ភ្នំពេញៈជំងឺ​មហារីក​មាត់​ស្បូនដែល​បង្កឡើង​ពី​វីរុស​មួយ​ប្រភេទ​ហៅ​ថា HPV (Human Papilloma Virus) ជា​ជំងឺ​ដែលស្រ្តី​គ្រប់​រូប​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការកើត ដូច្នេះការចាក់​វ៉ាក់សាំង​ការពារ​គឺជា​ភាព​ចាំបាច់​មួយ​ដែល​ស្រ្តី គួរយល់​ដឹង និង​នាំ​កូន​ស្រីៗ​ទៅ​ចាក់​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត ​៣​រូប ដែល​មាន​ឯក​ទេសសម្ភព និង​រោគ​ស្រ្តីគឺ​កញ្ញា​វេជ្ជ​បណ្ឌិត តាំង ស៊ីង​អ៊ីង ដែល​សព្វថ្ងៃបម្រើកា​រងារ​នៅ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​និង​មន្ទីរ​សម្រាក​ព្យាបាលនិង​សម្ភព​មាតា និង​អ្នកស្រី​វេជ្ជ​បណ្ឌិត ឆេង ហាក់​ងង់ បម្រើការ​ងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាបនិង​លោក​វេជ្ជ​បណ្ឌិត ពឹង យ៉ីកស៊ីង ប្រធាន​ផ្នែក​ថ្នាំ​បង្ការ​នៃ​វិទ្យា​ស្ថាន​ប៉ាស័្ទរ​កម្ពុជា​រួមទាំង​អ្នក​ដែល​ទើប​បាន​ទៅ​ចាក់​ផ្ទាល់​គឺ​កញ្ញា​ ថាន ​រស្មី​។

លោក​វេជ្ជ​បណ្ឌិត ពឹង យ៉ីកស៊ីង បានឱ្យ​ដឹង​ថា​ មក​ទល់​ពេលនេះពុំទាន់​មាន​តួលេខ​ស្រ្តី​ដែល​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ផ្លូវការ​របស់​ប្រទេស​កម្ពុជា​ទេ​។

ប៉ុន្តែបើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោកលើសពី​៩៥ភាគរយនៃ​ករណី​មហារីក​មាត់​ស្បូន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ករោគ​ដោយ Human Papillomavirus (HPV)។

អង្គការ​សុខភាព​ពិភពលោក បាន​ធ្វើការ​ប៉ាន់ស្មាន​ថា នៅក្នុង​ឆ្នាំ​២០២០​ មាន​ស្ត្រី​ប្រហែល ៦០៤ ០០០​នាក់ ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក​មាត់​ស្បូន និង​ស្ត្រី​ប្រហែល ៣៤២​ ០០០នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ គួរ​កត់​សម្គាល់​ថា ប្រហែល​៩០ភាគរយនៃ​ករណី​ស្លាប់កើត​មាន​ឡើង​ចំពោះ​ស្ត្រី ដែល​រស់នៅ​ក្នុង​បណ្តា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​។

កាលពី​ថ្ងៃទី៨ ខែ​មិថុនា កញ្ញា ថាន រស្មី​ បាន​ចែក​រម្លែក​នៅលើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​អំពី​សារៈសំខាន់និង​បទពិសោធដែល​បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើក​ទី​១​។

កញ្ញា វ័យ២៧ឆ្នាំ រូប​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ហេតុផល​ដែលកញ្ញា​បាន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ថា​៖ «ខ្ញុំ​ទៅ​ចាក់​គឺ​ប្រាកដ​ណាស់​ថា​បារម្ភ ព្រោះ​ការឆ្លងវា​មិនមែន​ខ្លួន​យើង​ជា​អ្នក​បង្ក​។ បើសិន​យើង​ឆ្លង យើង​ឆ្លង​ពី​ដៃ​គូ​របស់​យើង​។សួរ​ត្រឡប់​មក​វិញ​ថា មនុស្ស​ប្រុស​យើង​អាច​ទុក​ចិត្ត​គាត់​បាន​ប៉ុន្មាន​ភាគរយ មិន​ថា​ប្ដី ឬ​សង្សារយើង​មិន​ដឹង​ថា​គាត់​ទៅ​ខូច​អី ​យ៉ាង​ម៉េច​ខ្លះ​ពី​មុន​មក ឬ​ពី​ក្រោយ​មាន​យើង​ទេ»។

