ភ្នំពេញៈ ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​និង​ជា​ប្រធាន គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា​(AICHR) ឆ្នាំ​ ២០២២​ នឹង​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣៥ រយៈពេល​៣​ថ្ងៃ​ ដែលបានចាប់ពីថ្ងៃទី ២១ ខែមិថុនា ដើម្បី​ពិនិត្យ ពិភាក្សា និង​ត្រៀម​អនុម័ត​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ទាក់ទិន​ការលើកកម្ពស់​សិទ្ធិមនុស្ស​ក្នុង​តំបន់​។

លោក ជិន ម៉ា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជាប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​លើក​ទី៣៥​ នេះ មាន​លក្ខណៈពិសេស ដោយ​ត្រូវ​ត្រៀម​នូវ​ឯកសា​ចំនួន​ ៣ ជាសំខាន់ ដើម្បី​ធ្វើការ​រាយការណ៍​ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរទេស​អាស៊ាន​នៅ​ខែសីហា ខាងមុខនេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​រទេស​អាស៊ាន ដែល​ដឹកនាំ​ដោយ ប្រធាន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោក ប្រាក់ សុខុន ហើយ AICHR ក៏​នឹងចូលរួម​កិច្ចប្រជុំ​នេះ​ផងដែរ​។

លោក ម៉ា​លីន ថ្លែងថា​៖ «​កិច្ចការងារ​ស្នូល​របស់​អាយ​ឆា ​(​ឬ​ AICHR) ​ផ្តោតលើ​ការអប់រំ ផ្សព្វផ្សាយ​លើកកម្ពស់​សិទ្ធិមនុស្ស គ្រប់​ប្រភេទ​ទាំងអស់​រួមមាន សិទ្ធិ​ស្រី្ត និង​កុមារ សិទ្ធិ​ជន​មាន​ពិការភាព ធុរកិច្ច និង ការបង្ការ​ទារុណកម្ម សេរីភាព​ជំនឿ សាសនា សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ទឹកស្អាត និង​អនាម័យ បម្រែបម្រួល​អាកាសធាតុ ការជួញដូរ​មនុស្ស សិទ្ធិ​ទទួលបាន​សេវា​សុខាភិបាល និង​សិទ្ធិ​ទទួលបាន​សញ្ញា​តិ​»​។

លោក​ថា កិច្ចប្រជុំ​នេះ​ក្រៅពី​ការអនុម័ត​របាយការណ៍​នានា នាពេល​កន្លងមក​ក៏​ជជែក​ពី​ផែន​ការដែល​ត្រូវ​រៀបចំ​ទៅមុខ​នៅ​ឆ្នាំ ២០២៣ និង​ផែនការ​របស់​ AICHR និង​ត្រៀម​ជួប​ដោយផ្ទាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​ ២ ខែសីហា ដែល​ធ្វើឡើង​នៅ​កម្ពុជា​។

លោកថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​ក៏មាន​ការជជែក​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​ជា​លក្ខណៈ​តំបន់​មិនមែន​ផ្តោត​សំខាន់​ទៅលើ​ប្រទេស​ណាមួយ​នោះទេ ដោយ​ផ្តោតទៅលើ បច្ចុប្បន្នភាព​ការវិវឌ្ឍ​ន៍​នៃ​សិទ្ធិមនុស្ស ការរីកចម្រើន និង​បញ្ហា​ប្រឈម​នានា​»​។

យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់ AICHR ចុះ​ថ្ងៃទី​ ២១ ខែមិថុនា​នេះ បានឱ្យដឹងថា កិច្ចប្រជុំ​លើក​ទី​៣៥ នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២១-២៣ ខែ មិថុនា ឆ្នាំ​ ២០២២​ ដោយមាន​ការចូលរួម​ពី​តំណាង AICHR នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន​។​

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា កិច្ចប្រជុំ​លើក​នេះ នឹង​ពិនិត្យ ពិភាក្សា និង​អាច​អនុម័ត​ទៅលើ​ឯកសារ​ជាច្រើន​រួមមាន របាយការណ៍​កំណត់ហេតុ​នៃ​កិច្ចប្រជុំ និង​សកម្មភាព​នានា​ដែល​បានរៀបចំ​ធ្វើ​នាពេល​កន្លងមក វឌ្ឍនភាព​នៃ​កម្មវិធី​នានា​ដែល​មិនទាន់បាន​អនុវត្ត​និង​របាយការណ៍​នៃ​កម្មវិធី​ដែល​បាន​អនុវត្ត​រួចហើយ ឯកសារ​ទស្សនទាន​ស្ដីពី​កម្មវិធី​និង​សកម្មភាព​អាទិភាព​របស់​ AICHR ដែល​គ្រោង​នឹង​អនុវត្ត​ក្នុង ឆ្នាំ ២០២២​។ ឯកសារ​សំខាន់​ចំនួន ៣ ដែល​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នា​ដើមខែ​សីហា ឆ្នាំ ​២០២២ រួមមាន ១ របាយការណ៍​ឆ្នាំ​ ២០២២ ​របស់ ​AICHR ទី​២ សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន ​AICHR​ ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង ​៣ កម្មវិធី​កម្ម និង​សកម្មភាព​អាទិភាព​របស់​ AICHR ​ឆ្នាំ​ ២០២៣​។

ក្រៅពីនេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣៥ ក៏​នឹងមាន កិច្ច​ជំនួប​ដាច់ដោយឡែក​ចំនួន ​២ រវាង AICHR​ ជាមួយ​គណៈកម្មាធិការ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អាស៊ាន និង​ជាមួយ​វេទិកា​នៃ​ស្ថាន​ប័ន​សិទ្ធិ​មនុស្សជាតិ​អាស៊ាន រួមទាំង​ការពិភាក្សា​ទៅ លើ​បញ្ហា​ផ្សេងៗ​ទៀត​។​

កិច្ចប្រជុំ​លើក​ទី​៣៤ ដែល​ប្រព្រឹត្តឡើង​កាលពី​ខែមីនា ឆ្នាំ ២០២២ បាន​ពិនិត្យ​លើ​ការអនុម័ត​របាយការណ៍​សង្ខេប​ចំនួន​ ៥ អំពី​សកម្មភាព របស់​ AICHR​ ក្នុង​ឆ្នាំ​ ២០២១ ពី​វឌ្ឍនភាព​ថ្មីៗ និង​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស របស់​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន បន្ត​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន​ជាច្រើន​នៃ​កម្មវិធី​អាទិភាព​របស់​AICHR​ដែល​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ​២០២២ ការពិភាក្សា​ពី​កម្មវិធី​អាទិភាព​របស់​AICHR​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ ២០២៣ ការរាយការណ៍​ពី​ការតាមដាន និង​វាយតម្លៃ​លើ​ក្របខណ្ឌ​ការងារ​នៃ​ផែនការ​ ៥ ឆ្នាំ​របស់ ​AICHR (២០២១-២០២៥)៕