ត្បូងឃ្មុំៈ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម​រំឭក​ខួប​លើក​ទី​ ៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅរក​ការផ្ដួលរំលំ​របប​ប៉ុលពត ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ​ ១៩៧៧ នៅ​តំបន់​កោះ​ថ្ម X16 ស្ថិតនៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ តាម​ការអះអាង កាលនោះ​លោក​ ហ៊ុន សែន ស្ថិតក្នុង​វ័យ​ទើបតែ​ ២៥ ​ឆ្នាំ​បាន​ចាកចោល​ប្រពន្ធ​មាន​ផ្ទៃពោះ​ ៥​ ខែ ដោយ​ដឹកនាំ​កម្លាំង​ចូល​ប្រទេស​វៀតណាម រក​ជំនួយ​ដើម្បី​ផ្តួលរំលំ​របប​ប៉ុលពត​។

លោក​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​នេះ​នា​ថ្ងៃទី​ ២០ មិថុនា នៅ​តំបន់​កោះថ្ម X16 ថា ដំណើរ​ ៤៥ ​ឆ្នាំ​បាន​បង្ហាញ ច្បាស់​អំពី​ការរំដោះ​ខ្លួន​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។ ការឈាន​ទៅរក​ការបញ្ចប់​សង្គ្រាម តាមរយៈ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការបន្ត​អនុវត្ត​ ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ភាព​ផ្តាច់ព្រ័ត្រ​មួយ គឺ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​បង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី និង​រុញ​កម្ពុជា​ឆ្លងកាត់​ពី​ដំណាក់កាល​មួយ​មកកាន់​ដំណាក់កាល​មួយ​រហូត​ដល់​ប្រទេស​កម្ពុជា​បាន​ស្ថិតក្នុង​ដំណាក់កាល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប អត្រា​នៃ​ភាពក្រីក្រ​ធ្លាក់​នៅក្រោម ​១០​ ភាគរយ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា នេះ​ជា​ប្រវត្តិសាស្ត្រ​ពិត​ដែល​ឆ្លុះបញ្ចាំង​អំពី​ការវិវឌ្ឍ​ក្នុង​បញ្ហា​កម្ពុជា​ខ្លួនឯង ក៏ដូចជា​ការវិវឌ្ឍ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម​។ ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ៤៥ ដែល​លោក​ធ្វើដំណើរ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​រៀបចំ​ការតស៊ូ ហើយក៏​គាប់​ជួន​ឆ្នាំនេះ​ក៏​ជា​ខួប​លើក​ទី​ ៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២​។

លោក​ថ្លែងថា​៖ «​ការចាកចេញ​ពី​មាតុភូមិ​ចោល​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ ៥​ ខែ មិនមែន​ជា​រឿង​លេងសើច សម្រាប់​យុវជន​ម្នាក់​ដែលមាន​អាយុ​ត្រឹមតែ​ ២៥ ​ឆ្នាំ​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ការ​ឈរ​ឱបដៃ​មើល​ទុក​ឱ្យ​ពួក​ប៉ុលពត​សម្លាប់ ឬក៏​ត្រូវធ្វើ​អត្តឃាត​មិនមែន​ជា​ជម្រើស​ល្អ​នោះទេ​។ ទោះបី​ជា​ក្តីសង្ឃឹម​ត្រឹមតែ ១ ​ភាគរយ ឬ​តិចជាង​នោះ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើការ ដើម្បី​ធ្វើ​សកម្មភាព​ទៅតាម​អ្វីដែល​បានធ្វើ​រួចមកហើយ​នោះឯង​»​។

