
សកម្មភាពរៀបចំឡើងជិះរថយន្តក្រុងនៅចំណតក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៣ មិថុនា ។ ហេង ជីវ័ន
ភ្នំពេញៈ ដោយសារវិបតិ្តកូវីដ ១៩ រីករាលដាលខ្លាំងប្រមាណជាង ២ ឆ្នាំកន្លងមកបណ្តាលឲ្យមុខរបរអាជីវកម្ម និងកន្លែងធ្វើការងារមួយចំនួនត្រូវបានផ្អាកដំណើរការដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺឆ្លងនេះ។ ក្នុងនោះសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងក្នុងរាជធានីភ្នំពេញដែលធ្លាប់តែបំពេញតម្រូវការនិងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើទៅមកក៏ត្រូវបានផ្អាកមួយរយៈផងដែរ ប៉ុន្តែដោយសារការចាក់ថ្នាំវ៉ាក់សាំងការពារបានចំនួនច្រើនបានធ្វើឲ្យស្ថានភាពឆ្លងជំងឺកូវីដ ១៩ មានការថមថយចុះ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យបើកដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។
ដោយមានការឯកភាពពីរាជរដ្ឋាភិបាលសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញក៏បានបើកដំណើរការឡើងវិញផងដែរកាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បីបំពេញតម្រូវការជូនពលរដ្ឋនូវខ្សែធ្វើដំណើរសំខាន់ៗចំនួន ៤ ខ្សែ ដែលមានរថយន្តចំនួន ៦០ គ្រឿងស្មើនឹង ៣០ ភាគរយនៃដំណើរការខ្សែរថយន្តទាំងអស់ ១៣ ខ្សែ ដែលមានរថយន្តសរុប ១៨១ គ្រឿង ។
លោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញបានឲ្យដឹងថា ជាការកត់សម្គាល់ក្នុងការបើកដំណើរការ ៣០ ភាគរយនៃខ្សែរត់នេះមានអ្នកជិះចន្លោះពី ៣ ០០០ ទៅ ៥ ០០០ នាក់ ក្នុង ១ ថ្ងៃ។ យ៉ាងណាក៏ដោយ ការបើកដំណើរការឡើងវិញនេះរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅតែបន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដោយរក្សាគម្លាត បាញ់អាល់កុល រថយន្តត្រូវឲ្យមានខ្យល់បង្វិល រាល់ ២០ ទៅ ២៥ នាទី ត្រូវបើកឲ្យខ្យល់ចេញចូលម្តង ចំណែកកៅអីអង្គុយទៀតសោតក៏មាននៅរក្សាគំនូសខ្វែងកន្លែងអង្គុយឆ្លាស់គ្នាផងដែរ។
លោកបន្តថា ក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានផ្អាកដំណើរការផ្តល់សេវាដឹកជញ្ជូននៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០។ រីឯការបើកដំណើរការឡើងវិញនៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ហើយរហូតមកទល់ពេលនេះសង្កេតឃើញថា ប្រជាពលរដ្ឋនៅមិនទាន់មានការប្រើប្រាស់សេវាដឹកជញ្ជូននេះ ពេញលេញដូចមុនវិបត្តិកូវីដនោះទេ។
លោកថ្លែងថា៖ «អ្នកជិះយើងនៅមានចំនួនតិចនៅឡើយ ដោយសារស្ថានភាពកូវីដ អ្នកជិះគាត់មិនទាន់ប្រើប្រាស់សេវាសាធារណៈហ្នឹងដូចដើមទេ អ៊ីចឹងយើងនៅបន្តគិតមើលតទៀត ហើយយើងនឹងអាចគ្រោងបើកដំណើរការគ្រប់ខ្សែរត់វិញនៅឆ្នាំ ២០២៣» ។
លោក សែម សុខន អ្នកបើកបររថយន្តខ្សែលេខ៣ បានថ្លែងថា ក្រោយបើកដំណើរការឡើងវិញភ្លាមៗមិនសូវមានអ្នកជិះច្រើនទេ ប៉ុន្តែក្រោយពេលលើកលែងការពាក់ម៉ាស់ អ្នកជិះហាក់មានចំនួនកើនឡើងជាងមុនប្រ-
មាណ ១០ ភាគរយ ក្នុងនោះអ្នកជិះរួមមានទាំងសិស្សានុសិស្ស កម្មករ និងប្រជាពលរដ្ឋទូទៅ។ ចំណែកលោក សន អូន អ្នកបើកបររថយន្តខ្សែលេខ៣ម្នាក់ទៀត ប្រាប់ថា លោកចង់ឲ្យមានអ្នកជិះរថយន្តក្រុងច្រើន ព្រោះការជិះរថយន្តក្រុង ជាផ្នែកមួយនៃការរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយតម្លៃធូរថ្លៃគឺម្នាក់តែ១ ៥០០ រៀល ប៉ុណ្ណោះ ពិសេសចាស់ជរា សិស្សសាលា ព្រះសង្ឃ ជនពិការ និងកម្មកររោងចក្រ មិនត្រូវបានគិតថ្លៃជិះនោះទេ។
