​ភ្នំពេញៈ អាជ្ញាធរ​មីន និង ក្រសួងការបរទេស​ឥណ្ឌា នៅ​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២​ នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​គម្រោង​ផលប៉ះពាល់​រហ័ស​ទាក់ទង​នឹង​គម្រោង "​ភូមិ​គ្មាន​មីន ក្នុង​ខេត្តកោះកុង ប្រទេស​កម្ពុជា​" នៅ​សណ្ឋាគារ Hyatt Regency រាជធានី​ភ្នំពេញ​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា គម្រោង​នេះ​គ្របដណ្ដប់​លើ​ភូមិ​ចំនួន ៤ គឺ ភូមិ​តាំ​កន ភូមិ​ព្រលាន ភូមិ​ចំការលើ និង​ភូមិ​ថ្ម​ស ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ ១៨៥ គីឡូម៉ែត្រ​ការ៉េ​។ ជាមួយនឹង​ការគាំទ្រ​របស់​ឥណ្ឌា​ចំពោះ​គម្រោង​នេះ នឹង​ជួយ​ដោយផ្ទាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​ជិត ៨ ០០០ នាក់ ដែល​ក្នុងនោះ ៤ ០០០ នាក់​ជា​ស្ត្រី និង​កុមារ​។ ជួយ​ដោយ​ប្រយោល ដល់​ការរស់នៅ របស់​ប្រជាជន ៥ ១០០ នាក់​ផ្សេងទៀត ​ដែល​រស់នៅក្នុង​ឃុំ​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​។​

លោក​បន្តថា ប្រជាជន​ឥណ្ឌា​អាចមាន​មោទនភាព​ចំពោះ​អ្វីដែល​ពួកគេ​ធ្វើ​ដើម្បី​កុមារ​កម្ពុជា​អាច​ទៅ​សាលារៀន​ដោយ​គ្មាន​ការភ័យខ្លាច គ្រួសារ​អាច​ដាំបាយ​ដោយ​សុវត្ថិភាព ឪពុកម្តាយ​ត្រឡប់មកផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ជួប​កូនៗ​របស់​ពួកគេ​។​

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​លាក់បាំង​អារម្មណ៍​របស់ខ្ញុំ​បានទេ ប៉ុន្តែ​សូម​ទទួលស្គាល់ថា នេះ​គឺជា​ពេលវេលា​ដ៏​រំភើប​មួយ នៅពេលដែល​ប្រទេស​ឥណ្ឌា ដែលជា​មិត្ត​ដ៏​ពិសេស​របស់​យើង​ដែល​តាំងពី​យូរយារ​ណាស់​មកហើយ បាន​ចូលរួម​ជា មួយ​យើង​ក្នុង​ដំណើរ ឆ្ពោះទៅកាន់​ប្រទេស​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥ »​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ឲ្យ​ដឹង​ទៀតថា ដំណើរការ​នេះ កំពុង​លុបបំបាត់​ការគំរាមកំហែង​ទាំងអស់​នៅក្នុង​ភូមិ​ដែល​មិន​ត្រឹមតែ​ជួយ សង្គ្រោះ អាយុជីវិត​របស់​អ្នកទទួលផល​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​ជីវភាព​អ្នកភូមិ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កាន់តែ​ប្រសើរឡើង តែ​ប្រសិនបើ​មានការ​គំរាមកំហែង​នៅតែមាន វា​នឹង​រារាំង​ដល់​វឌ្ឍនភាព​នៅក្នុង​ភូមិ​។

លោក​បញ្ជាក់ថា កោះកុង​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី ១០ ៩៩០ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​ចំនួន ១២៥ ៩០២ នាក់​។ ខេត្ត​នេះ​មាន​ភូមិ​ចំនួន ១៣៣ ដែលមាន​គោលដៅ​ទេសចរណ៍​ជាច្រើន និង​សកម្មភាព​អភិវឌ្ឍន៍​កសិកម្ម រួមទាំង​ចម្ការ​ម្រេច និង​ស្វាយ​ផងដែរ ក្នុងនោះ​មាន​ ២៨​ ភូមិ​ដែលមាន​មីន​។​

