The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការប្រើទូរស័ព្ទ​ពេល​បើកបរ ​ប្រឈមគ្រោះថ្នាក់​ចរាចរណ៍​ពី ៤ ទៅ ២៣ ​ដង​ បើធៀប​អ្នកបើកបរ​មិន​ប្រើទូរស័ព្ទ​

ការប្រើទូរស័ព្ទ​ពេល​បើកបរ ​ប្រឈមគ្រោះថ្នាក់​ចរាចរណ៍​ពី ៤ ទៅ ២៣ ​ដង​ បើធៀប​អ្នកបើកបរ​មិន​ប្រើទូរស័ព្ទ​

Content image - Phnom Penh Post
អ្នកបើកបរម៉ូតូ​ដឹកអីវ៉ាន់​​យក​ទៅ​ឱ្យ​អតិថិជន​ដែល​បញ្ជាទិញ​តាម​អនឡាញ នៅ​តាម​មហាវិថីព្រះមុនីវង្ស​នៅក្នុង​ខែ​មិថុនា​នេះ។ ពួកគាត់មួយ​ចំនួន​តែងប្រើទូរស័ព្ទ​ក្នុង​ពេល​កំពុង​បើកបរ។ ហុង មិនា

ការប្រើទូរស័ព្ទ​ពេល​បើកបរ ​ប្រឈមគ្រោះថ្នាក់​ចរាចរណ៍​ពី ៤ ទៅ ២៣ ​ដង​ បើធៀប​អ្នកបើកបរ​មិន​ប្រើទូរស័ព្ទ​

ភ្នំពេញ: បើទោះ​បី ជាមាន​ភាគ​រយទាប​ក្នុង​ចំណោម​កត្ដា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មនុស្សដែល​​ភាគ​ច្រើន​ផ្ដោតលើ​ការ​បើកបរ​ល្បឿនលឿន និង​ស្ថិ​ត​ក្នុង​សភាព​ស្រវឹង​ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អំឡុង​ពេល​បើកបរ​ក៏​ជា​កត្ដា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផងដែរ​ចំពោះ​សុវត្ថិ​ភាព​នៅ​លើ​ដង​ផ្លូវ​។

លោក​ស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​គណកម្មធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (គសចគ) បាន​ឱ្យ​ដឹង​ថា តាម​ការពិនិត្យ​ជាក់ស្តែងការ​និយាយ​ទូរស័ព្ទ​​នៅ​ពេល​កំពុង​បើក​បរ​នេះ​ គឺ​ពិន័យ​បាន​តិចតួច​ប៉ុណ្ណោះព្រោះ​អ្នក​ប្រើ​គាត់​ចេះ​ដែរ ដោយ​​ធ្វើ​ពេល​កំបាំងមុខ​ប៉ូលិស​។

លោកស្រី​លើក​ឡើង​ថា​៖ «​យើង​សង្ឃឹមលើ​ស្មារតី​របស់​អ្នក​ប្រើ​ផ្លូវ លើ​គ្រប់​វិធាន​ចរាចរ​ណ៍​ដើម្បី​សុវត្ថិភាព​គាត់ តែ​ពិបាក​ខ្លាំងណាស់​ ទើប​មាន​គ្រោះថ្នាក់​ច្រើន​។ ខាង​មន្ទីរ​សាធារណការ​ខេត្ត​ជាច្រើន គាត់​សកម្ម​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្ទើ​រៀងរាល់ថ្ងៃ​»។

លោកស្រីបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​១ ៧៤៣​ ករណី​ ប្រើ​ទូរស័ព្ទ​ពីថ្ងៃ​ទី ១ ខែ​​មករា​ ដល់​ថ្ងៃទី ៣១ ខែ​​ ឧសភា ​ឆ្នាំ ​២០២២ ស្មើ​ ១០​ ភាគរយ ​នៃ​ការ​ពិន័យ​លើ​បទ​ល្មើស​ផ្សេងៗ។ នេះ​តាម​ព័ត៌មាន​ពី​អគ្គស្នងការ​នគរ​បាល​ជាតិ​»។

នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​បាន​បង្ហោះ​សារ​ព្រមាន​ពីហានិភ័យ​គ្រោះថ្នាក់​​ចរាចរណ៍​ចំពោះ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អំឡុង​​ពេល​បើក​បរ​។