រីឯលោក ហាយ រ៉ែន អ្នកបើកបររថយន្តខ្សែលេខ ៤B បានឲ្យដឹងថា ចំនួនអ្នកជិះមានម្តងតិចម្តងច្រើន អាស្រ័យលើពេលវេលា ដែលតាមការកត់សម្គាល់ឃើញថា ពេលវេលាមានអ្នកជិះច្រើនគឺពេលគេចេញពីធ្វើការងារ។លោកបន្តថាមួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋហាក់មិនសូវចង់ជិះរថយន្តក្រុងប៉ុន្មានទេ។ការដែលមិនសូវជិះនេះអាចមកពីការស្ទះចរាចរណ៍មួយចំនួន និងមួយចំនួនទៀតដោយសារគេចូលចិត្តសម្ភារនិយមយានយន្តម៉ូតូឡានជិះដោយខ្លួនឯង។
ជាមួយគ្នានោះលោក ហាយ រ៉ែន បានលើកឡើងពីការលំបាកមួយចំនួនដែលកើតឡើងក្នុងពេលបើកបរផងដែរ។លោកថា អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្តមួយចំនួន មិនបានគោរពច្បាប់ចរាចរណ៍ល្អទេ ដោយធ្វើការវ៉ាជែងយកឈ្នះមិនផ្តល់ការអធ្យាស្រ័យល្អដល់គ្នានឹងគ្នាទេ។
លោកថ្លែងថា៖ «លក្ខណៈម៉ូតូ ផាស់អាប់អីមើលទៅការបើកបររបស់គាត់ដូចថា គាត់មិនបានចូលរៀនសាលាឆ្លងកាត់ការប្រឡងយ៉ាងណាក៏យើងមិនដឹង តែការបើកបរបស់គាត់ជ្រែ យឺត លឿន ទៅតាមអារម្មណ៍របស់គាត់ អ៊ីចឹងការបើកបរដូចឡានធំៗឬឡានទំនើបអី គេពិបាកក្នុងការជិះលើផ្លូវជាមួយយើង»។
លោក អ៊ឹម ចាន់ថន អ្នកបើកបររថយន្តម្នាក់ទៀតដែលជួបបញ្ហាលំបាកក្នុងការបើកបរជាពិសេសពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់លើដងផ្លូវ បានសំណូមពរដល់អាជ្ញាធរជួយពិនិត្យដោះស្រាយចំពោះអ្នកប្រើប្រាស់យានយន្តផ្សេងៗកុំឲ្យចតលើចំណតរថយន្តក្រុង ដើម្បីសម្រួលដល់រថយន្តក្រុងចូលចតអែបដាក់អ្នកដំណើរឡើងចុះ និងចៀសវាងគ្រោះថ្នាក់ប៉ះពារផ្សេង។
លោកថ្លែងថា៖ «ងាយស្រួលក្នុងការចូលអែបកុំឲ្យគេមើលឃើញថា ឡានចតត្រួតលើគំនូសចរាចរណ៍ ២ ជាន់ គេថាឡានក្រុងអត់ច្បាប់វិន័យ ចតដោយអាងស្លាកលេខរដ្ឋ អ៊ីចឹងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកន្លែងហ្នឹង មួយទៀតកន្លែងផ្លូវកែង បត់បែន កុំឲ្យមានឡានចតបញ្ច្រាសទិស»។
កញ្ញា អូន សារេត អ្នកកត់ត្រាម៉ោងចេញចូល និងជាអ្នកបញ្ជាឲ្យរថយន្តចេញចូលបានឲ្យដឹងថា ការតាមដានរថយន្តជារឿងសំខាន់មួយដើម្បីឲ្យដំណើរការរត់របស់រថយន្តពីចន្លោះមួយទៅចន្លោះមួយទាន់ពេលវេលា ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំងអស់ ដែលកំពុងរង់ចាំនៅចំណត។ មួយវិញទៀត ការតាមដានការចេញចូលរបស់រថយន្តនេះ គឺដើម្បីឆ្លើយតបបន្ទាន់ ពេលមានបញ្ហាណាមួយកើតឡើងលើរថយន្តក្រុងដែលបើកបរលើដងផ្លូវ។
កញ្ញាថ្លែងថា៖ «គេឲ្យខ្ញុំមកកាន់ខាងនេះគឺដើម្បីមានភាពងាយស្រួលក្នុងការដឹងថារថយន្តចេញដំណើរម៉ោងប៉ុន្មាន ចូលម៉ោងប៉ុន្មាន ហើយរថយន្តមានបញ្ហាអីខ្លះ គឺខាងខ្ញុំអ្នកកត់ត្រាបញ្ជូនទៅខាងលើទាំងអស់» ។
មើលព័ត៌មានតាមទូរស័ព្ទពេលកំពុងជិះក្នុងរថយន្តក្រុងធ្វើដំណើពីពេទ្យព្រះអង្គឌួង ទៅភូមិទួលពង្រ សង្កាត់ចោមចៅ ១ អ្នកស្រី ផឹង ប៉ឹក បានឲ្យដឹងថា ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងគឺធ្វើបានល្អគួរឲ្យសរសើរ ពោលគឺទាំងអ្នកបើកបររថយន្ត និងអ្នកហែកសំបុត្រចាំជួយប្រាប់និងណែនាំជានិច្ច បើសិនអ្នកជិះមិនសូវដឹងផ្លូវ ឬមិនសូវដឹងពីរបៀបឡើងចុះ។