កញ្ញាបានបន្ត​​ថា​៖«ព្រោះ​មេរោគ​នេះ​ជា​មេរោគ​ដែល​ជាប់​នឹង​ខ្លួន​គាត់​រហូត​។ ត្រឡប់​មក​វិញ​ដូច​ខ្ញុំ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​អ៊ីចឹងវា​ដូច​ជា​កាដូឱ្យ​ខ្លួនឯង​ដែល​យើង​មិន​ចាំបាច់​ដេក​ភ័យថា​ថ្ងៃ​ណា​មួយ​យើង​អាច​នឹង​ឆ្លង​»។

ចំណុច​នេះកញ្ញា វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា វា​ជា​ការចាំបាច់​ណាស់ដែល​ស្រ្តី​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូនដោយសារ​ជំងឺ​មហារីក​វា​កើត​ឡើង​ស្ងាត់ៗមិន​មាន​រោគ​សញ្ញា​អី​ឱ្យ​ដឹង​ទេ​។

បើ​វា​វិវត្ត​ទៅវា​នឹង​ធ្ងន់ធ្ងរ ដូច្នេះឥឡូវ​ដែល​ប្រទេស​មាន​វ៉ាក់សាំង​ការពារស្រ្តីនិង​ក្មេង​ស្រីៗគួរ​តែ​ទៅ​ចាក់​វ៉ាក់សាំង​នេះ​។

កញ្ញា វេជ្ជបណ្ឌិត រូប​នេះ បន្ថែម​ទៀត​ថា​៖ «បើ​នៅ​ក្នុង​ស្រុក​គេ គឺ​គេ​ចាក់​នៅក្នុង​កម្មវិធី​ជាតិ​តែ​ម្ដង​ តែ​ក្នុង​ស្រុក​យើង​វា​មិន​ទាន់​ទូលំ​ទូលាយ ថវិកាមាន​កម្រិត​ អ៊ឹចឹង​យើង​អត់​ទាន់​មាន​ក្នុង​ថ្នាក់​ជាតិ​ទេ​។តែ​វ៉ាក់សាំង​នេះ​មាន​សារប្រយោជន៍​ណាស់​សម្រាប់​ក្មេង​ស្រី ព្រោះ​យើង​បាន​ការពារ​គាត់​ទៅថ្ងៃមុខ​ពី​ជំងឺ​នេះ​។ ជាក់ស្ដែង ស្រ្តី​ដែល​ប៉ះពាល់​មាន​ដៃ​គូ​ហើយ ១០០​នាក់​សឹង​តែ​ថា៩០​នាក់​ហើយ ដែល​មាន​ឱកាស​ឆ្លង​ជំងឺ​ហ្នឹង​។គ្រាន់​តែ​ជំងឺ​ហ្នឹង​វា​អាច​ឆ្លង​ចូល​ ហើយអាច​បាត់​ទៅ​វិញ​ដូច​ផ្ដាសាយ ឬ​ក៏​ឆ្លង​ហើយ​វា​នៅ​យារយី​យើង​ទៅ​ជា​មហារីក​»។

អ្នកស្រី វេជ្ជបណ្ឌិត ឆេង ហាក់ងង់ បាន​បន្ថែមថា​៖«ការចាក់​វ៉ាក់សាំង​នេះ​វា​ចាំបាច់ ព្រោះ​អាច​ការពារ​បាន​ទាំង​មហារីក​មាត់​ស្បូន មហារីក​ទ្វារ​មាស និង​រន្ធ​គូទ​»។

កញ្ញា​រស្មី បាន​ឱ្យ​ដឹង​ពី​បទ​ពិសោធផ្ទាល់​ខ្លួន​តាមរយៈ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ថា កញ្ញា​ត្រូវ​ចាក់៣​ដូស ដោយ​គម្លាត​ចាក់​គឺ​បន្ទាប់​ពី​ថ្ងៃ​ចាក់​លើក​ទី​១ កញ្ញា​ត្រូវ​ចាក់​លើក​ទី​២នៅ១​ខែ​បន្ទាប់និង​លើក​ទី​៣ បន្ទាប់ពី៦​ខែ​បន្ទាប់​។