ទំព័រហ្វេសបុករបស់​នាយកដ្ឋាន​នេះ ​បាន​សរសេរ​ថា​៖ «​ការ​និយាយ​ទូរស័ព្ទ​ ដោយ​កាន់​នឹង​ដៃ​ផ្ទាល់​គឺ​មាន​ហានិភ័យ​គ្រោះថ្នាក់ ៤​ ដង និង​ការ​ផ្ញើ​សារ​គឺមាន​ហានិភ័យ​គ្រោះថ្នាក់ ២៣ ​ដង បើ​ធៀប​ទៅនឹង​អ្នក​បើកបរ​ដោយ​មិន​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​»។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​ ២០១៥ ត្រង់​ចំណុច​ទី៦ នៃ​មាត្រា​ទី៨ បាន​ចែង​ថា ហាម​ប្រើ​ប្រាស់​ទូរស័ព្ទ នៅពេល​កំពុង​បើកបរ​យានជំនិះ​​ ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង​។

លោក គីម បញ្ញា នាយក​អង្គការ​មូលនីធិ​បង្ការ​របួសអាស៊ី (AIP) បាន​ឱ្យដឹង​ថា​ ដោយ​សារ​របៀប​ប្រមូល​ព័ត៌មាន វា​មានវិធី​សាស្ដ្រ​ផ្សេងគ្នា។ ជាទូទៅ​ វិធីសាស្ដ្រ​ប្រមូល​ព័ត៌មាន​ ទាក់ទង​នឹង​មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​សារតែ​ការ​បើកបរ​​និយាយ​ទូរ​ស័ព្ទ​ មិនត្រូវ​បាន​ធ្វើ​គ្រប់​ជ្រុង​ជ្រោយ​ទេ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «តាម​ពិត វាមាន​ ដោយសារ​យើង​ឃើញ​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ការ​ពិន័យនូវ​អំពើ​ល្មើស​ទាក់ទង​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​មើល​ឃើញ​ថា មាន​ភាគ​រយ​ខ្ពស់​ដែរ ក្រៅពី​មូលហេតុ​ផ្សេង​ទៀត ដូចជា មិន​ពាក់​មួក​ជាដើម​»។

លោកបញ្ហាបាន​ឱ្យ​ដឹង​ថា ធាតុ​ផ្សំ​នៃការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មាន​ ៤ ប្រភេទ គឺកត្ដា​មនុស្សកត្ដា​យានយន្ដកត្ដា​ផ្លូវ​ថ្នល់ និង​កត្ដាផ្សេងៗ​។

លោក​បន្ដថា​ បើនិយាយ​ពី​កត្ដា​មនុស្សរួមទាំងការ​និយាយ​ទូរស័ព្ទ ការ​បើកបរ​មិន​ប្រកាន់​ស្ដាំ ការបើកបរ​លើស​ល្បឿន ឬ​ស្រវឹង​ជាដើម។ កត្ដា​យាន​យន្ដ ទាក់ទង​នឹង​ហ្វ្រាំងចង្កូត​។ កត្ដា​ផ្លូវ ដោយសារ​ផ្លូវ​វា​កោង​ពេកនិង​ចុង​ក្រោយ​កត្ដា​ផ្សេងៗ ដូចជាកត្ដា​អាកាស​ធាតុ​។

លោក​ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិថ្លែង​នៅ​ថ្ងៃទី​ ៦ ខែមេសា​ថា  ក្នុង​រយៈពេល​ ៣ ​ខែ​ឆ្នាំ​ ២០២២​ នេះយ៉ាង​ហោច​ណាស់ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៨៥៩​ លើក​ បណ្តាលឱ្យមាន​អ្នកស្លាប់​ ៤៨៦​ នាក់​ អ្នក​​របួសធ្ងន់​ ៧៧៩ ​នាក់ និង​របួសស្រាល ​៤៥៩ ​នាក់​។ តួលេខ​នេះ​ មានការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​ បើ​ប្រៀប​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២១។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​តាមរយៈ​លិខិត​អំពាវនាវ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពីខែមេសា​ ដោយ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រ​យាន​យន្ត​ទោះ​ជិត​ ឬ​ឆ្ងាយគ្រប់ពេលវេលានិង​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់​ខាត​។

លោក​បន្ដថា ជាមួយគ្នា​នោះ ពលរដ្ឋ​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ត្រូវគោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ចក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​និង​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​ឡើយ។

