ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តក្រើនរំឭកម្ចាស់រោងចក្រ សហគ្រាសមួយចំនួនត្រូវគោរពនូវលក្ខខណ្ឌច្បាប់ស្តីពីការងារ ក្រោយពីក្រុមការងារអធិការកិច្ចបន្តរកឃើញក្រុមហ៊ុនខ្លះមិនអនុលោមទៅតាមច្បាប់ដូចជាការមិនបើកប្រាក់អតីតភាព និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិតជាដើម។
ការក្រើនរំឭកនេះ ស្របពេលដែលនាយកដ្ឋានអធិការកិច្ចការងារកាលពីខែឧសភា ឆ្នាំ ២០២២ បានចេញលិខិតដាក់កំហិតទៅកាន់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ស្ថិតនៅក្រៅផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជុំវិញការអនុវត្តបែបបទស្តីពីសហគ្រាស លក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌ សុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃបេឡាជាតិសន្តិសុខសង្គម និងលក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ជារៀងរាល់ឆ្នាំអង្គភាពជំនាញតែងតែចេញលិខិតរំឭកទៅកាន់រោងចក្រ សហគ្រាសឱ្យគោរពនូវលក្ខខណ្ឌទាំងឡាយដែលមានចែងនៅក្នុងច្បាប់ការងារ។
លោកថា៖ «វាគឺជារឿងប្រចាំឆ្នាំរបស់អង្គភាពជំនាញក្នុងការរំឭករោងចក្រ សហគ្រាសនានាឱ្យដឹងអំពីកាតព្វកិច្ច និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីការងារ។ ជារៀងរាល់ឆ្នាំយើងនៅតែមានការផាកពិន័យចំពោះរោងចក្រ សហគ្រាស ដែលនៅមានការខ្វះខាតក្នុងការគោរពលក្ខខណ្ឌការងារ»។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានថ្លែងថា ការដាក់ចេញនូវវិធានការដាក់កំហិតនេះជារឿងល្អ ដើម្បីរំឭកទៅដល់រោងចក្រ សហគ្រាសមួយចំនួនដែលមិនបានគោរព ឬគេចវេះពីការគោរពលក្ខខណ្ឌការងារ។ ក្រសួងគួរតែពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះក្រុមហ៊ុនណាដែលមិនគោរពច្បាប់ ដើម្បីធានាដល់ការគោរពលក្ខខណ្ឌការងារនៅកន្លែងធ្វើការ និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត។
លោកថា៖ «អ្វីដែលនៅឃើញខ្វះចន្លោះ ច្បាប់យើងមានហើយ អង្គភាពអធិការកិច្ចការងារក៏បានណែនាំហើយ ប៉ុន្តែផ្ទុយមកវិញកន្លងមកការអនុវត្តច្បាប់ខ្សោយពេកហើយ ដែលផ្តល់លទ្ធភាពឱ្យនិយោជកច្រើន ដូចជាមិនសូវកាន់ជើងកម្មករទេ ជាក់ស្តែងការដោះស្រាយវិវាទជាច្រើននៅថ្នាក់ក្រសួងការងារ យើងឃើញថា គឺហាក់បីដូចជាមិនសូវមានប្រសិទ្ធភាព»។
លោកថា នាពេលបច្ចុប្បន្ន រោងចក្រ សហគ្រាសមួយចំនួននៅតែបន្តរំលោភច្បាប់ការងារដែលភាគច្រើនទាក់ទងកិច្ចសន្យាការងារ ការមិនបើកប្រាក់អតីតភាព ការមិនផ្តល់ម៉ោងឈប់សម្រាក កិច្ចសន្យាក្រុមហ៊ុនជាច្រើន បោកប្រាស់កម្មករ ក្រុមហ៊ុនខ្លះមិនបានបង់ទៅបេឡាជាតិសន្តិសុខសង្គមទេ និងអត្ថប្រយោជន៍ផ្សេងជាដើម។
យោងតាមលិខិតដាក់កំហិតទៅកាន់រោងចក្រ សហគ្រាស ដែលចុះហត្ថលេខាដោយអធិការការងារ កាលបរិច្ឆេទថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានគូសបញ្ជាក់ថា ចំពោះការអនុវត្តលក្ខខណ្ឌទូទៅនៃការងារ ម្ចាស់រោងចក្រ សហគ្រាសត្រូវផ្តល់ប្រាក់ឈ្នួលធ្វើការថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ផ្តល់ប្រាក់ឈ្នួលថ្ងៃបុណ្យ និងប្រាក់បំណាច់ធ្វើការថ្ងៃឈប់សម្រាកបុណ្យជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ។ ក្នុងករណីល្មើសនឹងចំណុចអាទិភាពណាមួយនឹងត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារយោងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
វីដេអូ៖