ដោយយោង​តាម​ឱវាទ​របស់​គ្រូពេទ្យ​ដែល​កញ្ញា​ទៅ​ចាក់​ជាមួយ ​ រស្មី បានឱ្យ​ដឹង​ថា ចាក់​ទៅ​គឺ​គ្មាន​ប្រតិកម្ម​អី​ទេ គ្រប់​យ៉ាង​ធម្មតាហើយ​ក៏​គ្មាន​តម្រូវ​ការតម​អ្វី​ដែរ ក្រៅ​ពី​មិន​ឲ្យ​យក​កូន​ក្នុង​រយៈពេល​៦​ខែ​នៃ​ការចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ។

កញ្ញា​ វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង​ បានឱ្យដឹងថា៖ «ប្រសិន​បើកូន​ក្មេង ចន្លោះ​៩-១៤​ឆ្នាំ យើង​ចាក់​ឱ្យ ២​ដង ចាក់​ថ្ងៃ​ហ្នឹង​ចន្លោះ​ពី៦-១២​ខែ​ក្រោយ​ចាក់​ម្ដង​ទៀត​។តែ​បើ​គាត់​អ្នក​មាន​អាយុ​ចន្លោះ​ពី១៥-២៦​ឆ្នាំឡើង​ទៅ​យើង​ចាក់​ឱ្យ​គាត់៣​ដង​។ ចាក់​ថ្ងៃ​ហ្នឹង ១-២​ខែ​ក្រោយ​ ចាក់​លើក​ទី​២ ហើយ៦​ខែ​ក្រោយ​ចាក់​លើក​ទី​៣​»។

អ្នកស្រី វេជ្ជបណ្ឌិត ឆេង ហាក់ងង់​ បាន​បញ្ជាក់​បន្ថែម​ដែរ​ថា វ៉ាក់សាំង​ជា​រួម​មាន ៣​ប្រភេទ គឺ Cervarix (bivalent) Gardasil (quadrivalent )និងGardasil 9 (nanovalent)ដែល​គម្លាត​នៃ​ការចាក់និង​អាយុ​ចាក់​វា​រាង​ខុស​គ្នា​បន្តិចបន្តួច​។

ស្រប​គ្នា​នោះ​លោក​វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង បានឱ្យដឹង​ថា​ ជា​ទូទៅ​ថ្នាំ​បង្ការ​មហារីក​មាត់​ស្បូន អាច​បណ្តាល​ឱ្យ​មាន​ផល​រំខាន​បន្តិចបន្តួច​ ដូចជា ឈឺ​ចាប់​ត្រង់​កន្លែង​ចាក់ ឡើង​ហើម​ក្រហម​ត្រង់​កន្លែង​ចាក់ មាន​អាការ​ក្តៅ​ខ្លួន ឬ ឈឺក្បាល ជា​ដើម​។ ក៏​ប៉ុន្តែ​ផល​រំខាន​ទាំង​នោះ ជាទូទៅ​មាន​សភាព​ស្រាល និងមាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

​ក៏ប៉ុន្តែ​ជាក់ស្ដែង អ្នកស្រី ​វេជ្ជបណ្ឌិត ឆេង ហាក់ងង់ ថា «តាម​ពិត​ទៅ មិន​មាន​ការហាម​ប្រាម​ការយក​កូន​នៅ​ក្នុង​អំឡុង​ពេល​ចាក់​វ៉ាក់សាំង​ទេ តែ​គេ​មិន​ណែនាំ​ឱ្យ​យើង​ចាក់​វ៉ាក់សាំង​នៅពេល​យើង​មាន​ទម្ងន់​ហើយ​ ហើយ​ក៏​មិនមាន​លក្ខខណ្ឌ​ មិន​ណែនាំ​ឱ្យ​យើង​បន្ត​ចាក់​វ៉ាក់សាំង​ទី​២ ទី​៣​ដែរ ព្រោះ​គេ​មិន​ទាន់​រក​ឃើញ​ថា​វ៉ាក់សាំង​ធ្វើឱ្យ​កូន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​អំឡុង​ពេល​ពពោះ​នោះ​ទេ​»។

