ព្រះសីហនុៈ ទូហ្គេម​គ្រប់​ប្រភេទ​ចំនួន ១៦៣ ទូ​ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​ ដុតបំផ្លាញ​ចោល កា​លពី​ថ្ងៃទី ២០ មិថុនា បន្ទាប់ពី​ប្រមូលបាន​ ពី​​ ១០ ទីតាំង នៅ​ក្រុង-ខេត្ត​ព្រះសីហនុ ចាប់​ពី​ដើមខែ​មករា ដល់​ខែ​មិ​ថុ​នា ឆ្នាំ ២០២២ នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្តព្រះសីហនុបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២១ មិថុនាថា នគរបាល ​ដោយមាន​ការសម្រប​សម្រួល​ផ្លូវច្បាប់​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានធ្វើ​ការដុត​កម្ទេច​ចោល ​នូវ​ប្រភេទ​ទូ​ហ្គេ​ម​ដែល​កម្លាំង​សមត្ថកិច្ច​របស់លោក​ប្រមូលបាន​ក្នុង ១០ ទីតាំង។

លោក​ថ្លែងថា៖ «ករណីនេះ ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ទូ​ហ្គេម​ទាំងនេះ​ គឺ​ខ្ញុំ​បានធ្វើ​ការអប់រំ​ដល់​ពួកគេ និង​ណែ​នាំ​ឱ្យឈប់​ប្រព្រឹត្ត​តទៅទៀត។ ជា​វិធាន​ការណ៍​យើង​នៅតែ​បន្ត​អនុវត្ត​ទៀត»។

បើតាម​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ការបង្ក្រាប​ទាំង១០ទីតាំង​នេះ ​គឺ​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ រឹបអូស​នូវ​ឧបករណ៍​ទូ​ហ្គេម​អេឡិចត្រូនិក​ខុសច្បាប់​ដែល​ចាប់​នៅ​អំឡុង​ខែមករា ដល់​ខែមិថុនា ឆ្នាំនេះ ហើយ​លោក​ទើប ធ្វើ​ការដុត​កម្ទេចចោល នៅ​ទីតាំង​ដី បឹង​ព្រែក​ទប់ ស្ថិត​ក្នុងភូមិ ១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ។

​វត្ថុតាង​​ទាំង​នោះ មាន​​តុ​ហ្គេម​បាញ់​ត្រី​មាន​ចំនួន ៤៥ គ្រឿង ទូ​ហ្គេម​ផ្សេងទៀត ចំនួន ១១៨ គ្រឿង​ដែល​សរុប​ចំនួន ១៦៣ គ្រឿង។

លោក សេក សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​ថ្លែង​ថា ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ទីតាំង គឺ​ត្រូវ​ទទួលខុសត្រូវ​ លើ​បញ្ហា​នេះ​ទាំងស្រុង ហើយ​សមត្ថកិច្ច ត្រូវ​បើក​ការស៊ើបអង្កេត និង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ឱ្យឃើញ រួច​រៀបចំ​ដោះស្រាយ​តាម​ប្រព័ន្ធ​ច្បាប់ (កុំ​ប្រព្រឹត្តិ​អំពើ​ពុករលួយ) មិន​មែន​ត្រឹម​តែយក​ទូហ្គេម​ទៅ​ដុតបំផ្លាញ​ចោល​នោះ​ទេ។ បើ​មិន​ដូច្នោះ​ទេ ទោះបី​សមត្ថ​កិច្ចខិតខំ​ដោះស្រាយបង្ក្រាប​​បញ្ហា​នេះ ១០០ ឆ្នាំ​ទៀត ក៏​​ដោះ​ស្រាយល្បែង​ហ្គេម​នេះ​​ មិន​អស់​​ដែរ ដោយសារតែ​កង្វះ​ការអនុវត្តន៍​ច្បាប់ និង​ការទទួលខុសត្រូវ​ រប​ស់​មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​។

លោក​បន្តថា វិធីសាស្ត្រ​បញ្ចប់​បញ្ហា​នេះ គួរ​​រៀបចំ​ជា​​ប្រព័ន្ធ​ តាមដាន​ការរកស៊ី​ខុសច្បាប់ (មាន​មេភូមិ អនុ​ភូមិ ជំនួយការ​ភូមិ) ត្រូវ​ចូលរួម​ទប់ស្កាត់​បញ្ហា​នេះ ដោយ​ធ្វើការ​រាយការណ៍​ពី​ទីតាំង​ទៅកាន់​សមត្ថកិច្ច ដើម្បី​បង្ក្រាប និង​ទប់ស្កាត់។

បើ​អាជ្ញាធរមូលដ្ឋាន​​មិនអាច​ធ្វើបាន ត្រូវធ្វើ​ការផ្លាស់ប្ដូរ​ចេញ ដាក់​អ្នកថ្មី​ជំនួស។ តែបើ​ខាង​ភូមិ​ប្រាប់​ហើយ សមត្ថកិច្ច មិន​ដោះស្រាយ ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​សមត្ថកិច្ច​នោះ​វិញ (ប្ដូរ​ចេញ) ដើម្បីឱ្យ​អ្នកមាន​សមត្ថភាព​ចូលទៅ​ធ្វើ​កិច្ចការ​នោះ។

បើតាម​លោក សុជាតិ ក្នុងករណី​មាន​អ្នកកាង​នៅ​ពីក្រោយ គឺ​មន្ត្រី​ថ្នាក់លើ មាន​មន្ត្រី​ស៊ីវិល សមត្ថកិច្ច ឬ​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​តាមដាន និង​ស៊ើប​អង្កេត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការយោគ​យល់ ឬ​លើក​លែង។

ថ្នាក់ដឹកនាំ​ណា ដែល​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទាំង​អស់នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ដោយ​ស្មើភាព​គ្នា បើ​មិន​ដូច្នោះ​ទេ បញ្ហា​ទាំងអស់ នឹង​មិនអាច​បង្ក្រាប ឬ​លុបបំបាត់​ពី​ក្នុង​សង្គមជាតិ​យើង​បានទេ។

លោកបញ្ជាក់ថា៖ «លើសពីនេះ ត្រូវ​​បណ្ដុះបណ្ដាល​ផ្នត់គំនិត​ប្រជា​សហគមន៍ ពិសេស​ក្មេង​ជំទង់ និង​យុវជន កុំឱ្យ​ចូលរួម​ប្រព្រឹត្តិ​អំពើ​មិនល្អ​ទាំងអស់នោះ និង​កៀរគរ​ឱ្យ​យុវជន និង​ក្មេង​ជំទង់​ទាំងអស់នោះ ជួយ​រាយការណ៍ និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់ ចូលរួម​ធ្វើជា​ក្មេង​ជំទង់​សហគមន៍​ល្អ និង​យុវជន​សកម្ម ដើម្បី​ផលប្រយោជន៍​ក្នុង​មូលដ្ឋាន»៕