​ភ្នំពេញៈ កូដ​ករ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ប្រមាណ​ ១០០ ​នាក់ នៅ​ថ្ងៃទី ​២០ មិថុនា បានដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគ​មន៍ បញ្ចប់​វិវាទ​ការងារ​បន្ទាប់ពី​វិវាទ​ការងារ​នេះ​ត្រូវបាន​អូស​​បន្លាយ​រាប់​ខែ​មកហើយ ខណៈ​ក្រសួង​ការងារ​បាន​សម្របសម្រួល កិច្ចចរចា​ចំនួន​ ១៣​ លើក​រួចមកហើយ​នៅតែ​មិនទាន់មាន​ដំ​​ណោះ​ស្រាយ​នៅឡើយ​។​

​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរនៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កញ្ញា ឈឹម ស៊ីថរ​ ​ដែល​ដឹកនាំ​ក្រុម​កូដ​ករ​នោះ​ថ្លែងថា អស់​រយៈពេល ​៦ ​ខែ​ហើយ ​ដែល​កម្មករ​ណាហ្គា​វើ​លដ៍ បានចេញ​ធ្វើ​កូដកម្ម​ហើយ​វិវាទ​នេះ គឺ​អូសបន្លាយ​ពេលវេលាយូរ ទោះបី​មានការ​ផ្សះផ្សា​នៅ​ក្រសួង​ការងារ​ច្រើនលើក ក៏​នៅ​មិនទាន់​ឈានដល់​ចំណុច​ណាមួយ​ដែល​ភាគី​ទាំង​សង​​ខាង​អាច​ទទួលយក​បានទេ​។​

​កញ្ញា​បន្តថា ដូចនេះ​ក្រុម​កូដ​ករ​មានតែ​ផ្តល់​ក្តីសង្ឃឹមលើ​លោក​​នាយករដ្ឋមន្ត្រី ក្នុងការ​ផ្តល់​កិច្ច​អន្តរាគមន៍​លើ​រឿងនេះ​។ កញ្ញា​បន្តថា ក្នុង​ញត្តិ​នោះបាន​ស្នើ​អន្ត​​រាគ​មន៍ ចំនួន​ ៣​ ចំណុច​សំខាន់ៗ ទី​១ ស្នើសុំ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ឱ្យជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​អ្នក​ដែល​នៅ​សេសសល់​ជិត ២០០​ នាក់​ ត្រឡប់​ចូលធ្វើការ​វិញ​។ ទី​២ ​សម្រាប់​អ្នក​ដែល​ឯក​ភាព​ទទួលយក​សំណង ស្នើ​សុំឱ្យ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ទូទាត់​តាមផ្លូវ​ច្បាប់ និង​ទី​៣ ​ស្នើឱ្យ​ទម្លាក់​បទ​ចោទ​ទៅលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ១៥ ​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​កន្លង​មក​រហូតដល់​មានការ​ឃុំខ្លួន​។​

​កញ្ញា​បញ្ជាក់ថា​៖ ​​«​ពួកយើង​មក​ទីនេះ​ជាមួយនឹង​ក្តីសង្ឃឹម បើ​គ្មាន​ក្តីសង្ឃឹម​ក្នុង​ដំណោះ​​ស្រាយ​ទេ ​គឺ​យើង​មិន​មក​ទេ ពីព្រោះ​យើង​ឃើញថា មុននឹង​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច យើង​ប្រើ​គ្រប់​វិធី​ ​គ្រប់​យន្តការ និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ផ្សេងៗ​ ប៉ុន្តែ​នៅ​មិនមាន​ដំណោះស្រាយ​។ អ៊ីចឹង​យើង​មើលឃើញថា ដល់ពេល​​វេលា​គួរសម​ដែល​មើលឃើញថា ​មានតែ​សម្តេច​ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន ព្រោះ​យើង​មើល​​ឃើញ​ស្ថាប័ន​ផ្សេងៗ​គឺ​ភាគច្រើន​លម្អៀង​ទៅខាង​និយោជក មើលទៅ​គ្មាន​ស្ថាប័ន​ណា​ផ្សេង​ក្រៅពី​សម្តេច​ទេ ដែល​អាច​អន្តរាគមន៍​ដោះស្រាយ​រឿងនេះ​បាន​»​។

​លោក​ គង់ ចំរើន មន្ត្រី​ខុ​ទ្ទ​កា​ល័យ​លោក​ ហ៊ុន សែន បាន​ចេញមក​ទទួល​ញ​ត្តិ ប៉ុន្តែ​ពុំបាន​និយាយ​អ្វី​នោះទេ​។ បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ក្រុម​កូដ​ករទាំង​នោះបាន​បន្ត​ដើរទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ទៀត​។ ជាការ​កត់​សម្គាល់ការ​ដាក់​ញត្តិ​នេះ មិនមាន​ការរារាំង​ពី​កម្លាំង​​សមត្ថកិច្ច​នោះទេ​ ស្របពេល​ដែលមាន​ការចូល​រួម​ឃ្លាំមើល​ពី​អង្គការសិទ្ធិមនុស្ស​ជាតិ និង​ឧ​ត្ត​ម​ស្នង​ការ​អង្គការសហប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

​ភ្នំពេញ​ ប៉ុស្តិ៍ ​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ទេស រុក្ខា​ផល អង្គ​លេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា នៃ​ក្រសួង​ការងារបាន​នៅឡើយ​ទេ ដោយ​លោក​ប្រាប់ថា ជាប់រវល់​។​

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្សលោក​ មឿ​ន តុលា ថ្លែងថា ដោយ​​សារ​ក្រុម​កូដ​ករ​បាត់បង់​ទំនុក​​ចិត្ត​លើ​ក្រសួង​ការងារ ដែល​មិនអាច​រុញ​វិវាទ​នេះ​ឱ្យមាន​ដំណោះ​​ស្រាយ ដូច្នេះ​ក្រុម​កូដ​ករ គឺ​មានតែ​ជម្រើស​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​។ ​«​ខ្ញុំ​មិនទាន់​សន្និដ្ឋានថា យ៉ាងម៉េច​ទេ ប៉ុន្តែ​បើសិនជា​ថ្នាក់ដឹកនាំ​កំពូល​យល់​​ឃើញថា មិន​ចង់ឱ្យមាន​ការតវ៉ា ខណៈ​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន ហើយ​មានការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ អ៊ីចឹង​រឿងនេះ​គួរតែមាន​ការអន្តរាគមន៍ ហើយ​ក្រុមហ៊ុន​គួរ​ទទួលយក​បុគ្គលិក​ជាង ​១០០ ​នាក់ ​ចូលធ្វើការ​វិញ ​គឺ​ចប់​ហើយ​»៕