ក្នុង​ចំណោម​កត្ដា​គ្រោះ​ថ្នាក់​បង្ក​ដោយ​មនុស្សចំពោះ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អំឡុងពេល​បើកបរ ក្រុម​ដឹកជញ្ជូន​ម្ហូប​អាហារ ឬ​អីវ៉ាន់​ផ្សេងៗ ដែល​ទើប​រីកដុះដាល​ខ្លាំង​ក្នុង​សម័យ​កូវីដ ១៩ ក៏​បាន​ក្លាយជា​ក្ដី​កង្វល់​មួយ​ផង​ដែរ។

ដៃស្ដាំកាន់ចង្កូតម៉ូតូ​ ដែល​ដឹក​​ឃ្លប់ធំមួយ​ពីក្រោយ​ ​ខណៈ​ភ្នែក​រំពៃមើល​អេក្រង់​ទូរស័ព្ទ នៅលើ​ដៃ​ខាង​ឆ្វេង​​ និង​ក្រឡេក​មើល​អាសយដ្ឋាន​ផ្ទះ​អតិថិជន​ផង ជា​ទិដ្ឋភាព​រមែង​ប្រទះ​ឃើញ​ញឹកញយ​នៅតាម​ដង​ផ្លូវ​សាធារណៈ​។

លោក បញ្ញា បាន​បន្ដថា​៖ «​នៅក្នុងការ​បើកបរវា​ត្រូវការ​ឱ្យ​យើង​ផ្ចង់​អារម្មណ៍​ មើល​ផ្លូវ​ខាង​មុខនិង​សងខាងក្រែង​លោ​មាន​យានជំនះ​ និង​អ្នកបើកបរ​ផ្សេងៗ​មានការ​ធ្វេស​ប្រហែស​ណាមួយ​។ អ៊ីចឹងបើសិន​ជា​គាត់​ យក​ពេល​វេលា​របស់​គាត់​ ទៅ​និយាយ​ទូរស័ព្ទ គាត់​ពិបាក​ផ្ចង់​អារម្មណ៍​និង​ធ្វើ​ឱ្យ​ងាយ​គ្រោះថ្នាក់​មែនទែន​»។

លោក គង់ រតនៈ នាយកស្ដីទី វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា ​អ្វី​ដែល​មើលឃើញ​គឺថា ទង្វើ​​នេះ​ អត់​មាន​សុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ខ្លួន​ឯង​​ ហើយវា​ជាកិច្ចការ​មួយ​ប្រឈម​ ដែល​អាច​ជួប​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​។

លោក​បាន​ឱ្យដឹងថា មាន​ការ​​ចែក​គ្នា​ដាច់​រវាង​បញ្ញត្ដ​ច្បាប់ និង​ការ​អនុវត្ដ​ជាក់ស្ដែង ដោយសារ​ករណី​នេះ លោក​​ឃើញ​ថា វា​ទើប​​មាន​ការ​កើន​ឡើង​ជាង​មួយ​ឆ្នាំ ឬពីរឆ្នាំ​​ចុង​ក្រោយ​ នូវ​ក្រុម​ដឹកជញ្ជូន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដើម្បី​មើល​ផ្លូវ​ ទីតាំង​អតិថិជន​ ឬក៏ដើម្បី​ទាក់ទង​អតិថិជន​។

លោកបាន​និយាយ​ថា​ នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​បាន​ក្រើន​រំឭក​ ពីព្រោះ​តួនាទីអង្គភាព​នេះ ​មិន​មែន​ជាអ្នក​អនុវត្ដ​ច្បាប់​នោះទេ។ ប៉ុន្ដែ​បើ​សមត្ថកិច្ច​សម្រេច​ថា ត្រូវ​អនុវត្ដ​ច្បាប់ អ៊ីចឹង ពួកគេ​​ត្រូវ​ធ្វើ​តាម​បញ្ញត្ដិ​ច្បាប់​ហើយ។ អ្នកបើកបរ​​មិន​អាច​គេច​ផុត​ពីការ​ផាក​ពិន័យ​បាន​ទេ។