លោក​ ហ៊ុន សែន រំឭក​ថា​៖ «​ប្រសិនបើ​យើង​យក​កងទ័ព​ទៅ​ច្រើន​ទៅក្នុង​ទឹកដី​វៀតណាម ការប៉ះទង្គិច គឺ​នឹង​ច្បាស់​ជា​កើតមាន​ដោយសារ​យើង​នាំ​កងទ័ព​ចូលទៅ​ក្នុង​ប្រទេស ដែលមាន​អធិបតេយ្យ​មួយ ហើយ​ក្នុង​កាលៈទេសៈ​នោះ ពួក​ប៉ុលពត​ក៏បាន​បើក​ការវាយប្រហារ​ចំពោះ​វៀតណាម​នៅ​តំបន់​មួយចំនួន​រួចស្រេច​ទៅហើយ​ដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​៖ «​ខ្ញុំ​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​មិន​យក​កងទ័ព​ច្រើន​ទៅជា​មួយ​ទេ​។ ខ្ញុំ​យកតែ​ ៥​ នាក់​តែប៉ុណ្ណោះ​។ ៤​ នាក់​ផ្សេងទៀត គឺជា​មុខសញ្ញា​ដែល​គេ​ត្រូវ​ចាប់ខ្លួន​នៅពេល​នោះឯង​»​។

លោក​ ហ៊ុន សែន រំឭក​ទៀតថា វៀតណាម​បាន​ផ្តល់​ដី​ឱ្យ​កម្ពុជា រក្សា​អដ្ឋិធាតុ​យុទ្ធជន​របស់​លោក​ចំនួន​ ៤៩ ​នាក់​ក្នុង​ប្រទេស​វៀតណាម​។ ដោយ​មិនអាច​រកឃើញ​ក្រុមគ្រួសារ​របស់​ពួកគេ លោក​ត្រូវ​ផ្ញើ​អដ្ឋិធាតុ​នេះ​ក្នុង​ទឹកដី​វៀតណាម ដោយ​លោក​បញ្ជាក់ថា​៖ «​ឥឡូវ សុំ​សម្តេច ឯកឧត្តម ធ្វើការ​ពិចារណា តើ​គួរ​មាតុភូមិ​និវត្តន៍​នៃ​អដ្ឋិធាតុ​ទាំងនោះ​ត្រឡប់​មកកាន់​កម្ពុជា​វិញ ដោយ​យក​តំបន់​ប្រវត្តិសាស្ត្រ​នេះ​ធ្វើជា​កន្លែង​ទីតាំង​អដ្ឋិធាតុ​នៃ​យុទ្ធជន​ទាំងនោះ ដើម្បី​ប្រគល់​ដី​ទាំងនោះ​សម្រាប់​ខាង​វៀតណាម​វិញ​»​។

លោក​បន្តថា វៀតណាម​ក៏​កំពុង​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ត្រឡប់​ទៅ​វៀតណាម​វិញ​។ រីឯ​កម្ពុជា​ក៏​គួរតែ​ដល់​ពេលវេលា​ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។

លោក​ស្នើឱ្យ​ដាក់​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដោយសារ​មិនអាច​រក​ក្រុមគ្រួសារ​ពួកគេ​ឃើញ ហើយ​រៀងរាល់​ថ្ងៃទី​ ២០ មិថុនា អាចមក​គោរព​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​ផង និង​ធ្វើ​ការងារ​រំឭក​ខួប​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការផ្ដួលរំលំរ​បប​ប៉ុលពត​ផង​។

លោក​ ហ៊ុន សែន បន្តថា ផ្តើម​ចេញពី​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ​ ១៩៧៧ គឺជា​ការចាប់ផ្តើម​កកើត​នូវ​កងកម្លាំង​ប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ១៩៧៨​។ នេះ​គឺជា​មូលដ្ឋាន​ដ៏សំខាន់​មួយ​ដើម្បី​ផ្គុំ​ជាមួយ​អង្គការ​ចាត់តាំង​នយោបាយ​គឺ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា តាមរយៈ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ២ ធ្នូ ឆ្នាំ ​១៩៧៨ ឈានទៅ​រំដោះប្រទេស​នៅ​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩​។