កញ្ញា វេជ្ជ​បណ្ឌិត តាំង ស៊ីងអ៊ីង បន្ថែម​ទៀត​ថា ​ក្នុង​ករណី​ចាក់​ហើយ​ ចៃដន្យ​រក​ឃើញ​ថា​ មាន​គភ៌ ​នោះ​ដូស​ដែល​ចាក់​បន្ទាប់ៗ​​ត្រូវ​លើក​ពេល ទាល់​តែ​គាត់​សម្រាល​កូន​​រួច​ទើប​ចាក់​ឡើង​វិញ​។

ថ្វី​បើកា​រចា​ក់នៅវិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា១ដូស​មាន​តម្លែ​៦៧​ដុល្លារ​ក្ដី ប៉ុន្តែកញ្ញា​ រស្មី ​បង្ហាញ​ប្រាប់​ពី​អារម្មណ៍​ចំពោះ​តម្លៃ​វ៉ាក់សាំ​ង​ការពារ​នេះថា​៖«បើ​សម្រាប់​យើង​មាន​លុយ​ខ្លួន​ឯង ​មាន​ចំណូល​ច្បាស់​លាស់ ​តម្លៃ​ប៉ុណ្ណឹង​ប្ដូរ​ជា​មួយ​សុខ​ភាព​ខ្លួន​យើង​ខ្ញុំ​គិត​ថា​វា​មិន​ថ្លៃ​ទេ​។ប៉ុន្តែតម្លៃ​ហ្នឹង​បើ​គិត​ពី​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​គាត់​អត់សូវ​មាន[​លុយ] ជា​ពិសេស​អ្នក​នៅ​តាម​បណ្ដា​ខេត្ត ខ្ញុំ​គិត​ថា​អាច​នឹង​មិន​ហ៊ាន​ចាក់​ទេ​»។

កញ្ញា​បាន​ឱ្យ​ដឹង​ទៀត​ថាបើ​និយាយ​ពី​រឿង​មូលហេតុ​ដែល​កញ្ញា​ទើបតែ​សម្រេច​ចិត្ត​ចាក់ដោយសារ​កញ្ញា​ជា​មនុស្សដែល​ចូល​ចិត្ត​តាម​ដាន​សុខភាព​ជា​ប្រចាំ ដូច្នេះ​ពេល​ស្ងាត់​កូវីដ កញ្ញា​ក៏​ទៅ​ពិនិត្យ​សុខភាពហើយ​ក៏​ឆ្លៀត​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​ហើយទៅ​។

មួយ​ទៀត​នោះ កញ្ញា ថា​ ដោយសារ​កន្លង​មក កញ្ញា​​ធ្លាប់​បាន​ឃើញ​ព័ត៌មាន​ថា បើ​អ្នក​មាន​គ្រួសារ​ហើយ ​ចាក់​អត់​បានឬ​អ្នក​មាន​ដៃ​គូ​ហើយ​ចាក់​ទៅ​ក៏​អត់​មាន​ប្រសិទ្ធភាព​។ប៉ុន្តែមួយ​រយៈ​ក្រោយ​នេះកញ្ញា​បាន​សិក្សា​លើ​ចំណុច​នេះ ដោយ​បាន​សួរ​គ្រូពេទ្យ​ជា​ច្រើនទើបដឹង​ថាទោះបី​ជា​អ្នក​ធ្លាប់​មាន​ដៃ​គូឬ​មាន​គ្រួសារ មាន​កូន​ក៏​ដោយ​ ប្រសិទ្ធ​ភាព​គឺ​នៅតែ​មាន​។

កញ្ញាបាន​ពន្យល់​តាម​អ្វី​ដែល​កញ្ញា​យល់​ដឹង​ពី​គ្រូពេទ្យ​ថា​៖«ប្រសិន​បើ​អ្នក​ឆ្លង​កាត់​ការរួម​ភេទពិនិត្យ​ឃើញ​ថា​មិនទាន់​ឆ្លង​មេរោគHPVគុណភាព​វ៉ាក់សាំង​គឺដូច​គ្នា​ចំពោះ​អ្នក​មិន​មាន​ដៃគូ។វា​អាច​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ករណី​មួយ​សម្រាប់​អ្នក​មាន​ដៃគូអាច​ឆ្លង​ពី​ដៃ​គូ​ប្រសិន​ជា​វ៉ាក់សាំង​ស្ថិត​ក្នុង​ដំណាក់កាល​បណ្ដុះ​អង់ទីគ័រ​នៅ​ឡើយ​»។