លោក រតនៈ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំគិត​ថា បង​ប្អូន​កំពុង​ប្រកប​របរ​សេវាកម្ម​ដឹក​ជញ្ជូន​ គួរ​តែ​ពិចារណាថា បើ​សិនជា​យើង​មាន​ធុរៈ ​ត្រូវ​ប្រើ​ទូរស័ព្ទ យើង​ត្រូវ​អែប​ខាង​ស្ដាំ​ឈប់ ប្រើប្រាស់​ទូរស័ព្ទ រួច​ទើប​បន្ដ​ដំណើរ​ទៅមុខ​ទៀត​។ បើយើង​បើកបរ​បណ្ដើរ ប្រើ​ប្រាស់​ទូរស័ព្ទ​បណ្ដើរ វា​បង្ក​ហា​និភ័យ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​»។

នាយក​អង្គការ​មូល​និធិ​បង្ការរបួស​អាស៊ី (AIP) លោក បញ្ញា បាន​ឱ្យដឹងថា ​អង្គការ​​​របស់​លោក​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទាំង​ប្រជាពលរដ្ឋ​ និង​ក្រុមគោលដៅ​ ក៏ដូចជា​ជំរុញ​ឱ្យ​ខាង​សមាគម​អ្នក​បើកបរមិន​ថា​យាន​យន្ដ​ដឹកជញ្ជូន​ទំនិញ ឬ​ដឹក​អ្នក​ដំណើរ មាន​​វិធានការ​ជាមួយ​អ្នក​បើកបរ​របស់​ខ្លួន ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ចំពោះ​អាយុជីវិត​ប្រជា​ពលរដ្ឋ​។ ​

យ៉ាង​ណាមិញ វាមិន​មែន​ជា​ករណី​កើត​ឡើង​ចំពោះ​អ្នក​ដឹកជញ្ជូន​ឈ្មោះ ជួន តារា​ នោះទេ​ ពីព្រោះ​ភ្នាក់ងារ​ចូល​បម្រើ​ការងារ​ ផ្នែក​ដឹកជញ្ជូន​អំឡុង​សម័យ​កូវីដ ១៩ នេះ បាន​ទទួល​ការ​បណ្ដុះបណ្ដាល និង​អនុវត្ដ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​បាន​ខ្ជាប់​ខ្ជួន​។

យុវជន តារា អាយុ ១៩ឆ្នាំ បម្រើ​ការងារ​ជា​អ្ន​កដឹក​ជញ្ជូន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា​៖ «​ពេល​ខ្ញុំ​ត្រូវ​មើល​ទូរស័ព្ទ និង​ទំនាក់​ទំនង​ជាមួយ​ភ្ញៀវ ខ្ញុំ​ត្រូវ​ឈប់​អែប​ខាង​កៀន​សិន»​។

ជា​អ្នក​បណ្ដុះបណ្ដាលការងារ​ដល់​បុគ្គលិក​ជាង ២ ០០០​ នាក់​នៅ​ទូទាំង​ប្រទេស លោក វីកៃ យ៉ាសិទ្ធិ ប្រធាន​ផ្នែក​គ្រប់​គ្រង​ភ្នាក់ងារ​ដឹកជញ្ជូនក្រុមហ៊ុន NHAM24 បាន​ឱ្យដឹងថា ក្រុមហ៊ុន​​តែងតែ​បណ្ដុះបណ្ដាល​បុគ្គលិក​តាំងពី​ថ្ងៃ​ចូល​ធ្វើការ​ដំបូងចំពោះការ​ដឹកជញ្ជូន​ម្ហូប​អាហារ និង​កញ្ចប់​អីវ៉ាន់​ ក៏ដូចជា​បណ្ដុះបណ្ដាល​​ទាក់ទង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ និង​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ត្រួសៗ​ផង​ដែរ​​។

លោក យ៉ាសិទ្ធិ អាយុ ២៨​ឆ្នាំ បាន​និយាយថា​៖ «យ៉ាងណា​មិញ បើគាត់​មាន​ការ​ធ្វេសប្រហែស ដោយ​ប្រើ​ទូរស័ព្ទ​ពេល​បើកបរ ត្រូវ​ប៉ូលិស​ចាប់​ផាក​ពិន័យ នេះ​ជា​រឿង​បុគ្គល​របស់​គាត់​ផ្ទាល់​ខ្លួន​ ដោយសារ​គាត់មិនបាន​ស្ដាប់​ការ​ណែនាំ​របស់​ក្រុមហ៊ុន​»។

