​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បានបញ្ចប់​ការដោះស្រាយ​បណ្តឹងចំនួន​ ១៨ ដែល​បាន​ប្តឹង​បន្ត​ពី​គណៈកម្មការ​រាជធានី-​ខេត្ត ​រៀបចំ​ការបោះឆ្នោតមកកាន់ គ​.​ជ​.​ប​. ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ ទី​៥ នា​ថ្ងៃទី ​៥ ​មិថុនា ឆ្នាំ ​២០២២​។

​លោក​ សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប​. ប្រាប់​នៅ​ថ្ងៃទី ​២០ ​មិថុនា​ថា បណ្តឹង​ដែល​ដាក់​នៅ​គណៈ​​កម្ម​ការ​រាជធានី​-ខេត្ត ​រៀបចំ​ការ​​បោះឆ្នោត​ត្រូវបាន​ដោះស្រាយ​បញ្ចប់​សព្វគ្រប់​ហើយ​។ ដោយឡែក គ​.​ជ​.​ប​. ដែល​ទទួលបាន​បណ្តឹង​ចំនួន ​១៨ ប្តឹង​បន្ត​ពី​រាជធានី​-ខេត្ត និង ​១ ​ទៀត ប្តឹង​ផ្ទាល់​មក គ​.​ជ​.​ប​. ​ក៏​ត្រូវបាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​ផងដែរ​។ ដូច្នេះ ក្រោយពី គ​.​ជ​.​ប​. បាន​ដោះស្រាយ​បណ្តឹង​រួចរាល់​សព្វគ្រប់​ហើយ គ​.​ជ​.​ប​. អាច​ប្រកាស​លទ្ធផល​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់ អាណត្តិ​ទី​៥ នេះ​ជា​ផ្លូវការ​បាន​​ហើយ​។ ប៉ុន្តែ​មិនទាន់​កំណត់ពេល​​វេលា​ច្បាស់លាស់​នៅឡើយ​ទេ​។

​លោក​ថ្លែងថា​៖ «​សម្រាប់​បណ្តឹង ថ្ងៃ​សៅរ៍ ១ ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃទី​ ៥ ខែ មិថុនា ឆ្នាំ​ ២០២២ គ​.​ជ​.​ប​. ​ទទួលបាន​បណ្តឹង សរុប​ចំនួន​ ១៤២​ ប​ណឹ្ត​ង​។ នៅក្នុង​ចំណោម​បណ្តឹង​នេះ នៅ​ថ្នាក់ឃុំ​-សង្កាត់​រៀបចំ​ការបោះឆ្នោត​ចំនួន​ ៨០ ​បណ្តឹង ប្តឹង​ផ្ទាល់​ទៅ​គណៈ​​កម្ម​ការ​រាជធានី​-ខេត្ត​ចំនួន ​៥៦ ​បណ្តឹង និង​ប្តឹង​ផ្ទាល់​មក ​គ​.​ជ​.​ប​. មាន ​១ ​បណ្តឹង​»​។​

​បើតាម​លោក​ សោម សូ​រី​ដា ក្នុងចំណោម​បណ្តឹង​ចំនួន​ ១៤២ ​នេះ មាន​ ៨៥ ​បណ្តឹង ​ជា​ករណី​ប្តឹង​សុំ​ផ្តន្ទាទោស​។ មាន ​៥៣ ​បណ្តឹង ជា​ករណី​ប្តឹង​ភាពមិនប្រក្រតី នៅមុន​ ១ ​ថ្ងៃ និង​នៅ​ថ្ងៃ​បោះឆ្នោតចំនួន ​៣២ ​បណ្តឹង​។

​លោក ​ថាច់ សេដ្ឋា អនុប្រធាន​​គណបក្ស​ភ្លើងទៀន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​២០ មិថុនា​ថា សម្រាប់បណ្តឹង​នៅ គ​.​ជ​.​ប​. លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​មេធាវី​នៅឡើយ​ទេថា ​មាន​ប៉ុន្មាន និង​ដោះស្រាយបាន​ប៉ុន្មាន​ករណី​។ ប៉ុន្តែ​ភាគច្រើន​នៃ​បណ្តឹង​របស់​បក្ស​ភ្លើងទៀន ពី​ថ្នាក់ឃុំ​-សង្កាត់ និង​ថ្នាក់​រាជធានី-ខេត្ត ភាគច្រើន គឺ​ត្រូវបាន​ទាត់ចោល និង​ចាត់ទុកជា​មោ​ឃៈ ដោយ​មិនមាន​ការ​ដោះ​​ស្រាយ​ណាមួយ​ឡើយ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​បណ្តឹងនៅ គ​.​ជ​.​ប​. ​ខ្ញុំ​ថា អាច​នឹងត្រូវ​ទាត់ចោល ដូច​នៅ​គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រាជធានី​-ខេត្ត ​រៀបចំ​ការបោះឆ្នោត​ដែរ​»​។

​លោក ​សំ គ​ន្ធា​មី នាយក​ប្រតិ​​ប​ត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​(​និចហ្វិក​) ​ថ្លែង​នៅ​ថ្ងៃទី ​១៣ មិថុនាថា បណ្តឹង​របស់​គណបក្ស​ន​យោ​​បាយ​មួយចំនួន​ត្រូវបាន គ​.​ជ​.​ប​. បដិសេធ​ទទួល​យកមក ដោះស្រាយ ព្រោះ​បណ្តឹង​ខ្លះ ពាក់ព័ន្ធ​នឹង​ព្រហ្មទណ្ឌ និង​បណ្តឹង​មួយចំនួនទៀត ហួស​អាជ្ញា​យុ​កាល​។

​លោក​ថា បណ្តឹង​របស់​គណ​បក្សនយោបាយ​ដែល​ប្តឹង​មក គ​.​ជ​.​ប​. ភាគច្រើន​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី នៅមុន និង​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​អាណត្តិ​ទី​៥ ​នេះ​។ ទោះជា​យ៉ាងណា លោក​ថ្លែងថា​៖ «​យើង​អត់​ដឹង​ព័ត៌មាន​ច្រើន​ទេ ពី​ការដោះស្រាយ​បណ្តឹង​នេះ ព្រោះ គ​.​ជ​.​ប​. អត់​បើក​ជា​សាធារណៈ​»៕