កញ្ញា វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង បាន​បកស្រាយ​បន្ថែម​ថា ប្រសិទ្ធ​ភាព​វ៉ាក់សាំង​គឺ​អាច​អាស្រ័យ​ទាំង​លើអាយុនិង​ការមាន​ទំនាក់​ទំនង​ផ្លូវភេទ​។ក្មេង​ដែល​មាន​អាយុ​ចាប់ពី៩​ឆ្នាំ​ទៅរហូត​ដល់ជាង៤០​ឆ្នាំ​អាច​ចាក់​បានតែ​បើ​ស្រ្តី ដែល​មាន​វ័យ​លើសពី៤៥​ឆ្នាំ គឺ​វ៉ាក់សាំង​លែង​មាន​ប្រសិទ្ធ​ភាព​ហើយ​។

កញ្ញា វេជ្ជបណ្ឌិត បន្តថា៖«កាលណា​យើង​រាង​ចាស់ពេល​ចាក់​វ៉ាក់សាំង ប្រសិទ្ធ​ភាព​ដែល​យើង​ទទួល​បាន​ពី​វា​មក​វិញ វា​មិន​បាន​ល្អ​ដូច​នៅ​ក្នុង​វ័យ​មួយ​ក្មេង​ទេ​។តែ​តាម​យោបល់​របស់​ខ្ញុំកត្តា​មួយ​ទៀត​ក៏​អាច​ទាក់ទង​ជាមួយ​ការរួម​ភេទ​ដែរ មាន​ន័យ​ថា​វ៉ាក់សាំង​គឺ​យើង​ចាក់​មុន​ពេល​ដែល​យើង​ជួប​ជាមួយ​មេរោគ។ដោយ​ឡែក​អ្នក​ដែល​គាត់​ធ្លាប់​រួមភេទ​ហើយ ភាគរយ​ច្រើន​គាត់​អាច​នឹង​ធ្លាប់​ជួប​ជាមួយ​នឹង​មេ​រោគ»។

កញ្ញា វេជ្ជ​បណ្ឌិត តាំង ស៊ីងអ៊ីង បាន​បញ្ជាក់ថា៖​«វា​មាន​ហានិភ័យ​មួយ​ដែល​គាត់​អាច​ឆ្លង​ហើយ តែ​អត់​ដឹង​ខ្លួន វា​នៅ​បង្កប់​ក្នុង​ហ្នឹង ហើយ​នៅពេល​ដែល​យើង​ទៅ​ចាក់​ក្នុង​អំឡុង​ពេល​ហ្នឹង​វា​អត់​មាន​ប្រសិទ្ធ​ភាព​ទេ​។ អ៊ីចឹង​បាន​ថា​ការចាក់​របស់​វ៉ាក់សាំង​ហ្នឹង​វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ល្អដូច​ពេល​ដែល​ខ្លួន​យើង​នៅ​ស្អាត​មិន​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មេរោគ​សោះ​។ ដូចនេះ បាន​គេ​ណែនាំ​ឱ្យ​ស្រ្តី​ដែល​មាន​ដៃគូហើយ​ធ្វើ​តេស្ត​រកកោសិកា​មហារីក​មាត់​ស្បូន​មុន បើ​លទ្ធផល​ចេញ​មក​អវិជ្ជ​មាន បាន​គាត់​អាច​ចាក់​បាន​»។

រីឯអ្នក​ស្រីវេ​ជ្ជប​ណ្ឌិតឆេង​ ហាក់ងង់ បាន​បន្ថែម​ដែរ​ថា​៖ «យើង​ណែនាំ​ឱ្យ​ចាក់​នៅ​វ័យ​ជំទង់​អ៊ឹចឹង​ព្រោះ​ថ្នាំ​នេះ​ជា​ប្រភេទ​ការ​ពារ ​មិន​មែន​សម្រាប់​ព្យា​បាល​នៅ​ពេល​ដែល​ឆ្លង​ភ្លាមៗ​នោះ​ទេ យក​ល្អ​គេ​ចាប់​ផ្ដើម​ឱ្យ​ចាក់​នៅមុនពេល​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​»។

