​ភ្នំពេញៈ​ អន្តរក្រសួង​បាន​ឯក​​ភាព​ជ្រើស​រើសយក​តំបន់​បេ​តិក​​ភណ្ឌ​ធម្មជាតិភ្នំ​ត្បែង ក្នុង​ខេត្ដ​ព្រះវិហារ និង​តំបន់​គ្រប់គ្រង និង​ការពារ​ជម្រក​សត្វ​ផ្សោត​មេគង្គ​ព្រែក​កាំ​ពី​ចាប់ពី​ខេត្ដ​ក្រចេះ​ដល់​ខេត្ដ​ស្ទឹងត្រែង ​ដាក់ចូល​ក្នុង​បញ្ជី​ត្រៀម​ស្នើ​បញ្ចូល​ជា​សម្បត្ដិ​​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​។

​លោក​ ​នេត្រ ភក្ត្រា ថ្លែង​​ក្នុងពេល​ដឹកនាំ​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​ខេត្តក្រចេះ​ ពីថ្ងៃ​ទី ​១៨ មិថុនាថា ក្រសួងបរិស្ថាន​ទទួលបាន​អាណ​ត្ដិ​ពី​រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំ​បញ្ជី​បេតិកភណ្ឌធម្មជាតិ​ពិភពលោក​របស់​អង្គ​ការ​យូណេស្កូ បន្ទាប់ពី​កន្លងមក​កម្ពុជា​បានដាក់​បញ្ចូល​ប្រាសាទ​​បុរាណ​មួយចំនួន​ជា​សម្បត្ដិបេតិកភណ្ឌ​វប្បធម៌​ពិភពលោក ប៉ុន្ដែ​មិនទាន់មាន​បេតិកភណ្ឌ​​ធម្មជាតិ​ពិភពលោក​នៅឡើយ​។

​លោក​បានឱ្យដឹងថា តំបន់​ការ​ពារ​ធម្មជាតិ​ចំនួន​ ៥ ដែល​អន្តរ​ក្រសួង​បាន​យកមក​ពិនិត្យ​ និង​ជ្រើសរើស​នោះ​មាន តំបន់​បេ​តិក​​ភណ្ឌ​ធម្មជាតិភ្នំ​ត្បែង តំបន់​គ្រប់​គ្រង​ និង​ការពារ​ជម្រក​សត្វ​ផ្សោត​មេគង្គ​ព្រែក​កាំ​ពី ថ្មភ្នំ​ណា​ម​លៀរ ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​ម​លៀរ ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ និង​ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង​។ ​ប៉ុន្ដែ​បាន​ឯក​ភាព​យកតែ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ក្នុង​ខេត្ដ​ព្រះ​វិហារ និង​តំបន់​គ្រប់គ្រង និង​ការ​​ពារ​ជម្រក​សត្វ​ផ្សោត​មេគង្គ ព្រែក​កាំ​ពី​ចាប់ពី​ខេត្ដ​ក្រចេះ​ដល់​ខេត្ដ​ស្ទឹងត្រែង​ប៉ុណ្ណោះ ដើម្បី​ដាក់ចូល​ក្នុង​បញ្ជី​ត្រៀម​ស្នើ​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​​លោក​របស់​អង្គការ​យូណេស្កូ​។​

​លោក​ថ្លែងថា​៖ «​យើង​កំពុងតែ​រៀបចំ ហើយ​ក្នុងចំណោម​ ៥ ​នេះ ​គឺ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​ ២​ ដែល​អន្តរក្រសួង​ឯកភាព​នៅក្នុង​ការបន្ត​រៀបចំ​ឯកសារ​តទៅ​មុខ​ទៀត​នោះ គឺ​តំបន់​ទេសភាព​ទន្លេមេគង្គ​ពី​ខេត្ដ​ក្រចេះ ទៅ​ខេត្ដ​ស្ទឹងត្រែង​នេះ ដែលមាន​សត្វ​​ផ្សោត​មាន​ត្រី​រាជ ត្រី​ត្រសក់ បបែល​​យក្ស សត្វ​ក្ដាន់ សត្វ​ទន្សោង អីហ្នឹង​គឺ​ប្រភេទ​ដែល​ល្អ​ឯក​ជា​ ​តម្លៃ​សកល​ដែល​ត្រូវ​បានរៀបចំ​ដើម្បី​ដាក់​ជា​តម្លៃ​មួយ ​គឺ​បេ​តិក​ភណ្ឌ​ធម្មជាតិ​ពិភពលោក​»​។

