ភ្នំពេញៈ លោក ​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា មាន​ការលំបាក​ក្នុង​ការរក​កម្លាំង​ពលកម្ម ដើម្បី​ផ្គត់ផ្គង់​នៅតាម​សហគ្រាស និង​រោងចក្រ​កាត់ដេរ ខណៈ​អាជ្ញាធរ​នៅតាម​ព្រំដែន​បាន​និយាយថា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​បន្ត​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​បញ្ហា​ជីវភាព​ និង​ជំពាក់​បំណុល​គេ​។

លោក អ៊ិត សំហេង បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​​អត្រា​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​ជាង ៩៦ ​ភាគរយ ស្រប​ពេល​ដែល​កម្ពុជា​ក៏​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ទៅលើ​ផ្នែក​មួយចំនួន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​ពិបាក​រក​កម្លាំង​ពលកម្ម ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តាម​សហគ្រាស និង​រោងចក្រ​កាត់ដេរ​ស្បែកជើង និង​កសិកដ្ឋាន​ធំ ចម្ការចេក ចម្ការ​កៅស៊ូ​នៅ​ខ្វះ​កម្លាំង​ពលកម្ម នៅតាម​គ្រឹះស្ថាន សេវាកម្ម ធនាគារ ភោជនីយដ្ឋាន ក៏​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ដែរ អ៊ីចឹង​មាន​តម្រូវការ​ច្រើន​»​។

លោក​គូសបញ្ជាក់​ថា ស្រប​ពេលដែល​កម្ពុជា​នៅ​ខ្វះ​កម្លាំង ហើយ​នៅតែ​មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។

បច្ចុប្បន្ន​ពលរដ្ឋ​ខ្លះ​នៅតែ​លួច​ឆ្លងដែន​ខុសច្បាប់​ទាំង​គ្រួសារ​ទាំង​ប្តី​ប្រពន្ធ កូនតូចៗ ដោយ​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់ ដែល​បាន​សន្យា​រក​ការងារ​ឱ្យធ្វើ​នៅ​ថៃ​ជា​ថ្នូរ​នឹង​ការផ្តល់​ប្រាក់​ទៅឱ្យ​មេខ្យល់​ចន្លោះ​ពី ៧០០ ទៅ ១ ០០០ ​បាត​។

ការឆ្លងដែន​ខុសច្បាប់​ទាំងនោះ ប្រឈម​នឹង​ការឃាត់ខ្លួន​ពី​សំណាក់​កងកម្លាំង​ព្រំដែន​ទាំង​សងខាង និង​បញ្ហា​ផ្សេងៗ​ទៀត ខណៈ​កម្លាំង​ការពារ​ព្រំដែន​ទាំង​ខ្មែរ និង​ថៃ​បាន​រឹតបន្តឹង​នៅតាម​ព្រំដែន​ចាប់តាំងពី​មាន​ជំងឺ​កូវីដ​ ១៩​ រាតត្បាត​មក​។

មន្ត្រី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹងថា ជារឿយៗ បន្ទាប់ពី​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​ឆ្លើយថា គាត់​មិនមាន​លទ្ធភាព​ធ្វើ​លិខិត​ឆ្លងដែន​ស្របច្បាប់ ហើយ​ខ្លះ​ទៀតថា ដោយសារ​ជំពាក់​បំណុល​ធនាគារ​។

អ្នកស្រី ចាន់ វន្នី ជា​កសិករ​រស់នៅ​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ឱ្យ​ដឹងថា អ្នកស្រី​ និង​ប្តី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាំងពី​មុន​កូវីដ​ ១៩ រាតត្បាត ហើយ​បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​ខ្មែរ​វិញ បន្ទាប់ពី​កូវីដ​នៅ​ថៃ មាន​ការរីក​រាលដាល​ខ្លាំង​។ តាមពិត​អ្នកស្រី និង​ប្តី​មិន​ចង់ទៅ​ធ្វើការ​នៅ​ថៃ​ទាំង​ប្រថុយ​ប្រថាន​នោះទេ ប៉ុន្តែ​ដោយសារ​អត់​ជម្រើស​។