លោក​វេជ្ជ​បណ្ឌិត ​ពឹង យ៉ីក​ស៊ីង បាន​បន្ថែម​ថា៖ ថ្នាំ​បង្ការ​មហារីក​មាត់​ស្បូន មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុង​ករណី​ដែល​ថ្នាំ​បង្ការ​នេះ ត្រូវ​បាន​ផ្តល់​ដល់​កុមារមុន​ពេល​ដែល​ពួកគេ​ឆ្លង​មេរោគ HPV ។ ដោយ​ហេតុ​នេះ​ហើយ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ផ្តល់​អនុ​សាសន៍​ថា ថ្នាំ​បង្ការ​នេះ​គួរ​ត្រូវបាន​ផ្តល់​ដល់​កុមារ​នៅ​ចន្លោះ​អាយុ​ពី​៩-១៥​ឆ្នាំ នៅ​មុន​ពេល​ដែល​កុមារ​ឆ្លង​កាត់​ជីវិត​ដៃ​គូ​។

លោកថា​៖ «ថ្នាំ​បង្ការ​នេះ​អាច​ផ្តល់​ជូន​ដល់​ស្រី្ត​ដែល​មាន​អាយុ​លើស​ពី​១៥​ឆ្នាំ ក្រោម​ការវាយ​តម្លៃ​ពី​តម្រូវការ​ចំា​បាច់ ​និង​ហានិ​ភ័យ​នៃ​ជំងឺ​មហា​រីក​មាត់​ស្បូន​សម្រាប់​បុគ្គល​នីមួយៗ​»។

បើតាម​កញ្ញា វេជ្ជបណ្ឌិត តាំង ស៊ីង​អ៊ីង បន្ទាប់​ពី​ចាក់​រួច​ប្រសិទ្ធ​ភាព​វ៉ាក់​សាំង​គឺមាន​៩០​ភាគ​រយ​ឡើង​ទៅ​។ គ្រាន់​តែ​ថា​ជំងឺ​មហា​រីកវា​មាន​១០០​មុខ​ជាង​ ប៉ុន្តែវ៉ាក់​សាំង​ដែល​មាន​មក​ដល់​ឥឡូវ​នេះ​ស៊េរី​ចុងក្រោយ​គេ​បង្អស់​ទើប​តែ​ការពារ​បាន៩​មុខ​ទេ​។

ក៏ប៉ុន្តែ៩​មុខ​ហ្នឹងគឺ​ប្រឈម​ខ្លាំង​ជាង​គេ​បំផុត​។អ៊ឹចឹង​មាន​ន័យ​ថា​ស្រ្តី​ដែល​គាត់​ចាក់​ហើយ​នៅតែ​មាន​ការ​លើក​ទឹកចិត្ត​គាត់​ឱ្យ​នៅតែ​បន្ត​តាមដាន​រក​មើល​ជំងឺ​មហារីក​មាត់​ស្បូន​ដដែល​ព្រោះ​វា​មិនបាន​គ្របដណ្ដប់ទាំង១០០​មុខ​ជាង​នោះទេ​។

កញ្ញា វេជ្ជ​បណ្ឌិត តាំង ស៊ីងអ៊ីង បន្ថែមថា៖«ប៉ុន្តែបើ​និយាយ​ពី​ប្រសិទ្ធ​ភាព​សម្រាប់​វ៉ាក់​សាំង​ហ្នឹង​ជា​មួយ​មេរោគ​ដែល​គេ​ការពារអា​៩​មុខ​ហ្នឹង​គឺ​វា​ការពារ​បាន​ស្ទើរ​តែ១០០%តែ​ហានិ​ភ័យ​ជាមួយ​មេរោគ​ផ្សេងៗ​ទៀត​វា​​ចូល​រួម​ការ​ពារ​ខ្លះ​ដែរ តែ​មិន​បាន​ច្រើន​ទេ​»។