ថ្វីដ្បិតតែ​បុគ្គលិក​មួយ​ចំនួន​ បាន​បំពាក់​ទូរស័ព្ទ​ភ្ជាប់​ទៅនឹង​ក្បាល​ម៉ូតូ​របស់ខ្លួន​ ដើម្បី​ងាយ​ស្រួល​មើល​ផែនទី និង​ចុច​ទាក់ទង​ភ្ញៀវ​យ៉ាង​ណាក៏ដោយ ក៏​ទង្វើ​នេះ​ នៅតែ​រំខាន​ដល់​ចរាចរណ៍​​ដដែល​។

លោក គង់ រតនៈ បាន​ឱ្យ​ដឹងថា ​ចំពោះ​ការបំពាក់​ទូរស័ព្ទភ្ជាប់​ក្បាល​ម៉ូតូ​ ជា​ទូទៅ វា​ក៏ជា​ការ​រំខាន​ដែរ​ ហើយ​សូម្បីតែ​ឡាន​ស៊េរី​ទំនើប ដែល​ពួកគេ​​ភ្ជាប់​បច្ចេកវិទ្យា​អេក្រង់​ក៏ដោយ ក៏ដូចគ្នា​។ អ្នកបើកបរមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​មើល​អ្វី​ផ្សេង​ក្រៅពី​ផ្លូវ​នោះទេ​ ពីព្រោះ​វាអាច​បាត់​បង់​ការ​ផ្ចង់​អារម្មណ៍​។ យ៉ាងណាមិញ វា​មិន​មាន​បញ្ញត្ដិ​ច្បាប់​ណា​ចែង​ថា ការ​ភ្ជាប់​ទូរស័ព្ទ​លើ​ក្បាល​ម៉ូតូ​នោះ ខុសឬត្រូវ​នោះទេ​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យឯក​រាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​លើក​ឡើង​ពី​ហេតុផល​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ App បើ​មិន​ប្រើ​ទូរស័ព្ទ​នោះទេ វាមិនអាច​ទៅរួច​ឡើយ​ លើក​លែង​តែពួកគេ​និយាយ​ទូរស័ព្ទ ហើយ​បើ​សិន​ជា​និយាយ​ទូរស័ព្ទ ពួកគាត់​ប្រាកដជា​ខុសច្បាប់​ហើយ​។

លោកបាន​និយាយថា​៖ «នេះជា​ចំណុច​មួយ ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម App ត្រូវ​តែ​បង្រៀន​ច្បាប់​បើកបរ​បន្ថែម​ទៀត​ទាក់ទង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​។ គាត់​លើក​និយាយ​នៅពេល​ភ្ញៀវ​ខលមក​ ត្រូវ​ពាក់​កាស​ ឬឈប់អែបកៀន​ ដើម្បី​ចៀស​វាងស​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ត្រូវបាន​ប៉ូលិស​ផាកពិន័យ​»។

លើសពីការ​និយាយ ការ​មើល និង​ចុច​ផ្ញើសារ​លើ​ទូរស័ព្ទ​កាន់តែ​ជះឥទ្ធិពល​អាក្រក់​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់ ២៣ ​ដង​ ដោយ​សារ​អ្នក​បើកបរ​ផ្ចង់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​អេក្រង់​ដ៏​តូច​។ នេះ​បើ​យោង​តាម​លោក គីម បញ្ហា នាយក​អង្គការ AIP។

លោក​បន្ដថា​​ ប៉ុន្ដែ​វា​ម្យ៉ាង​ម្នាក់​ទេ បើ​និយាយ​ទូរស័ព្ទទាក់ទង​រឿង​សប្បាយ ឬ​រឿង​រន្ធត់ ធ្វើ​ឱ្យ​អ្នក​បើកបរ​ងាយ​​មាន​បញ្ហា​ជ្រុល​ចង្កូត ឬ​ស្មារតី​ម្ចាស់​ការ​ក្នុង​ការបញ្ជា​យាន​យន្ដ​ដែរ។