លោក Rajkumar Ranjan Singh រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌាថ្លែងថា រដ្ឋាភិបាល​ឥណ្ឌាបានដឹង​អំពី​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​គ្រាប់មីន​មកលើ​ជីវិត​ប្រជាជន​កម្ពុជា ហើយ​ឥណ្ឌា​បាន​គាំទ្រ​កម្ពុជា​ជាប្រចាំ​ក្នុង​ប្រតិបត្តិ​ការដោះមីន និង​ចូលរួមចំណែក​ដល់​អង្គ​ការ អ៊ុនតាក់ (United Nations Tansitional Authority in Cambodia) ជំនួយ​ក្នុងការ​បោសសម្អាត​មីន រួមទាំង​កម្មវិធី​បណ្តុះ​បណ្តាល និង​ការយល់ដឹង​អំពី​មីន​ក្នុង​ឆ្នាំ​ ១៩៩២-១៩៩៣​។​

លោក​ថ្លែងថា​៖ «​យើង​ក៏បានផ្តល់​ការបណ្តុះបណ្តាល​ដល់​កង​យោធពលខេមរភូមិន្ទ​ក្នុង​ប្រតិបត្តិ​ការដោះមីន​ផងដែរ​។ អ្នកជំនាញ​របស់​យើង​មក កម្ពុជា​ជា​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ ​២០០៨ ដើម្បី​ធ្វើការ​ជាមួយ និង​បង្កើន​ជំនាញ​របស់​មន្ត្រី​កម្ពុជា​»។​

លោក​បន្តថា ឥណ្ឌា​ក៏បានផ្តល់​ឆ្កែ​រាវរក IED ចំនួន 15 ក្បាល​ ដល់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​ស​ង្រា​ម (NPMEC) ក្នុង​ឆ្នាំ ២០១៦ ហើយ​កំពុងដំណើរការ​ផ្តល់​អំណោយ​ដល់​សត្វ​ឆ្កែ​ចំនួន ៤ បន្ថែមទៀត ក្នុង ពេល​ឆាប់ៗ​នេះ​។ រដ្ឋាភិបាល​ឥណ្ឌា ក៏បានផ្តល់​ជំនួយឥតសំណង​ចំនួន ១,៥ លាន​ដុល្លារ​អាមេរិក សម្រាប់ លទ្ធកម្ម​ឧបករណ៍ ដោះមីន​ដល់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែល​ឥឡូវនេះ​យើង​កំពុងធ្វើការ​ជាមួយ CMAA ក្រោម​គម្រោង​ទាក់ទង​នឹង​ការបង្កើត​ភូមិ​គ្មាន​មីន​ចំនួន ៤ ក្នុង​ខេត្តកោះកុង ក្នុង​ជំនួយ​ទឹកប្រាក់ ​៤៩ ៥៥៤ ដុល្លារ​អាមេរិក ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍ ដោយផ្ទាល់ ដល់​ប្រជាជន​ជិត ៨ ០០០ នាក់ ដែល​រស់នៅ​ក្នុងភូមិ​ទាំងនេះ​»​។​

លោក​បញ្ជាក់ថា គម្រោង​នេះ​មាន​គោលបំណង​កំណត់​អត្តសញ្ញាណ និង​ការដក​យកចេញ​នូវ​គ្រាប់មីន និង​ជាតិ​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​។ ឥណ្ឌា​ក៏​កំពុងធ្វើការ​ជាមួយ CMAA កម្ពុជា ដើម្បី កំណត់​ផ្នែក​បន្ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ដោះមីន និង​សកម្មភាព​កម្ចាត់មីន​ដោយ​រីករាយ​ក្នុងការ​រួមចំណែក​ឆ្ពោះទៅរក​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងទិសដៅ​នេះ​៕