ត្បូងឃ្មុំៈ តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏ធំ​មួយ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​អាច​នឹង​លេចឡើង​នៅក្នុងពេល​ឆាប់ៗ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​រក្សា​ទុក​ដី​ជាង ១ ០០០ ​ហិកតា​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ដែលជា​អតីត​តំបន់​ប្រយុទ្ធ​គ្នា ដើម្បី​ប្រែក្លាយ​ឱ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​។

ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ​៤៥ នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (​ថ្ងៃ​ ២០ ខែមិថុនា ១៩៧៧ - ២០ មិថុនា ២០២២) និង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ កោះថ្ម X16 ស្ថិតនៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី​លោក ផាម មិញជីញ នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅ​តាម​ព្រំដែន ដែលជា​អតីត​តំបន់​បាញ់​ផ្លោង​ដាក់គ្នា​រវាង​កងទ័ព​ស្ម័គ្រចិត្ត​កម្ពុជា-​វៀតណាម​ជាមួយ​កងទ័ព​ខ្មែរក្រហម លោក​សម្រេច​បង្កកដី​ទំហំ ១ ១៧៦ ​ហិកតា ​(​នៅ​កោះថ្ម X16 នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​) ដើម្បី​ត្រៀម​ទុក​សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​រោងចក្រ ជាដើម​។

លោក​បាន​បន្ថែមថា តំបន់​ដែល​គេ​ដាក់​កាំភ្លើង​ធំ​បាញ់​គ្នា​កាលពីមុន​នៅពេលនេះ​កំពុង​ក្លាយជា​តំបន់​រោងចក្រ សណ្ឋាគារ និង​តំបន់​ផ្លាស់ប្តូរ​ទំនិញ​។ កាលពី​មុនគេ​ផ្លាស់ប្តូរ​គ្រាប់ផ្លោង​ទៅវិញ​ទៅមក តែ​ឥឡូវនេះ​គេ​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញ​ទៅមក​។ ថ្ងៃក្រោយ​ទីនោះ​នឹង​ក្លាយ​ទៅ​ជា​តំបន់​ផ្លាស់ប្តូរ​ទំនិញ​ដ៏ធំ ដោយ​អ្នកផលិត និង​ឈ្មួញ​អាច​នាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​កំពង់ផែ​ប្រទេស​វៀតណាម​បាន​ងាយស្រួល ហើយក៏​នឹង​ក្លាយជា​ទីតាំង​កែច្នៃ​ផលិតផល​កសិផល​នៅ​ភូមិភាគ​ឦសាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ថ្ងៃក្រោយ​ខ្ញុំ​ជឿថា តំបន់​នេះ​នឹង​ក្លាយ​ទៅជា​តំបន់​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​។ ខ្ញុំ​បាន​ចេញ​សេចក្តី​សម្រេច​តាមរយៈ​សំណើ​របស់​នាយឧត្តម​សេនីយ៍ សៅ សុខា និង​ការស្នើ​ពី​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សេចក្តី​ថា យើង​ត្រូវ​បង្កកដី​ទីនេះ​ទំហំ ១ ១៧៦ ​ហិកតា​ ដើម្បី​ត្រៀម​បម្រុង​ទុក​សម្រាប់​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​រោងចក្រ​...»​។

លោក​បន្ថែមថា​៖ «​ត្រូវ​រក្សា​ដី​ជាង ១ ០០០ ​ហិកតា​នេះ​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​វិនិយោគិន​ចូលមក​ធ្វើជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ថ្ងៃនេះ​គេ​មិន​ទាន់​ចាប់អារម្មណ៍ ប៉ុន្តែ​ថ្ងៃក្រោយ​គេ​នឹង​ចាប់អារម្មណ៍​»​។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ពង្រីក​ផ្លូវ​ធ្វើដំណើរ​តភ្ជាប់​ទៅកាន់​តំបន់​នោះ ដោយ​អាច​ចាប់ពី​ឆ្នាំ​ ២០២៣-២០២៤ និង​ត្រូវ​រៀបចំ​បណ្តាញទឹក ភ្លើង និង​សេវា​ទូរស័ព្ទ​ឱ្យ​បាន​រួចរាល់​ផងដែរ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែមិថុនា ថា រដ្ឋាភិបាល​ប្រទេស​ទាំង ២ តែង​ខិតខំ​បង្ក​បរិយាកាស​ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​ទំហំ​កាន់តែ​ធំ ពិសេស​ការផ្លាស់ប្តូរ​ទំនិញ​របស់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង ២​។ ជាក់ស្តែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៤៥ ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះទៅរក​ការតស៊ូ​រំដោះជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជំរុញ​ឱ្យ​បង្កើន​កិច្ចសហការ និង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ផងដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​អាច​និយាយថា វៀតណាម គឺជា​ទីផ្សារ​ធំ​ដែល​ទទួល​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា​ សម្រាប់​យកទៅ​កែច្នៃ​នាំចេញ​បន្ត ខណៈ​អ្នកវិនិយោគ​ក្នុង​ស្រុក ភាគច្រើន​មិនទាន់​មាន​លទ្ធភាព​ទិញ​ស្តុក​ទុក និង​កែច្នៃ​ដើម្បី​នាំចេញ​ទេ​»​។

លោក​បន្តថា តាមរយៈ​ទំនាក់ទំនង​ល្អ​នេះ ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​នឹង​បន្ត​ភាព​វិជ្ជមាន​ថែមទៀត​។

កសិផល គឺជា​ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំទៅ​វៀតណាម ចំណែក​ផលិតផល​វៀតណាម​នាំមក​កម្ពុជា មាន​ដូចជា ដែក សម្ភារ​សំណង់ ប្រេង ផ្លែឈើ បន្លែ ជី និង​គ្រឿងយន្ត​កសិកម្ម​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ចាប់ពី​ខែមករា​ដល់​ខែឧសភា ឆ្នាំ​ ២០២២ មានតម្លៃ​សរុប ២ ៧៨៩,៤១ ​លាន​ដុល្លារ កើន ២០,៣ ​ភាគរយ​ពី ២ ៣១៩,៣ ​លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​វៀតណាម​រយៈពេល ៥ ​ខែ​ដើម​នេះ​មាន​ទឹកប្រាក់ ១ ០៧៩,០១ ​លាន​ដុល្លារ កើន ៣,៤ ​ភាគរយ និង​ទំនិញ​ពី​វៀតណាម​នាំមក​កម្ពុជា​មាន​ចំនួន ១ ៧១០,៤​ លាន​ដុល្លារ កើន ៣៤ ​ភាគរយ​។ បើ​យោង​តាម​ទិន្នន័យ​ខាងលើ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៦៣១,៣៨ លាន​ដុល្លារ​៕ LA

វីដេអូ៖