លោក បញ្ញា បាន​បញ្ជាក់ថា​៖ «​យើង​ក៏​បាន​ស្នើ​សុំ​ដល់​ស្ថាប័ន​រដ្ឋាភិបាល ជាពិសេស នគរបាល​ចរាចរណ៍ គាត់​ដាក់​អនុវត្ដ​ច្បាប់​លើ​ការ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ ដែល​យើង​មើល​ឃើញ​ថា វាជា​បញ្ហា​ប្រឈម​ធំ​មួយ​។ ដូច្នេះ ហើយ ពួកគាត់​បាន​ដាក់​ការ​អនុវត្ដ​ច្បាប់​ទៅលើ​ចំណុច​នេះ ទោះបីជា​អំពើ​ល្មើស​ចរាចរណ៍​មាន​ច្រើន​ចំណុច តែ​ចំណុច​ត្រូវបាន​ចាប់​យកមក​អនុវត្ដជា​អាទិភាព​ ដូចជា​ម៉ូតូ​មាន ៧​ចំណុច និង​រថយន្ដមាន ៩​ចំណុច​ គឺមាន​ការ​និយាយ​ទូរស័ព្ទ​នេះ​មួយ​ដែរ»។

លោក​ គង់ រតនៈ ទទួល​ស្គាល់​ថា ​ចំពោះការផ្ញើសារ​ទូរស័ព្ទ​កំពុង​ពេល​បើកបរ​នេះ ពួកគាត់​កំពុង​តែ​ប្រព្រឹត្ដិ​ខុសហើយ។ វាជាឥរិយាបទ​ប្រកប​ដោយ​គ្រោះថ្នាក់​ជា​ទី​បំផុត​។

លោក​និយាយថា​៖ «ខ្ញុំ​សុំ​លើក​ទឹកចិត្ដ​ថា កុំ​ឱ្យ​មាន​ការ​មើល​សារ ឬ​​​ផ្ញើសារ​អំឡុង​ពេល​បើកបរ ទោះបីជា​ឡានក៏ដោយ ឬ​ម៉ូតូ​ក៏ដោយ ពីព្រោះ​វា​សុទ្ធតែ​បញ្ហា​ប្រឈមគ្រោះថ្នាក់ចរាចរណ៍​ទាំង​អស់​។ សម្រាប់​ខ្ញុំ ខ្ញុំ​លើកទឹ​កចិត្ដ​ឱ្យ​សមត្ថកិច្ច​គិតគូរ​ជូន​ដំណឹង រឹត​បន្ដឹង​ចំពោះ​ចំណុច​នេះ ពីព្រោះ​យើង​គិ​ត​ថា បើ​មាន​បញ្ហា​អ្វី​កើត​ឡើង យើង​មិន​អាច​និយាយ​ពាក្យ​ថា ស្ដាយ​ក្រោយ​នោះទេ​»។

លោក​បាន​បន្ថែមថា​៖ «ជា​ទូទៅ ប្រជាពលរដ្ឋ​តែងតែដឹងថា ការប្រើ​ប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​គឺជា​បញ្ហា​ហើយ តែ​ពួកគាត់​ច្រើន​តែ​ប្រហែស​។ អ៊ីចឹង បើសិនជា​សមត្ថកិច្ច​​ជូនដំណឹង​ថា គាត់​នឹង​រឹត​បន្ដឹង​រយៈ​ពេល​មួយ​ខែ​ទៀត ឬ​មួយ​អាទិត្យ ពីរ​អាទិត្យ ជាទូទៅ យើង​ឃើញ​មានចំណុច​ជា​ច្រើន​ទៀត ដែល​គាត់​ត្រូវ​រឹត​បន្ដឹង​ផ្អែក​តាម​ច្បាប់​។ ប៉ុន្ដែ​រដ្ឋាភិបាល​យើង​គាត់​តែងតែមាន​ការ​យោគ​យល់​ និង​​មិន​ធ្វើ​ការ​អនុវត្ដ​ច្បាប់​ទៅលើ​ចំណុច​អាទិភាព​មួយ​ចំនួន​នោះទេ​»។

លោកបាន​បន្ដ​ថា​៖ «​ដូច្នេះ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​អត់មាន​ប្រសិទ្ធភាព។ តាម​ពិត វា​មិន​មែន​ទាក់ទង​ច្បាប់ទេ តែវា​ទាក់ទង​ការ​អនុវត្ដ​ទៅតាម​បញ្ញត្ដិ​ច្បាប់ យើង​ធ្វើ​អត់​ទាន់​បាន​ ដោយសារ​វា​ប៉ះពាល់​ទៅលើ​កត្ដា​សេដ្ឋកិច្ច ជីវភាព​ជាដើម​ និង​ត្រូវការ​កែ​សម្រួល​ជា​ច្រើន​ទៀត​»៕

រាយការណ៍​បន្ថែម​ដោយ អោម ប៊ុនធឿន​

អត្ថបទគួរចាប់អារម្មណ៍