លោក​ថ្លែងថា​៖ «​បងប្អូន​មួយចំនួន​បានដឹង ហើយ​ប្រវត្តិសាស្ត្រ​ក៏បាន​កត់ត្រា​ទុក​អំពី​អន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ ដើម្បី​សង្គ្រោះ​ប្រទេស​នេះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។ បើ​ចង់ដឹងថា តើ​កងទ័ព​វៀតណាម​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ប្រជាជន​កម្ពុជា​ខុស ឬ​ត្រូវ​ត្រូវ​ទៅ​សួរ​តុលាការ​កូនកាត់​អង្គការ​សហប្រជាជាតិ និង​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​នេះ​ជា​ការទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​តែម្តង ថា ទង្វើ​របស់​វៀតណាម​ត្រឹមត្រូវ​។ បើ​ទង្វើ​វៀតណាម​មិន​ត្រឹមត្រូវ មិនចាំបាច់​កាត់ទោស​ពួក​ខ្មែរក្រហម​ធ្វើ​អី​»​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា ការ​រំឭក​ខួប​នេះ​គឺជា​ការណ៍​មួយ​ច្បាស់​ថា ការផ្តួលរំលំ​របប​ខ្មែរ​-​ក្រហម មាន​ការគាំទ្រ​យ៉ាង​សំខាន់​ពី​ប្រទេស​វៀតណាម​។ អ្នក​ប្រវត្តិសាស្ត្រ និង​អ្នកវិភាគ​តែងតែ​ខ្វែងគំនិត​គ្នា​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ អ្នកខ្លះ​លើក​អំពី​ការរំដោះ​ប្រជាជន​ពី​របប​ខ្មែរក្រហម ហើយ​អ្នក​ខ្លះទៀត​លើកឡើង​អំពី ការចូល​ឈ្លានពាន​ពី​វៀតណាម​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ ទោះបី​ជា​យ៉ាងណា​ក៏ដោយ យើង​ឃើញថា ការរស់រាន​មាន​ជីវិត​នេះ ក៏​ជា​លទ្ធផល​មួយ​នៃ​កិច្ចសហការ​ហ្នឹង​ដែរ​។ ប៉ុន្តែ​យើង​ក៏ត្រូវ​តែមាន​ការ​ស្វែងយល់​ជា​បន្តបន្ទាប់​ទៀត​ដែរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ពីមុន និង​បច្ចុប្បន្ន​វា​ត្រូវតែ​មាន​ភាពខុស​គ្នា​មួយ​គឺ​នៅត្រង់​ថា បច្ចុប្បន្ននេះ កម្ពុជា​បាន​ដើរ​នៅលើ​ផ្លូវ​ដែល​មាន​អធិបតេយ្យភាព​ដែល​យើង​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា ហើយ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​»​។

លោក​ គិមអេង ថ្លែងថា អ្វីដែល​សំខាន់​រវាង​កម្ពុជា​ និង​វៀតណាម គឺជា​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច ឬ​ខាង​គ្រប់​វិស័យ​ផ្សេងៗ​ទៀត ដែល​មិនមែន​ធ្វើឡើង​ដោយ មិន​ស្មើភាព​គ្នា​នោះទេ​។

នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ថ្លែង​ក្នុង​ពិធី​នេះ​ថា វៀតណាម​ជានិច្ចកាល​មាន​ការគោរព​ចំពោះ​ទំនាក់ទំនង​ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ស្ថិរភាព​យូរអង្វែង ជាមួយ​កម្ពុជា​។ វៀតណាម​មាន​បំណង​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​នយោបាយ​ការទូត​សន្តិសុខ​ការពារ​ជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់ថា ទំនាក់ទំនង​វៀតណាម​កម្ពុជា​នឹង​កាន់តែ​បាន​រីកចម្រើន​ និង​កាន់តែ​បាន​ពង្រឹង​បន្ថែមទៀត​។ ​ពិធី​រំឭក​ខួប លើក​ទី​ ៤៥ ​នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត​របស់​សម្ដេច​តេជោ​ ហ៊ុន សែន មិន​ត្រឹមតែ​រំឭក​យើង​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការចាប់ផ្តើម​នៃ​ការតស៊ូ​ ដើម្បី​មនសិការ សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ដើម្បី​បុព្វហេតុ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ដ៏ឃោរឃៅ​នោះទេ ថែមទាំង​ជា​ភ័ស្តុតាង​នៃ​ការណ៍​ដ៏រស់​រវើក​នៃ​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​ស្មោះស្ម័គ្រ​រវាង​ប្រជាជន​ទាំង​ ២ វៀតណាម​-​កម្ពុជា ដែល​មនុស្ស​ជំនាន់​ក្រោយ​ត្រូវការ​រក្សា​ចងចាំ​ និង​បន្ត​អភិវឌ្ឍ​»៕