អ្នកស្រី​និយាយ​៖ «​ព្រោះ​ការដាំ​ដំឡូងមី​មិនបាន​ផល លិច​ទឹក​រលួយ​អស់ ហើយ​ជំពាក់​បំណុល​គេ​ច្រើន ដោយសារ​ខ្ចីលុយ​គេ​ទិញ​ជី ទិញ​ពូជ អ៊ីចឹង​មានតែ​ទៅ​ថៃ ដើម្បី​រក​ការងារ​ធ្វើ ហើយ​រកលុយ​មក​សង​គេ​»​។ អំឡុងពេល​នៅ​ថៃ​អ្នកស្រី​បាន​ធ្វើការ​នៅ​រោងចក្រ​ផលិត​ថង់​ដោយ​ទទួល​បាន​ប្រាក់កម្រៃ​ប្រមាណ ១ ​ម៉ឺន​បាត (​ប្រមាណ​ ២៨០ ​ដុល្លារ​អាមេរិក​) ​ក្នុង ១ ​ខែ​។ ប៉ុន្តែ​ក៏ត្រូវ​ចំណាយ​ច្រើន​ផងដែរ​ទៅលើ​ការស្នាក់នៅ និង​ការហូបចុក​។ ក្នុងនាម​ជា​ពលករ​ខុសច្បាប់​ដែលមាន​បទពិសោធ​បាន​សម្រេច​ចិត្ត​វិលត្រឡប់​មក​រស់នៅ​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​វិញ និង​ស្នើឱ្យ​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ថៃ គួរ​ធ្វើ​ទៅតាម​ស្របច្បាប់​។

អ្នកស្រី​ថា​៖ «​ពួកខ្ញុំ​ខុសច្បាប់​អ៊ីចឹង​គឺ​រស់នៅ​ពិបាក​ហើយ​បែប​លាក់លៀម​បំផុត​ ជាពិសេស​នៅពេល​តម្រួត​ថៃ​ចុះ​ត្រួតពិនិត្យ​ម្តងៗ​។ ធ្វើ​នៅ​ថៃ​អស់​រយៈពេល ៣ ​ឆ្នាំ​ហើយ​សល់​លុយ​តិចតួច ហើយ​ពេល​ត្រឡប់​មកវិញ បើ​ជួប​តម្រួត​ថៃ គេ​យក​លុយ​អស់​ទៀត អ៊ីចឹង​ខ្ញុំ​សម្រេច​ចិត្ត​រក​ការងារ​ធ្វើ​នៅ​ខ្មែរ​វិញ​ហើយ​»​។

ជាមួយ​គ្នានេះដែរ ពលករ​ ១ ​រូប​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​មុនពេល​ចូលឆ្នាំ​ខ្មែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​មិនមាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ឆ្លងដែន​តាម​ច្រក​ដែល​ស្របច្បាប់​ទៅ​ថៃ​វិញ​នោះទេ ដូច្នេះ​មានតែ​ទៅតាម​ច្រករបៀង​។

លោក​ថា​៖ «​ព្រោះ​បើ​ទៅវិញ​គេ​ត្រូវការ​លិខិត​ឆ្លងដែន និង​ឯកសារ​ផ្សេងៗ អ៊ីចឹង​ខ្ញុំ​ត្រឡប់​ទៅវិញ​មានតែ​តាម​ច្រករបៀង​ហើយ​ឱ្យ​អ្នក​នាំ​ផ្លូវ​ (​មេខ្យល់​) ៨ ០០០ ​បាត​»​។ លោក​បាន​រៀបរាប់​ថា​៖ «​ការឆ្លង​ដែន​ខុសច្បាប់ មិន​ងាយស្រួល​នោះទេ​បង ជួប​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​ស្ទឹង អូរ ឡើង​ភ្នំ​ចុះឡើង ពេលខ្លះ​ភ្លៀង​ធ្លាក់​រហូត​ក៏មាន តែ​ធ្វើ​ម៉េច​បើ​អត់​ជម្រើស​មានតែ​ប្រថុយ​»​។

គិត​ត្រឹម​រយៈពេល​ ១​ សប្តាហ៍ ដើមខែ​មិថុនា​នេះ ពលករ​ខ្មែរ​ជិត ៦០ ​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​សមត្ថកិច្ច​ទប់ស្កាត់​ទាន់ពេលវេលា និង​បាន​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​បែបនេះ ដែល​នឹង​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​។ ទាំងនេះ​គិត​ត្រឹមតែ​ច្រករបៀង​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​តែប៉ុណ្ណោះ មិន​ទាន់​រាប់បញ្ចូល​នៅតាម​ច្រករបៀង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់​នៅឡើយ​ទេ ដែលជា​រឿយៗ​តែងតែ​មាន​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។

លោក សួង សៅ មេបញ្ជាការ​វរសេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៥ នៃ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹងថា កម្លាំង​ព្រំដែន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ចំបក់ និង​កម្លាំង​យោធា​ផ្នែក​សឹក​រង​ក្រុង​ប៉ោយប៉ែត បាន​ចេញ​ប្រតិបត្តិការ​ក្នុង​ការទប់ស្កាត់​ពលករ​បាន​ជិត ៥៩ នាក់​ក្នុងនោះ​ស្រី ២១ ​នាក់ នា​ដើមខែ​មិថុនា​នេះ ខណៈ​ដែល​ពួកគេ​កំពុង​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។