ទាក់​ទង​នឹង​ប្រសិទ្ធ​ភាពនៃ​វ៉ាក់​សាំង​អ្នក​ស្រី វេជ្ជបណ្ឌិត ឆេង ហាក់​ងង់ ក៏បាន​បញ្ជាក់​ដែរ​ថា​៖« ប្រភេទ​នីមួយៗ​អាច​នឹង​ការ​ពារ​បាន​នៅក្នុង​កម្រិត​ផ្សេងៗ​គ្នា​​។ដូច​ជា​ប្រភេទ​វ៉ាក់សាំងGardasilអាច​ការពារ​បាន​ខ្ទង់​៧០​ភាគ​រយ​។ Gardasil 9 ​អាច​ការពារ​បាន​រហូត​ដល់​៩០​ភាគ​រយ ហើយ​វ៉ាក់សាំង​១​ប្រភេទ​ផ្សេង​ទៀត Cervarix អាច​ការពារ​ខ្ទង់ ៨៧​ភាគ​រយ​។ តែ៨៧​ភាគ​រយ​ទាល់​តែ​ចាក់​ក្នុង​អាយុ​១២-១៣​ឆ្នាំ​។​ប៉ុន្តែក្នុង​ករណី​ចាក់​អាយុ​ធំ​ជាង​ហ្នឹង១៤-១៦​គេ​រក​ឃើញ​ថា​រៀង​ថយ​ចុះ​នៅ​ត្រឹម​៦៤​ភាគ​រយ។​ប្រសិន​បើ​ពីអាយុ១៦-១៨​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​អាច​ចុះ​មក​ទៀត​នៅ​ត្រឹម​៣៤​ភាគ​រយ​»។

លោក​វេជ្ជ​បណ្ឌិត​ ពឹង យ៉ីក​ស៊ីង បញ្ជាក់​ថា ស្រ្តី​ដែល​ពុំ​បាន​ទទួល​ថ្នាំ​បង្ការ​មហារីក​មាត់​ស្បូន ​នៅពេ​ល​ដែល​គាត់​ឆ្លង​កាត់​ជីវិត​ដៃគូ​អាច​មាន​ហានិ​ភ័យ​នៃ​ការ​ឆ្លង​មេរោគ ​HPV​។ ថ្វីដ្បិត​តែជាង​៩០​ភាគ​រយ​នៃ​ករណីនៃ​ការបង្ករោគ​ដោយ​មេរោគ HPV​អាច​វិវត្តទៅ​រក​ការ​ជា​សះស្បើយ​ដោយ​ឯកឯង តែ​មាន​ករណី​ខ្លះ​វា​អាច​បង្ក​ជា​រោគ​រ៉ាំរ៉ៃ និង​វា​អាច​វិវត្តទៅ​ជា​ជំងឺ​មហា​រីក​មាត់​ស្បូន​។

ចំពោះរោគ​សញ្ញានៃ​ជំងឺ​នេះវិញ​កញ្ញា វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង បាន​ពន្យល់​ថា ជាទូទៅ​មិន​ឱ្យ​ជា​រោគ​សញ្ញា​អ្វី​ទេ តែ​បើ​វា​ចេញ​រោគ​សញ្ញាគឺ​ធ្ងន់ដោយ​វា​វិវត្ត​ទៅ​ជា​ដុំ​មហារីក​ធំ​នៅ​នឹង​មាត់​ស្បូនដែល​អាច​ធ្វើឱ្យ​អ្នក​ជំងឺ​មាន​ការឈឺ

