​បាន​ការអប់រំ​កាន់តែ​ខ្ពស់​តទៅ​ទៀត ហើយក៏​អាចជួយ​ដល់​សង្គម​ទៅ​ថ្ងៃក្រោយ​ទៀតផង​៕