លោក​ឱ្យដឹងថា ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅ​ស្រុក​ម៉ាឡៃ ដោយ​នៅ​ថ្ងៃទី​ ៦ ​មិថុនា ទប់ស្កាត់​បាន ១៥​ នាក់ និង​ថ្ងៃទី ​៤​ មិថុនា ទប់ស្កាត់​បាន​រហូតដល់ ៤៤ ​នាក់​។ លោក​បន្តថា​៖ «​ក្នុង​ចំណោម​ពលករ​ទាំងនោះ​មាន​មកពី​ខេត្ត​បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពត ព្រៃវែង ឧត្ដរមានជ័យ កំពង់ស្ពឺ និង​ត្បូងឃ្មុំ​ជាដើម ហើយ​ពលករ​ទាំងអស់ បន្ទាប់ពី​ធ្វើការ​សួរនាំ អប់រំ និង​ធ្វើ​ការសន្យា​រួច គឺ​បាន​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​រៀងៗ​ខ្លួន​»​។

នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាល​ទំនប់ លោក រឿម ប៊ុនរិទ្ធ មានប្រសាសន៍​ថា បច្ចុប្បន្ន​ពលករ​នៅតែ​បន្ត​លួច​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ ទោះបី​សមត្ថកិច្ច​ធ្លាប់​ផ្សព្វផ្សាយ​អប់រំ និង​បានដាក់​កម្លាំង​ការពារ​នៅ​ព្រំដែន​យ៉ាងណា​ក៏ដោយ​។

លោក​ថា​៖ «​សមត្ថកិច្ច​យើង ខំប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ទប់ស្កាត់ និង​បាន​ណែនាំ អប់រំ​គាត់​ឱ្យ​ទៅតាម​ច្រកព្រំដែន​ស្របច្បាប់ ព្រោះ​ទៅ​ច្រក​ខុសច្បាប់​វា​ប្រឈម​គ្រោះថ្នាក់​ច្រើន ដូចជា​ការ​គេច​ពី​សមត្ថកិច្ច ឬ​គ្រោះថ្នាក់​ផ្សេងៗ​»​។ តាម​អ្វីដែល​សមត្ថកិច្ច​សួរនាំ​កន្លងមក ពលករ​ទាំងនោះ​ភាគច្រើន​ថា មិន​មាន​លិខិត​ឆ្លងដែន និង​ខ្វះ​ថវិកា ទើប​ពួកគេ​សម្រេចចិត្ត​ឆ្លងដែន​ខុសច្បាប់​ទាំង​ប្រថុយ​ប្រថាន​។

លោក​ថា​៖ «​ខ្លះ​ជំពាក់​លុយ​ធនាគារ​ទើប​ពលរដ្ឋ​នៅតែ​លួច​ឆ្លងដែន ទោះបី​យើង​ខំ​ទប់ស្កាត់ អប់រំ​យ៉ាងណា ក៏​គាត់​នៅតែ​ឆ្លៀតពេល​លួច​ឆ្លងដែន ហើយ​គាត់​ជា​ពលរដ្ឋ​យើង អ៊ីចឹង​គ្រាន់តែ​អប់រំ​ណែនាំ​គាត់​ឱ្យទៅ​តាមផ្លូវ​ត្រូវ យើង​មិន​ធ្វើ​ទារុណកម្ម ដាក់ពិន័យ​ទេ​»​។

លោក ហម សំខាន់ អភិបាល​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បាន​ថ្លែងថា នៅក្នុង​ស្រុក​របស់​លោក ពលករ​ឆ្លងដែន​ខុសច្បាប់​ហាក់បី​ដូចជា​ថមថយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បើ​ប្រៀបធៀប​កាលពី​ផ្ទុះ​កូវីដ​ខ្លាំង​។

យ៉ាងណា​ក្តី លោក​ថ្លែង​ថា ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​ដោយសារ​កត្តា​ជីវភាព និង​ចង់​រកប្រាក់​កម្រៃ​បន្ថែម​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ លោក​ថា​៖ «​ពីមុន​មាន​លួច​ឆ្លងទៅ​ឆ្លង​មកហើយ​កន្លងមក​ដែល​យើង​បាន​សួរ​គាត់​ ដោយសារ​កត្តា​ជីវភាព គាត់​ត្រូវតែ​រកមុខរបរ និង​ការងារ​ផ្សេងៗ អ៊ីចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ទៅរក​ការងារ​ធ្វើ​នៅ​ថៃ​ ដោយសារ​គាត់​ចង់បាន​កម្រៃ​ខ្ពស់ អ៊ីចឹង​ត្រូវ​បង្ខំចិត្ត​ទៅ​ក្រៅ​»​។