ចាប់​នៅកន្លែង​សំខាន់ឬ​អាច​មាន​ធ្លាក់​ឈាម​នៅ​ចន្លោះ​ថ្ងៃ​មក​រដូវ​។

រីឯអ្នក​ស្រី វេជ្ជបណ្ឌិត ឆេង ហាក់​ងង់ បានបន្ថែម​ថា គឺ​មាន​ការធ្លាក់​ឈាម​ខុស​ធម្មតា អាច​មាន​បរិមាណ​ច្រើន ឬ​រយៈពេល​នៃ​ការមក​រដូវ​វែងជាង​ធម្មតា ឈឺ​ចាប់​ពេល​រួមភេទ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោមឬ​ឈឺ​ត្រគាកធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ ធ្លាក់​ឈាម​តាម​ទ្វារមាស​មាន​លក្ខណៈ​មិន​ប្រក្រតី ​មាន​ឈាម​ក្រោយ​ពេល​រួមភេទ អំឡុង​ពេល​រួមភេទ ឬ​ក្រោយ​ពេល​អស់​រដូវមាន​ឈាម​បន្ទាប់​ពី​បន្ទោបង់និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក អាច​ពិបាក​ក្នុង​ការ​បត់​ជើង​តូចឬ​បត់​ជើង​ធំ​។

អ្នកស្រី វេជ្ជ​បណ្ឌិត ឆេង ហាក់​ងង់ ថា៖ «​មហារីក​មាត់​ស្បូន​បណ្ដាល​មក​ពីការ​ឆ្លង​មេរោគ HPV តាម​ការរួមភេទឬ​គាត់​ចាប់ផ្ដើម​ការរួមភេទ​នៅ​ពី​ក្មេង​ពេក ហើយ​ក៏​អាច​ទាក់ទង​នឹង​អ្នក​ជក់​បារី អ្នក​មាន​កូន​ច្រើន អ្នក​មាន​ប្រព័ន្ធ​ភាព​សាំ​ថយ​ចុះ អ្នក​កើត​មេរោគ​អេដស៍ ឬ​អ្នក ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ឆ្លង​តាម​ការរួម​ភេទ​ពី​មុន​មក​​»។

អ្នកស្រី វេជ្ជ​បណ្ឌិតប​ន្ថែមទៀ​ថា ​វិធីសាស្រ្ត​ដើម្បី​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ទី​១​គឺ​ចាក់​វ៉ាក់សាំង ទី​២ត្រូវ​ពិនិត្យ​កោសិការ​មាត់​ស្បូន​ទៅតាម​ការណែ​នាំរប​ស់គ្រូ​ពេទ្យដែលអាច​ធ្វើ​រៀង​រាល់​៣​ឆ្នាំ​ម្ដង​។អ្នក​មាន​អាយុ​ពី​២៥​ឆ្នាំ​ឡើង​ទៅ​គេ​ណែ​នាំ​ឱ្យ​ពិនិត្យ​កោសិកា​​មាត់​ស្បូន​ឱ្យ​បាន​ទៀងទាត់​។កាលណា​បើ​រក​ឃើញ​មាន​បម្រែ​បម្រួល​កោសិ​កា​មិន​ល្អ វា​វិវត្ត​ទៅ​មហា​រីក​គឺ​ត្រូវ​តែ​ទៅ​ទទួល​ការ​ព្យា​បាល​ឱ្យ​បាន​លឿន​។

លោក​វេជ្ជ​បណ្ឌិត​ ពឹង យ៉ីក​ស៊ីង បន្ថែម​ដែរ​ថា​ ការចាក់​ថ្នាំ​បង្ការ​មហារីក​មាត់​ស្បូន នៅមុន​ពេល​ដែល​កុមារ​ឆ្លងកាត់​ជីវិត​ដៃ​គូ ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​។រីឯវិធាន​ការ​ផ្សេងៗ​ទៀត ​ដូចជា​ ការ​ពិនិត្យ​មាត់​ស្បូន​ជា​ទៀង​ទាត់ (សម្រាប់​ស្ត្រី​ចាប់​ពី​អាយុ​​៣០​ឆ្នាំ​ឡើង​ទៅ​) និងការ​ទទួល​ការព្យាបាល​នៅ​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ក៏​អាច​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​មាត់​ស្បូន​នេះ​បាន​ផង​ដែរ​។

ចំពោះ​ការព្យា​បាល​វិញក​ញ្ញា វេជ្ជប​ណ្ឌិត តាំង ​ស៊ីងអ៊ីង ប្រាប់​ថា គឺ​អាច​មាន​ការព្យា​បាល​​តាម​ការវះ​កាត់​ កា​របាញ់​កាំ​រស្មី ការ​ចាក់​ថ្នាំ​គីមី ទៅ​តាម​ប្រភេទ​និង​ដំណាក់​កាល​របស់​វា​៕