អ្នកស្រីថ្លែងថា៖ «ពេលឡើងជិះគាត់ហុចក្រដាសឲ្យជួយសម្រួលបានស្រួលពេលយើងអត់ដឹងផ្លូវ សួរគាត់ទៅគាត់និយាយប្រាប់ ដោយគួរសមថា យើងគួរចុះកន្លែងណាអីកន្លែងណា» ។
ចំណែក កញ្ញា ឃឹម ស្រីពៅ ពលរដ្ឋរស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឲ្យដឹងថា ការជិះរថយន្តក្រុងត្រជាក់ស្រួល មិនបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ និងចំណាយថវិកាតិច។ កញ្ញាថ្លែងថា៖«ជិះរថយន្តក្រុងទី១ គឺចំណេញ ខ្ញុំមានកាតការងារក្រុមហ៊ុន អ៊ិចឹងឡានក្រុងអត់យកលុយទេ តែសម្រាប់ប្រជាជនដែលគាត់អត់មានកាតគឺអស់តែ ១ ៥០០ រៀលទេ ហើយអត្ថប្រយោជន៍អាចជួយសម្រួល ការស្ទះផ្លូវ អត់ប្រឈមគ្រោះថ្នាក់ចរាចរណ៍ មានសុវត្ថិភាព ងាយស្រួលអត់បាច់ភ័យខ្លាច ព្រោះអីធ្លាប់ជិះម៉ូតូ ជិះផាស់អាបអី វាអស់លុយច្រើន» ។
អ្នកស្រី តុល សុផា ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ ដែលចូលចិត្តជិះរថយន្តក្រុងបានឲ្យដឹងថា ការជិះរថយន្តក្រុងមិនត្រឹមតែចំណេញថវិកាទេ ថែមទាំងបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ទៀតផងដែរ ព្រោះ ពេលជិះរថយន្តក្រុង នឹងកាត់បន្ថយការប្រើម៉ូតូឡានដោយខ្លួនឯងធ្វើឲ្យតាមផ្លូវមិនសូវមានយានយន្តស្អេកស្កះ។
អ្នកស្រីថ្លែងថា៖ «ជិះឡានក្រុងតម្លៃតែ ១ ៥០០ រៀលទេ យើងជិះដល់ណាក៏តម្លៃប៉ុណ្ណឹងដែរ ហើយសន្សំសំចៃច្រើនថែមទាំងការពារបានការត្រូវភ្លៀង ត្រូវថ្ងៃទៀតផង កាត់បន្ថយការជិះម៉ូតូខ្លួនឯងអ៊ីចឹង ក៏បានរួមចំណែកធ្វើឲ្យទូលាយផ្លូវ មិនសូវស្ទះចរាចរណ៍» ។
អ្នកស្រី ចំរើន នារីរត្ន ពលរដ្ឋរស់នៅក្បែរផ្សារថ្មី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍គឺជាកត្តាជំរុញបន្ថែមទៀតធ្វើឲ្យអ្នកស្រីកាន់តែ ចូលចិត្តជិះរថយន្តក្រុង ដោយក្នុងពេលថ្មីៗនេះប្តីរបស់អ្នកស្រីទើបតែគ្រោះថ្នាក់បាក់ដៃដោយសារជិះម៉ូតូនិងកំពុងសម្រាកព្យាបាលមិនទាន់ជាសះស្បើយផង។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់សូវចូលចិត្តជិះម៉ូតូទេ ជិះឡានក្រុងវាមានសុវត្ថិភាព ហើយណាមួយយើងចំណាយថវិកាតិច បើជិះម៉ូតូយើងត្រូវចំណាយថ្លៃសាំង ហើយយើងពិបាកសុវត្ថិភាព ដូចជា ខ្ញុំឃើញគេជិះដួលជិះអីអ៊ីចឹងទៅចេះតែខ្លាចមិនសូវហ៊ានជិះម៉ូតូទេ» ។
សូមជម្រាបថាខ្សែរថយន្តដែលកំពុងបើកដំណើរទាំង ៤ ខ្សែ រួមមាន ខ្សែទី១- ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ ខ្សែទី២- ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលកួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោងក្រុងតាខ្មៅ។ ខ្សែទី៣- ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព ២ តាមមហាវិថីសហព័ន្ធរុស្ស៊ី និងខ្សែទី៤ មានពីផ្នែកគឺខ្សែទី៤A ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព ២ តាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណែកខ្សែទី៤B ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព ២ តាមមហាវិថីចោមចៅ។តម្លៃសេវារថយន្តក្រុងសាធារណៈត្រូវបានលើកលែងមិនគិតថ្លៃសេវាចំពោះ ព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន៕