លោក មឿន តុលា យក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស បាន​មាន​ប្រសាសន៍​ថា តាម​អ្វីដែល​លោក​ជួប​សម្ភាស​ជាមួយ​ពលករ​ទាំងនោះ ភាគច្រើន​កត្តា​ជីវភាព​ខ្វះខាត និង​បន្ទុក​ធំ​មួយ​ទៀត គឺ​ជំពាក់​បំណុល​ធនាគារ​។ លោក​ថា​៖ «​ទី​ ១ ទីផ្សារការងារ​យើង​នៅ​ចង្អៀត ទី​ ២ ដោយសារ​ពលករ​ទាំង​នោះ​នៅមាន​បន្ទុក​សងបំណុល​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូច្នេះ​ហើយ​ជម្រើស​មានតែ​មួយ​ទេ គឺ​ចំណាកស្រុក​នោះឯង​»​។

លោក​បន្តថា បច្ចុប្បន្ន ទោះបី​សេដ្ឋកិច្ច​ក្នុង​ស្រុក​មាន​ការ​ងើបឡើង​វិញ​បន្តិច​មែន ប៉ុន្តែ​ទីផ្សារការងារ​អត់​ទាន់​បាន​ទូលំទូលាយ​នៅឡើយ​ទេ ហើយ​ការងារ​ខ្លះ មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ពលរដ្ឋ​។

លោក​ថា​៖ «​ឧទាហរណ៍ ការងារ​នៅ​ការដ្ឋាន​សំណង់​នៅ​កម្ពុជា​ទទួល​បាន​ច្រើន​គួរសម​ដែរ ១ ​ថ្ងៃ​បាន ២ ​ម៉ឺន ឬ​លើសពីនេះ ប៉ុន្តែ​ការងារ​នេះ អត់​មាន​សន្តិសុខ​ការងារ​ជាក់លាក់​មាន​ន័យថា ពេល​គាត់​ឈប់សម្រាក ឬ​ឈឺ គឺ​អត់​មាន​ប្រាក់​ឈ្នួល​ទេ ប៉ុន្តែ​នៅ​ថៃ​គេ​មាន​»​។

លោក​បន្តថា មួយវិញ​ទៀត​ការចំណាយ​ប្រចាំថ្ងៃ​នៅក្នុង​ស្រុក​ខ្ពស់​មិនអាច​ឆ្លើយតប​ទៅនឹង​ប្រាក់ចំណូល​ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​សម្លឹងមើល​ការងារ​នៅ​ខាងក្រៅ​ច្រើន​ជាង​ការងារ​នៅក្នុង​ស្រុក​។

យ៉ាងណាក្តី លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ថ្លែងថា​៖ «​ទេ​សន្តរប្រវេសន៍​ការងារ​គឺជា​សិទ្ធិ ហើយ​ក៏​ជា​ឱកាស​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ដល់​ប្រជាជន អ៊ីចឹង​ទេ​គឺ​ការដែល​ចេញ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស គឺជា​ជម្រើស​មួយ​របស់​ប្រជាពលរដ្ឋ​។ យើង​ក៏​អំពាវនាវ និង​ជម្រាប​ជូនដំណឹង​ថា នៅក្នុង​ប្រទេស​មិន​ខ្វះ​ការងារ​ទេ ឱ្យតែ​បងប្អូន​ចង់​ធ្វើ ប៉ុន្តែ​ជម្រើស​របស់​គាត់​ចង់ទៅ​»​។

លោក​បាន​បន្តទៀតថា ក្រសួង​ការងារ​ក៏បាន​បង្កើត​នូវ​ប្រព័ន្ធ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន យុវជន យុវនារី កាន់តែ​ច្រើន​ចូលរួម​ការសិក្សា​អាច​បង្កើន​នូវ​សមត្ថភាព​ផ្ទាល់​របស់ខ្លួន​។

លោក​ថា​៖ «​អ្វីដែល​យើង​រំពឹងទុក​គឺថា យុវជន​ម្នាក់ ឬ​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​ ១ ​ជា​ក្តីសង្ឃឹម ដែល​យើង​អាច​គិតថា នឹង​មាន​អនាគត​ល្អ​ហើយ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​របស់​យើង​នឹង​បាន​បង្កើន​ឡើង ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​ទាក់ទាញ​ការវិនិយោគ​បរទេស​»៕