​លោក​បញ្ជាក់ថា​៖ «​យើង​ដាក់​ជា​បញ្ជី​ត្រៀម មានន័យថា មុន​​នឹង​បញ្ជូនទៅ​គេ​ពិនិត្យ​យើង​ត្រូវ​ស្ថិតក្នុង​បញ្ជី​ត្រៀម​សិន មានន័យថា​តម្រង់​ជួរ​ចាំ​គ្នា​សិន​។ ឥឡូវ​វា​​ស្ថិតក្នុង​ដំណាក់​កាលដែល​រៀប​ចំ​បញ្ជី​តម្រង់​ជួរ​ចាំ​គ្នា ដល់ពេល​ដំណាក់កាល​មួយ​ដែល​យើង​ត្រូវ​ការចូល​អាហ្នឹង ​គឺ​យើង​ចូលទៅក្នុង​បញ្ជី​ដែល​យើង​ស្នើ​»​។​

​បើតាម​លោក ភក្ត្រា ចំពោះ​ការស្នើ​បញ្ចូល​តំបន់​ធម្មជាតិ​កម្ពុជា​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​ធម្មជាតិ​ពិភពលោក​នេះ គឺមាន​ផលប្រយោជន៍​ច្រើនណាស់ គឺ​ពិភពលោក​នឹង​ចាប់អារម្មណ៍​លើ​តំបន់​ទាំងនេះ ពិភពលោក​នឹង​មក​ទេសចរ​តំបន់​នេះ​ច្រើន​។

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ចំណុច​​នេះ ដែល​យើង​ត្រូវការ​ការពារ​។​

​ឥឡូវ​ស្ថិតក្នុង​បញ្ជី​ត្រៀម ប៉ុន្ដែ​បើ​បងប្អូន​អត់​ចូលរួម​ការពារ​ទេ ធនធានធម្មជាតិ​ដែល​យើង​រៀបចំ​ស្នើ​នេះ​វា​បាត់បង់ អាប​ញ្ជី​​ត្រៀម​នឹង​ក៏​យើង​ធ្លាក់​ដែរ​»​។

​លោក ភក្ត្រា បាន​បន្ថែមថា អ្វីដែល​បានបញ្ជាក់​តម្លៃ​ជាស​កល​ក្នុងការ​ស្នើសុំ​នេះ​ គឺ​តំបន់​ទន្លេ​​មេគង្គ​ចាប់ពី​ក្រចេះ ដល់​ខេត្ដ​ស្ទឹងត្រែង​ជា​តំបន់​មាន​សារៈ​សំ​ខាន់​ដែលមាន​តម្លៃ​ជា​សកល​ដោយ​ផ្អែកទៅលើ​ធនធាន​ចម្រុះ​ដូចជា សត្វ​ផ្សោត ត្រី​ពូជ សត្វ​ទឹកធំៗ​និង​សត្វ​ស្លាប ព្រៃ​លិច​ទឹក កោះ សត្វ​ក្ដាន់ សត្វ​ទន្សោង និង​​សត្វ​រមាំង​។ មាន​អន្លង់​ជ្រៅ​ពី​ ៣០​ ម៉ែត្រ​ទៅ ៦០ ​ម៉ែត្រ មាន​ជួរ​ទឹក ថ្ម​ប៉ប្រះ​ទឹកជា​ដើម​»​។

​ក្រៅពីនេះ​មាន​សត្វ​ស្លាប​ជិត​​ផុត​ពូជ​មាន​សត្វ​រំពេ​ទន្លេ ត្រយង​យក្ស ត្រយង​ចង្កំ​កស ត្មាត ត្រដក់​តូច ត្រដក់​ធំ​។ មាន​ត្រី​ប្រមាណ ​៨០០ ​ប្រភេទ ត្រី​កម្រ​ជិត​ផុត​ពូជ មាន​ត្រី​គល់រាំង ត្រី

​ត្រសក់ ត្រី​ប៉ា​វ៉ា ត្រី​ប៉ា​ស៊ីអ៊ី​ ត្រី​រាជ ត្រី​បបែលយក្ស កន្ធាយ​ក្បាល​កង្កែប​ក្នុង​តំបន់​នេះ​ជាដើម​។​

​លោក​ថា​៖ «​នេះ​គឺជា​ចំណុច​សំខាន់ៗ​ដែល​បញ្ជាក់​អំពី​តម្លៃ​នៃ​រមណីយដ្ឋាន​ដែល​យើង​បាន​ចាត់ទុកថា ជា​តំបន់​មួយ​ដែល​យើង​យល់ថា ​គួរតែ​ស្នើសុំ​ទៅ​ដាក់​ជា​បញ្ជី​ត្រៀម​សម្រាប់​ការស្នើសុំ​ទៅ​អង្គការ​យូណេស្កូ ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​របស់​ពិភពលោក​»​។

​រីឯ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បូង ត្រូវបាន​បង្កើតឡើង​ដោយ​​អនុក្រឹត្យ​លេខ​ ១៨៩ អនក្រ​.​បក ចុះ​ថ្ងៃទី​ ១៣ ខែ កញ្ញា ឆ្នាំ ​២០១៦ មាន​ផ្ទៃដី​សរុប ២៥ ២៦៩,៤១ ហិកតា ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ​នៃ​ខេត្ត​​ព្រះវិហារ​។ ​សក្តានុពល​ធនធាន​​ធម្មជាតិ​តំបន់​នេះ នៅមាន​សល់​ព្រៃឈើ​ដ៏​សម្បូរបែប​ដូចជា ព្រៃ​​ស្រោង​ និង​ព្រៃ​ពាក់កណ្ដាល​ស្រោង​​សម្រាប់​ការអភិរក្ស​សត្វព្រៃ ការ​ផ្តល់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី និង​ធានា​ការផ្គត់ផ្គង់​ទឹកសាប​ដល់​សហគមន៍​នៅ​ជុំវិញ​តំបន់​នេះ​។

​លោក​ថ្លែងថា​៖ «​ថនិកសត្វ​ជិត​ផុត​ពូជ និង​រងគ្រោះថ្នាក់​ជា​​ច្រើន​ប្រភេទ​នៅ​តំបន់​នេះ រួមមាន ទោច​មកុដ ខ្លាឃ្មុំ​ធំ ខ្លាឃ្មុំ​តូច ប្រើស ឆ្កែព្រៃ ឆ្មា​ដាវ ស្វា​ព្រាម រញី​ប្រផេះ ប្រចៀវ​ភ្នំ​ត្បែង និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​​ផ្សេងទៀត​ត្រូវបាន​គេ​ឱ្យដឹងថា​ ​មាន​វត្តមាន​ក្នុង​តំបន់​នេះ»​។

​លោក​បញ្ជាក់ថា តំបន់​បេ​តិក​ភណ្ឌ​ធម្មជាតិ​នេះ​មាន​ទិដ្ឋភាព​ព្រៃឈើ​ស្រស់ស្អាត រួមជាមួយ​​នឹង​តំបន់​ទឹកធ្លាក់​និង​ទីតាំង​ជំនឿ​ជាច្រើន​កន្លែង​។ ​ទាំងនេះ​បង្ហាញថា​ មាន​សក្តានុពល​ខ្ពស់​ទាំង​សម្បត្តិ​​ធនធានធម្មជាតិ​និង​ជំនឿ​ផ្សេងៗ ដែល​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​ទុក​​ឱ្យមាន​ជា​និរន្តរ៍​។​

​អ្នកស្រី​ គិ​ន ណា​រ៉ុង ម្ចាស់​​អាហា​រដ្ឋា​ន​មួយកន្លែង​នៅ​រម​ណី​យ​ដ្ឋា​ន​ផ្សោត​ព្រែក​កាំ​ពី តាំងពី​ឆ្នាំ ​២០០៨ បាន​ថ្លែងថា ដោយ​​សារ​សត្វ​ផ្សោត ​និង​តំបន់​ទេស​​ចរណ៍​នៅ​តំបន់​ព្រែក​កាំ​ពី​មាន​សភាព​ស្អាត ភ្ញៀវទេសចរ​​ជាតិ ​និង​អន្តរជាតិ​តែង​មកលេង​កម្សាន្ត និង​ជិះទូក​មើល​ផ្សោត​ក្នុង​តំបន់​នេះ ពិសេស​នៅ​ថ្ងៃ​សម្រាក​​ ឬ​ថ្ងៃបុណ្យ​ដោយ​ក្នុង ​១ ​ថ្ងៃ ​អាចមាន​ទេសចរ ១០០-២០០ ​នាក់​

​នៅមុន​មាន​ជំងឺ​កូ​វីដ ​១៩​។

​អ្នកស្រី​បានឱ្យដឹងថា ប៉ុន្តែ​ពេល​មាន​កូ​វីដ ​១៩ ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ ហើយ​ក្រោយ​​ពី​រដ្ឋាភិបាល​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ភ្ញៀវទេសចរ​​ទើប​មាន​ក្នុង ​១ ​ថ្ងៃ ប្រមាណ​ពី ​១០-២០ ​នាក់​ប៉ុណ្ណោះ​។

​អ្នកស្រីបាន​បញ្ជាក់ថា​៖ «​កាលពីមុន​មាន​ជំងឺ​កូ​វីដ​ ១៩ ១ ​ថ្ងៃ អាហា​រដ្ឋា​ន​ខ្ញុំ​អាច​ចំណេញ​បាន ៣០-៤០​ ម៉ឺន​ដែរ​។ ប៉ុន្ដែ​ក្រោយ​មានការ​រាតត្បាត​ពី​កូ​វីដ ១៩ យើង​រកចំណូលបាន​មិន​សូវ​ទៀងទាត់​ទេ ជួនកាល​ទៅ​​បាន​ ១០ ​ម៉ឺន ជួនកាល​ ២០​ ម៉ឺន​រៀល​អី​ដែរ​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ធ្វើជា​លក្ខណៈ​គ្រួសារ​ទេ មិនមាន​ជួល​បុគ្គលិក​ដូច​មុន​ទេ ដោយសារ​ចំណូល​តិចជាង​មុន​»៕

វីដេអូ៖